ទន្លេឈិកាហ្គោ មានភាពមិនប្រក្រតី ដោយសារវាហូរបញ្ច្រាសទិស។ ក្រុមវិស្វករបានបង្វែរទិសដៅរបស់វា ឲ្យហូរបញ្រ្ចាសយ៉ាងដូចនេះ អស់ជាងមួយសតវត្សរ៍ហើយ ដោយសារប្រជាពលរដ្ឋ ដែលរស់នៅក្នុងទីក្រុងឈីកាហ្គោបានបំពល់ទឹកទន្លេនេះ។ គេបានបង្ហូរទឹកលាងចាន ទឹកលូ និងកាកសំណង់រោងចក្រ ចូលទៅក្នុងទន្លេនេះ ហើយទន្លេនេះហូរចូលបឹងមីឈីហ្គិន។ ដោយសារបឹងនេះជាប្រភពទឹកប្រើប្រាស់សម្រាប់ទីក្រុង មានប្រជាពលរដ្ឋរាប់ពាន់នាក់មានជម្ងឺ និងបាត់បង់ជីវិត ដោយសារទឹកកក្វក់នោះ ហេតុនេះហើយ អាជ្ញាធរក្រុងក៏បានសម្រេចចិត្ត ផ្លាស់ប្តូរទិសដៅទឹកទន្លេ ឲ្យហូរបញ្រ្ចាស ចេញពីបឹងនោះវិញ។
យ៉ាងណាមិញ ពេលយើងក្រឡេចមកមើលដំណើរជីវិតរបស់ព្រះយេស៊ូវ ក្នុងលោកិយនេះ យើងប្រហែលជាគិតថា ព្រះអង្គហាក់ដូចជាមានដំណើរជីវិតដែលបញ្រ្ចាសថយក្រោយ ខុសពីការរំពឹងគិតរបស់យើង។ ព្រះអង្គជាព្រះដ៏មានសិរីល្អ តែព្រះអង្គបានយាងចុះមកផែនដី ដើម្បីប្រសូត្រជាទារក ដែលងាយនឹងរងគ្រោះ។ ព្រះអង្គជាព្រះដែលយាងមកយកកំណើតជាមនុស្ស ដូចនេះ ពេលដែលព្រះអង្គប្រកាស់ថា ព្រះអង្គជាព្រះ គេបានចោទព្រះអង្គ ថាបានពោលពាក្យប្រមាថព្រះ។ ព្រះអង្គប្រសូត្រមកជាមនុស្សដែលគ្មានបាប ឬគ្មានកំហុសអ្វីទាល់តែសោះ តែគេបានឆ្កាងព្រះអង្គ ដូចឧក្រឹដ្ឋជន។ ប៉ុន្តែ ព្រះអង្គបានរស់នៅក្នុងលោកិយ តាមបំណងព្រះទ័យព្រះ(យ៉ូហាន ៦:៣៨)។ ពេលដែលយើង យកតម្រាប់តាមព្រះយេស៊ូវ ក្នុងនាមជាអ្នកដើរតាមព្រះអង្គ លោកិយគេអាចគិតថា យើង“កំពុងមានដំណើរថយក្រោយ”។ ការឲ្យពរដល់ខ្មាំងសត្រូវរបស់យើង(រ៉ូម ១២:១៤) ឲ្យតម្លៃការគោរពប្រតិបត្តិព្រះ ឲ្យបានខ្លាំងជាងទ្រព្យសម្បត្តិ(១ធីមូថេ ៦:៦-៩) និងការមានអំណរ ក្នុងពេលរងទុក្ខលំបាក(យ៉ាកុប ១:២) ហាក់ដូចជាផ្ទុយពីទស្សនៈរបស់លោកិយ។ តែព្រះយេស៊ូវមានបន្ទូលថា “អ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានវិញ”(ម៉ាថាយ ១៦:២៥)។
ដូចនេះ ចូរយើងកុំបារម្ភអ្វីឡើយ បើសិនជា ការរស់នៅរបស់យើងហាក់ដូចជាមានដំណើរថយក្រោយ ខុសពីគំនិតរបស់លោកិយនោះ។ ព្រះនឹងប្រទានកម្លាំង ឲ្យយើងរស់នៅថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ហើយព្រះអង្គនឹងជួយឲ្យយើង មានដំណើរឈានទៅមុខទៀត។—Jennifer Benson Schuldt