ពេលលោកលេអូ ផ្លាស(Leo Plass) មានអាយុ៩៩ឆ្នាំ គាត់បានទទួលបរិញ្ញាប័ត្រមហាវិទ្យាល័យ ពីសកលវិទ្យាល័យអូរីហ្គិន ខាងកើត(Oregon)។ គាត់បានឈប់រៀនយកសញ្ញាប័ត្រគ្រូបង្រៀន នៅសកលវិទ្យាល័យ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ដើម្បីទៅរកប្រាក់ចំណូលនៅក្នុងឧស្សាហ៍កម្មកាប់ឈើ។ ៧០ឆ្នាំក្រោយមក គាត់ក៏បានបន្តការសិក្សាបានក្រេឌីត៣ទៀត ដើម្បីឲ្យគាត់អាចបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ ហើយដោះស្រាយបញ្ហាដ៏សំខាន់ ដែលគាត់មិនទាន់បានបញ្ចប់ នៅក្នុងជីវិតគាត់។
ក្នុងចំណោមយើង មានមនុស្សជាច្រើនមានបញ្ហាដូចលោកលេអូដែរ។ បញ្ហាដែលយើងមិនទាន់បញ្ចប់ អាចជាបញ្ហាដែលយើងមិនទាន់បាននិយាយសុំទោសគេ ហើយបញ្ហាដែលសំខាន់បំផុតនោះ គឺការសម្រេចចិត្តខាងវិញ្ញាណដែលយើងមិនទាន់បានបញ្ចប់។ ចោរម្នាក់ ក្នុងចំណោមចោរដែលគេឆ្កាងជាមួយព្រះយេស៊ូវ បានដឹងខ្លួនថា គាត់ចាំបាច់ត្រូវសម្រេចចិត្តទទួលជឿទ្រង់។ ពេលដែលគាត់នៅសល់ដង្ហើមចុងក្រោយ គាត់ក៏បានដឹងថា ព្រះយេស៊ូវជានរណា ហើយចង់ទៅនៅជាមួយទ្រង់ក្នុងនគរស្ថានសួគ៌ដែរ។ គាត់បានទទួលស្គាល់ថា គាត់ជាមនុស្សមានបាប ហើយព្រះយេស៊ូវគ្មានទោសអ្វីសោះ ហើយគាត់ក៏ទូលទ្រង់ថា “ព្រះអម្ចាស់អើយ កាលណាចូលទៅក្នុងនគរទ្រង់ សូមនឹកចាំពីទូលបង្គំផង”(លូកា ២៣:៤២)។ ព្រះយេស៊ូវក៏បានមានបន្ទូលតបថា “ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ”(ខ.៤៣)។
ព្រះមិនសព្វព្រះទ័យឲ្យនរណាម្នាក់វិនាសឡើយ(២ពេត្រុស ៣:៩)។ សេចក្តីសង្រ្គោះរបស់ទ្រង់ គឺសម្រាប់ឲ្យមនុស្សម្នាក់ៗទទួល ដោយមិនប្រកាន់អាយុ សុខភាព ឬដំណាក់កាលនៃជីវិតឡើយ។ ការប្រទានសេចក្តីសង្រ្គោះនេះ គឺបើកចំហរសម្រាប់អ្នក។ សូមកុំរង់ចំាទទួលជឿព្រះយេស៊ូវ នៅពេលក្រោយឡើយ(២កូរិនថូស ៦:២)។ ចូរបញ្ចប់បញ្ហាដ៏សំខាន់នេះ ហើយអ្នកនឹងទៅរស់នៅជាមួយទ្រង់អស់កល្បជានិច្ច។–Jennifer Benson Schuldt