មានប្រជាជន១៣គ្រួសាររស់នៅក្បែរផ្ទះខ្ញុំ។ ជារៀងរាល់ឆ្នាំ ពួកគេតែងតែដាក់ភ្លើងស្តុប៣០ម៉ឺនអំពូល ដែលបញ្ចេញពន្លឺដ៏គួរឲ្យគយគន់ សម្រាប់តាំងលម្អ ក្នុងពិធីបុណ្យណូអែល។ មនុស្សម្នាបានបើកឡានអស់ជាច្រើនគីឡូម៉ែត្រ មកតម្រង់ជួរអស់ជាច្រើនម៉ោង ដើម្បីរង់ចាំមើលភ្លើងពណ៌បញ្ចេញពន្លឺភ្លិបភ្លែត ព្រមទាំងស្តាប់តន្រ្តីដែលគេបានរៀបចំ ឲ្យត្រូវនឹងចង្វាក់ភ្លើងពណ៌នោះ។ ការពិពណ៌ភ្លើងពណ៌ អមដោយបទភ្លេងនេះ មានភាពស្មុគ្រស្មាញណាស់ ព្រោះគេបានតបណ្តាញកំព្យូទ័រចំនួន៦៤គ្រឿង ដើម្បីធ្វើឲ្យអ្វីៗមានភាពស៊ីសង្វាក់គ្នា។
ពេលដែលខ្ញុំគិតអំពីពន្លឺភ្លើង ក្នុងពិធីបុណ្យ ខ្ញុំបាននឹកចាំអំពីពន្លឺ ដែលបានធ្វើឲ្យពីធីបុណ្យណូអែល ក្លាយជាពិធីបុណ្យដែលមនុស្សជាច្រើនបានប្រារព្ធធ្វើ ដែលពន្លឺនោះ ជាដួងពន្លឺតែមួយ ដ៏ភ្លឺចិញ្ចាច ដែលបំភ្លឺលោកិយទាំងមូល ដោយសេចក្តីពិត យុត្តិធម៌ និងសេចក្តីស្រឡាញ់។ ពន្លឺនោះ ជាអង្គព្រះយេស៊ូវគ្រីស្ទ ដែលលោកិយត្រូវការ និងបានរង់ចាំ(អេសាយ ៩:២,៦-៧)។ ព្រះអង្គបានប្រាប់អ្នកដើរតាមព្រះអង្គ ឲ្យបញ្ចេញពន្លឺរបស់ព្រះអង្គ ដល់អ្នកដទៃ ដើម្បីឲ្យពួកគេបានឃើញ ហើយថ្វាយសិរីល្អដល់ព្រះ (ម៉ាថាយ ៥:១៦)។
គ្រួសារទាំងឡាយ ដែលជាអ្នកជិតខាងរបស់ខ្ញុំ បានតុបតែងភ្លើងពណ៌បុណ្យណូអែល នៅតាមដងផ្លូវរបស់ពួកគេ តែបើសិនជាគ្រីស្ទបរិស័ទ បានខិតខំធ្វើការបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងរស់នៅស្របតាមពន្លឺនោះ នោះមនុស្សម្នាដែលកំពុងរស់នៅក្នុងភាពងងឹត ប្រហែលជាខំទៅរកពន្លឺដ៏អស្ចារ្យនោះផងដែរហើយ។ ពេលដែលគ្រីស្ទបរិស័ទរួបរួមគ្នាបញ្ចេញពន្លឺនៃសេចក្តីស្រឡាញ់របស់ព្រះ នោះដំណឹងល្អនឹងបញ្ចេញពន្លឺកាន់តែចិញ្ចែងចិញ្ចាច ហើយនាំមនុស្សកាន់តែច្រើន ឲ្យមកឯព្រះយេស៊ូវ ដែលជាពន្លឺនៃលោកិយ។—Julie Ackerman Link