កាលពីឆ្នាំទៅ យើងស្មានថា កម្មវិធីបុណ្យណូអែលរបស់យើងត្រូវបានលប់ចោលទៅហើយ។ ជាការពិតណាស់ កាលនោះយើងបានគ្រោងធ្វើដំណើរ ទៅជួបជុំក្រុមគ្រួសារយើង ក្នុងរដ្ឋមីសូរី តែជើងហោះហើររបស់យើងត្រូវបានលប់ចោល ដោយសារមានព្រឹលធ្លាក់។ គ្រួសារខ្ញុំមានប្រពៃណីទៅជួបជុំគ្នា ដើម្បីប្រារព្ធពិធីបុណ្យណូអែលប្រចាំគ្រួសារ រៀងរាល់ពីរបីឆ្នាំម្តង ប៉ុន្តែ ឆ្នាំមុន ពេលយើងរង់ចាំធ្វើដំណើរបន្តពីរដ្ឋមិននេសូតា ទៅរដ្ឋមីសូរី ជើងហោះហើររបស់យើងត្រូវលប់ចោល ដូចនេះ យើងត្រូវត្រឡប់ទៅផ្ទះវិញ។ ពេលនោះយើងមានការខកចិត្តខ្លាំងណាស់។
កាលពីថ្ងៃអាទិត្យមុន លោកគ្រូគង្វាលរបស់យើងបានអធិប្បាយ អំពីការរំពឹងចង់បានពីពិធីបុណ្យណូអែល។ ខ្ញុំមានការប៉ះពាលចិត្តណាស់ ពេលដែលគាត់មានប្រសាសន៍ថា “បើសិនជា ក្នុងពិធីបុណ្យណូអែល យើងរំពឹងចង់បានអំណោយពីញាតិមិត្ត និងការជួបជុំគ្នាក្នុងក្រុមគ្រួសារ នោះមានន័យថា យើងមានការរំពឹងចង់បានតិចពេកហើយ។ ការទទួលអំណោយពីញាតិមិត្ត និងការជួបជុំគ្នា នាំមកនូវក្តីអំណរ និងជាការដែលយើងគួរអរព្រះគុណព្រះ ប៉ុន្តែ ពិធីបុណ្យណូអែល ជាការអបអរការយាងមកនៃព្រះគ្រីស្ទ និងអបអរការប្រោសលោះរបស់ព្រះអង្គ”។
លោកស៊ីម្មាន និងអ្នកស្រីអាន បានអបអរការយាងមកចាប់កំណើតនៃអង្គព្រះយេស៊ូវ និងអបអរសេចក្តីសង្រ្គោះរបស់ព្រះអង្គ ពេលដែលលោកយ៉ូសែប និងនាងម៉ារា នាំព្រះឱរសយេស៊ូវ ចូលក្នុងព្រះវិហារ(លូកា ២:២៥-៣៨)។ លោកស៊ីម្មានបានទទួលការបើកសម្តែង ពីព្រះវិញ្ញាណបរិសុទ្ធថា គាត់នឹងមិនស្លាប់ឡើយ ទាល់តែគាត់បានឃើញព្រះមែស៊ីជាមុនសិន បានជាគាត់ប្រកាស់ថា “ភ្នែកទូលបង្គំបានឃើញសេចក្តីសង្គ្រោះរបស់ផងទ្រង់”(ខ.៣០)។ ចំណែកឯអ្នកស្រីអាណ ដែលជាស្រ្តីមេម៉ាយ ដែលបម្រើព្រះវិញ គាត់ក៏បានឃើញព្រះឱរសយេស៊ូវ ហើយ “ក៏ប្រកាសប្រាប់ពីព្រះអង្គ ដល់អស់អ្នកដែលនៅរង់ចាំសេចក្តីប្រោសលោះ នៅក្រុងយេរូសាឡិម”(ខ.៣៨)។
យើងប្រហែលជាមានការខកចិត្ត ឬឈឺចិត្ត ដោយសារប្រការណាមួយ ក្នុងអំឡុងរដូវកាលនៃបុណ្យណូអែល តែព្រះយេស៊ូវ និងសេចក្តីសង្រ្គោះរបស់ព្រះអង្គ នៅតែជាមូលហេតុដែលយើងត្រូវអបអរសាទរពិធីបុណ្យណូអែលជានិច្ច។—Anne Cetas