ផឹកទឹកឲ្យបានច្រើន
ភ្ញៀវទេសចរណ៍ដែលទៅលេងរដ្ឋកូឡូរ៉ាដូ តែងតែមានបញ្ហាខ្វះជាតិទឹកដោយមិនដឹងខ្លួន។ អាកាសធាតុស្ងួត និងកំដៅព្រះអាទិត្យដ៏ខ្លាំង ជាពិសេសនៅលើភ្នំ អាចធ្វើឲ្យបាត់ជាតិទឹកក្នុងខ្លួនយ៉ាងឆាប់រហ័ស។ ហេតុនេះហើយបានជា នៅលើផែនទី និងស្លាកសញ្ញាសម្រាប់អ្នកទេសចរ មានពាក្យលើកទឹកចិត្តឲ្យពួកគេពិសារទឹកឲ្យបានច្រើន។ នៅក្នុងព្រះគម្ពីរ គេច្រើនតែប្រើទឹក ជានិមិត្តរូបនៃអង្គព្រះយេស៊ូវ ដែលជាទឹកដ៏រស់ ហើយអាចបំពេញសេចក្ដីត្រូវការដ៏ខ្លាំងបំផុតរបស់យើងបាន។ ដូច្នេះ នេះពិតជាស័ក្ដិសមបំផុត ដែលព្រះយេស៊ូវបានមានការសន្ទនា ដែលគួរឲ្យកត់សំគាល់បំផុត នៅឯអណ្ដូង (យ៉ូហាន ៤:១-៤២)។ ការសន្ទនានោះបានចាប់ផ្ដើមឡើង ពេលដែលព្រះយេស៊ូវសុំទឹកពីស្ត្រីសាសន៍សាម៉ារីម្នាក់ ដើម្បីសោយ(ខ. ៧)។ បន្ទាប់មក ព្រះយេស៊ូវក៏បានមានព្រះបន្ទូលទៅកាន់នាងថា “អស់អ្នកណាដែលផឹកទឹកនេះ[ខាងរូបសាច់] នឹងត្រូវស្រេកទៀត តែអ្នកណាដែលផឹកទឹកខ្ញុំឲ្យនោះ នឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(ខ.១៣-១៤)។ ការសន្ទនានេះបាននាំឲ្យស្រ្ដីម្នាក់នោះ និងមនុស្សជាច្រើន នៅក្នុងភូមិដែលនាងរស់នៅ បាននាំគ្នាជឿថា ព្រះយេស៊ូវ គឺជា “ព្រះគ្រីស្ទ ជាព្រះដ៏ជួយសង្រ្គោះមនុស្សលោក”(ខ.៤២)។ យើងមិនអាចរស់នៅដោយគ្មានទឹកបានទេ។ ហើយយើងក៏មិនអាចមានជីវិតដ៏ពិត នៅពេលឥឡូវនេះ ឬក្នុងពេលអស់កល្បជានិច្ច ដោយគ្មានទឹករស់ ដែលយើងទទួលបានមកពីការស្គាល់ដល់ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះអង្គសង្គ្រោះរបស់យើងបានឡើយ។ យើងអាចផឹកពីទឹករបស់ព្រះអង្គ ដែលប្រទានឲ្យមានជីវិត នៅថ្ងៃនេះបាន។—David McCasland
Read article