មានពេលមួយ ជូលា ចៅស្រីរបស់ខ្ញុំ បានចំណាយពេលក្នុងរដូវក្តៅ ទៅធ្វើការ ក្នុងមណ្ឌលកុមារកំព្រាមួយកន្លែង ក្នុងក្រុងប៊ូសៃ ប្រទេសយូហ្កាន់ដា។ ក្នុងថ្ងៃចុងក្រោយ នៃការចុះកម្មសិក្សារបស់នាង នៅទីនោះ នាងបានទៅលាក្មេងៗ ក្នុងមណ្ឌលកុមារកំព្រានោះ។ មានក្មេងស្រីតូចម្នាក់ ឈ្មោះស៊ូម៉ាយ៉ា មានទឹកមុខក្រៀមក្រំណាស់ ហើយក៏បាននិយាយប្រាប់នាងថា “ថ្ងៃស្អែក អ្នកមីងទៅចោលពួកខ្ញុំហើយ ហើយអាទិត្យក្រោយ អ្នកមីងផ្សេងទៀត(ដែលមកចុះកម្មសិក្សា) ក៏ទៅចោលពួកខ្ញុំដែរ”។ ពេលនោះ ជូលាក៏បានតបថា នាងពិតជាត្រូវចាកចេញមែន។ ស៊ូម៉ាយ៉ាក៏បានឈរគិតមួយសន្ទុះ ហើយក៏លាន់ម៉ាត់ថា “ប៉ុន្តែ អ្នកមីងក៏ទៅ អ្នកមីងផ្សេងទៀតក៏ទៅ ចឹងទៅចោលពួកខ្ញុំអស់ហើយ”។ ជូលាក៏បានតបថា នេះជាការពិតមែន។ ប៉ុន្តែ ក្មេងស្រីតូចម្នាក់នេះក៏បានគិតមួយសន្ទុះ ហើយនិយាយទៀតថា “តែព្រះអង្គនឹងនៅតែគង់នៅជាមួយយើងជានិច្ច ដូចនេះ យើងមិនមានអារម្មណ៍ទទេឡើយ”។
ត្រង់ចំណុចនេះ យើងរាល់គ្នាសុទ្ធតែអាចយល់អំពីអារម្មណ៍ទទេ។ ទោះបីជាមនុស្សមានទំនាក់ទំនង មានស្នេហា ទំនាក់ទំនងផ្លូវភេទ លុយ អំណាច ប្រជាប្រិយភាព ឬមានជ័យជម្នះច្រើនយ៉ាងណាក៏ដោយ ក៏នៅតែមិនអាចជម្នះអារម្មណ៍ទទេនេះបានឡើយ ព្រោះវាជាសេចក្តីប៉ងប្រាថ្នាចង់បានរបស់អ្វីមួយដែលយើងគិតថា មានតម្លៃ ដែលមិនអាចបរិយ៉ាយ និងកាត់ថ្លៃបាន ប៉ុន្តែ របស់នោះមិនស្ថិតស្ថេរសោះឡើយ។ ពេលណាយើងបានរបស់ល្អហើយ យើងកាន់តែមានចិត្តចង់បានរបស់ដែលល្អជាងនោះទៀត។ យើងប្រហែលជារកបានរបស់ដែលល្អជាងនោះ ឬអាចគ្រាន់តែស្រម៉ៃថា បានរបស់នោះនៅក្នុងដៃ ប៉ុន្តែ មិនយូរ មិនឆាប់ វាក៏បាត់ចេញពីមុខយើងទៅ។ ហេតុនេះហើយបានជាលោកស៊ីអេស លូវីស(C.S. Lewis) មានប្រសាសន៍ថា “បើយើងចេះតែចង់បានហើយចង់បានទៀត នោះអ្វីដែលយើងមានច្រើនបំផុត គឺសេចក្តីប៉ងប្រាថ្នា”។
ព្រះបានបង្កើតយើងមក សម្រាប់ព្រះអង្គទ្រង់ ហើយនៅទីបញ្ចប់ ក្រៅពីព្រះអង្គ គ្មានអ្វីដែលអាចធ្វើឲ្យយើងស្កប់ចិត្តបានទេ។ បើសិនជាគ្មានព្រះអង្គទេ យើងនៅតែមានអារម្មណ៍ទទេជានិច្ច។ មានតែព្រះអង្គទេ ដែលចម្អែតអ្នកស្រេកឃ្លាន ដោយអាហារល្អៗ(ទំនុកដំកើង ១០៧:៩)។—David Roper