ក្នុងមជ្ឈិមសម័យ កសិករទាំងឡាយមើលថែរស្រែចំាការរបស់ខ្លួន តែពេលដែលពួកគេឃើញខ្មាំងសត្រូវលើកទ័ពមកឈ្លានពានពីចម្ងាយ ពួកគេក៏ទុកការងារស្រែចំការចោល ដើម្បីនាំក្រុមគ្រួសាររត់គេចចូល ក្នុងទីក្រុងដែលមានកំផែងការពារព័ទជុំវិញ ដើម្បីទទួលការការពារឲ្យរួចផុតពីពួកខ្មាំងសត្រូវ ដ៏គ្រោះថ្នាក់នោះ។ យ៉ាងណាមិញ ក្រុងខាខាសសូនបានធ្វើជាកន្លែងជ្រកកោន ក្នុងពេលសឹកសង្រ្គាម សម្រាប់ប្រជាជនអស់ជាច្រើនជំនាន់មកហើយ។ គេបានសាងសង់វា ក្នុងសតវត្សរ៍ទី៥ មុនគ្រីស្ទសគរាជ ហើយកំផែងរបស់វា ដែលគេបានសង់ពីថ្ម បានផ្តល់ការការពារដល់ជនជាតិរ៉ូម៉ាំង ហ្គួល វីស៊ីហ្គូ ហ្វ្រង់ និងបារាំង។ ដោយសារក្រុងនេះត្រូវបានហ៊ំព័ទ្ធដោយកំផែងដ៏វែង ដែលមានប៉មយាមធំៗ នោះអ្នកដែលជ្រក នៅខាងក្នុងមានទំនុកចិត្តចំពោះកំផែងក្រុងនេះណាស់។
យ៉ាងណាមិញ សម្រាប់យើងដែលជាអ្នកជឿព្រះ យើងអាចជ្រកកោន ក្នុងព្រះវត្តមាននៃព្រះដ៏រស់។ ព្រះគម្ពីរសុភាសិតចែងឲ្យយើងដឹងថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ក្នុងបទគម្ពីរនេះ “ព្រះនាមព្រះយេហូវ៉ា” គឺសំដៅទៅលើលក្ខណៈសម្បត្តិរបស់ព្រះ ដែលមានដូចជា ភាពស្មោះត្រង់ មានអំណាចចេស្តា និងមានក្តីមេត្តា។ ចំណែកឯពាក្យសុខសាន្ត វិញ គឺមានន័យថា “ដាក់នៅកន្លែងខ្ពស់រួចផុតពីគ្រោះថ្នាក់”។
ពេលដែលយើងជួបការគំរាមកំហែង នៅពេលណាមួយ យើងចង់រត់ទៅរកកន្លែងការពារខ្លួនឲ្យរួចពីគ្រោះថ្នាក់នោះ។ អ្នកខ្លះស្វែងរកការការពារ នៅក្នុងទ្រព្យសម្បត្តិ ឬក្នុងទំនាក់ទំនង។ ប៉ុន្តែ ក្នុងនាមយើង ជាអ្នកដើរតាមព្រះគ្រីស្ទ យើងមានកន្លែងជ្រកកោនដែលរឹងមាំនិងស្ថិតស្ថេរជាងនេះ។ ដោយសារព្រះទ្រង់ស្មោះត្រង់ មានគ្រប់ចេស្តា ហើយមានពេញដោយសេចក្តីស្រឡាញ់ ដែលដោយសារការអ្វីដែលព្រះអង្គអាចធ្វើសម្រាប់យើងបាន នោះព្រះអង្គជាទីមាំមួនបំផុត ដែលយើងអាចជ្រកយ៉ាងសុខសាន្ត។ បើសិនជាអ្នកកំពុងជួបប្រទះនឹងការគំរាមកំហែងណាមួយ នៅថ្ងៃនេះ នោះចូរទៅជ្រកក្នុងព្រះអម្ចាស់ ដែលព្រះអង្គជាកំផែងដ៏រឹងមាំ។ អ្នកនឹងរកឃើញភាពសុខសាន្ត ក្នុងការថែររក្សារបស់ព្រះអង្គ។—Dennis Fisher