កាលពីពេលកន្លងទៅ ខ្ញុំបានឮគេនិយាយប្រាប់ខ្ញុំថា មានគេផ្សព្វផ្សាយនៅលើផ្ទាំងផ្សាយពាណិជ្ជកម្ម នៅតាមផ្លូវធំៗថា “ព្រះជាមិត្តភ័ក្រដែលមានតែក្នុងក្តីស្រមៃ ចូរទទួលស្គាល់ការពិត នោះជាការប្រសើរសម្រាប់យើងទាំងអស់គ្នា”។ ជាការពិតណាស់ អ្នកដែលហ៊ានសរសេរយ៉ាងដូចនេះ បានប្រៀបធៀបគ្រីស្ទបរិស័ទ ទៅនឹងកូនក្មេង ដែលបង្កើតឲ្យមានមិត្តភ័ក្រម្នាក់ នៅក្នុងការស្រមើស្រមៃរបស់ខ្លួន។ ប៉ុន្តែ តើព្រះគ្រាន់តែជាមិត្តភ័ក្រនៅក្នុងក្តីស្រមៃរបស់យើងឬ?
ជាការពិតណាស់ យើងមានភស្តុតាងបញ្ជាក់ថា ព្រះពិតជាមានមែន។ ចូរពិចារណាអំពីទ្រឹស្តីដែលមានដូចតទៅ : ការករកើតនៃពិភពលោក បានបង្ហាញថា ក្នុងសកលោកនេះ មានអ្នករចនាម្នាក់ ដែលបានបង្កើតរបស់សព្វសារពើមក(រ៉ូម ១:១៨-២០)។ សម្បជញ្ញៈរបស់មនុស្សជួយ ឲ្យមនុស្សដឹងខុសត្រូវ ហើយការនេះបង្ហាញថា មានអ្នកដាក់ក្រឹត្យវិន័យ នៅក្នុងសម្បជញ្ញៈរបស់យើង(រ៉ូម ២:១៤-១៥)។ ភាពប៉ិនប្រសប់ដែលយើងបង្ហាញចេញ នៅក្នុងតន្រ្តី និងសីល្បៈ ឆ្លុះបញ្ចាំងអំពីភាពប៉ិនប្រសប់ ដែលព្រះអាទិករមាន(និក្ខមនំ ៣៥:៣១-៣២)។ ព្រះគ្រីស្ទបានបើកសម្តែង ឲ្យយើងដឹងថា ព្រះមានលក្ខណៈដូចម្តេច តាមរយៈការយាងមកយកកំណើតជាមនុស្ស(ហេព្រើ ១:១-៤)។ ហើយការប្រកបស្និទ្ធស្នាលជាមួយព្រះវិញ្ញាណ ក្នុងចិត្តគ្រីស្ទបរិស័ទម្នាក់ៗ បង្ហាញពីភាពពិតរបស់ព្រះ(កាឡាទី ៥:២២-២៣)។
ព្រះគម្ពីរបានប្រាប់យើងថា នឹងមានអ្នកដែលបដិសេធមិនព្រមទទួលស្គាល់ ភាពពិតរបស់ព្រះ(២ពេត្រុស ៣:៤-៦)។ ប៉ុន្តែ លោកយ៉ាកុបបានរំឭកយើង អំពីភាពពិតរបស់ទ្រង់ និងការដែលអ្នកជឿព្រះក្នុងគ្រាសញ្ញាចាស់ បានធ្វើជាមិត្តសំឡាញ់ទ្រង់ គឺដូចដែលមានសេចក្តីចែងថា : “អ័ប្រាហាំបានជឿដល់ព្រះ ហើយសេចក្តីនោះ បានរាប់ជាសេចក្តីសុចរិតដល់លោក»ព្រះក៏ហៅលោកជាសំឡាញ់របស់ទ្រង់ដែរ” (យ៉ាកុប ២:២៣)។
តើអ្នកបានជួបព្រះដែលប្រោសលោះហើយឬនៅ? ទ្រង់បានប្រទានព្រះរាជបុត្រាទ្រង់ ឲ្យធ្វើជាមិត្តសំឡាញ់ដ៏ពិត និងអស់កល្បរបស់យើង(យ៉ូហាន ១៥:១៥)។–Dennis Fisher