កាលភរិយារបស់ខ្ញុំនៅពីក្មេង លោកបណ្ឌិត ខា-ឡាយ ម៉ានេយ(Carlyle Marney) ជាអ្នកជិតខាង ជាគ្រូគង្វាល និងមិត្តភ័ក្ររបស់ក្រុមគ្រួសារ របស់នាង ដែលមានទីលំនៅ ក្នុងក្រុងអូស្ទីន រដ្ឋតិចសាស់។ លោកបណ្ឌិត ម៉ានេយ ធ្លាប់អធិប្បាយ អំពីការស្កប់ចិត្ត នៅក្នុងព្រះអម្ចាស់ថា “យើងគ្រាន់តែចាំបាច់ត្រូវជម្នះសេចក្តីប៉ងប្រាថ្នា ដោយពឹងលើជំនួយមកពីព្រះ នោះយើងនឹងមានការស្កប់ចិត្ត”។ ក្រុមគ្រួសាររបស់ភរិយាខ្ញុំ ក៏បាននឹកចាំអំពីការបង្រៀនរបស់គាត់ តាំងពីពេលនោះមក។
មនុស្សយើងងាយនឹងចង់បានអ្វីៗ លើសពីតម្រូវការ និងងាយផ្តោតទៅលើការទទួល ជាជាងការឲ្យ។ មិនយូរប៉ុន្មាន យើងក៏ធ្វើការសម្រេចចិត្ត តាមសេចក្តីប៉ងប្រាថ្នារបស់យើង។ ពេលដែលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅក្រុងភីលីព គាត់បានប្រាប់ពួកគេថា “ខ្ញុំបានរៀនឲ្យមានការស្កប់ចិត្ត ក្នុងសណ្ឋានគ្រប់យ៉ាង ខ្ញុំធ្លាប់ទ្រាំឲ្យមានសេចក្តីចង្អៀតចង្អល់ ហើយក៏ធ្លាប់មានសេចក្តីរីករាយដែរ ខ្ញុំធ្លាប់ទាំងឆ្អែត ទាំងឃ្លាន ទាំងមានទាំងខ្វះ ក្នុងសារពើទាំងអស់ហើយ”(ភីលីព ៤:១១-១២)។ ត្រង់ចំណុចនេះ សាវ័កប៉ុលកំពុងតែប្រាប់យើងថា គាត់បានជម្នះសេចក្តីប៉ងប្រាថ្នារបស់គាត់ហើយ។ យើងចាំបាច់ត្រូវកត់ចំណាំថា គាត់មិនមានចិត្តស្កប់ស្កល់ពីកំណើតឡើយ។ តែគាត់បានរៀន ស្កប់ចិត្ត ក្នុងស្ថានភាពពិបាកៗ ក្នុងជីវិតប្រចាំថ្ងៃ។
ក្នុងអំឡុងរដូវកាលនៃបុណ្យណូអែល ក្នុងឆ្នាំនេះ ពេលប្រទេស និងវប្បធម៌ជាច្រើន កំពុងតែផ្តោតទៅលើការទិញឥវ៉ាន់ នោះហេតុអ្វីបានជាយើងមិនសម្រេចចិត្ត ផ្តោតទៅលើការស្កប់ចិត្ត នឹងស្ថានភាពរបស់យើង ក្នុងពេលបច្ចុប្បន្ន? ស្តាប់មើលទៅ ការនេះហាក់ដូចជាមិនងាយស្រួលធ្វើទេ ប៉ុន្តែ សាវ័កប៉ុលបានមានប្រសាសន៍ អំពីការរៀនស្កប់ចិត្តថា “ខ្ញុំអាចនឹងធ្វើគ្រប់ទាំងអស់បាន ដោយសារព្រះគ្រីស្ទដែលទ្រង់ចំរើនកំឡាំងដល់ខ្ញុំ”(ខ.១៣)។—David McCasland