ពន្លឺ និងភាពងងឹត

លោកសេម៉ួរ ស្លាយវ៍(Seymour Slive) ជាប្រវត្តិវិទូផ្នែកសិល្បៈ។ គាត់បានរៀបរាប់ថា លោករេមប្រិន(Rembrandt ឆ្នាំ ១៦០៦ ដល់ ១៦៦៩) ជាវិចិត្រករជនជាតិហូឡង់ដ៏អស្ចារ្យម្នាក់ ដែលពូកែដាក់ពន្លឺ និងស្រម៉ោលនៅក្នុងផ្ទាំងគំនូរ បានយ៉ាងល្អឥតខ្ចោះ ដែលធ្វើឲ្យផ្ទាំងគំនូររបស់ខ្លួន មានភាពរស់រវើកណាស់ ដូចនេះ គាត់ជាអ្នកនិទានរឿងដ៏ជក់ចិត្ត នៅលើផ្ទាំងគំនូរ។ ផ្ទាំងគំនូររបស់លោករេមប្រិន ដែលមានចំណងជើងថា ការថ្វាយបង្គំរបស់ពួកអ្នកគង្វាល បានបង្ហាញអំពីទិដ្ឋភាពនៃក្រោលសត្វនាពេលយប់ងងឹត   ក្នុងភូមិបេថ្លេហិម   ដែលមានអ្នកគង្វាលពីរនាក់បានលុតជង្គង់  នៅក្បែរស្នូកសត្វដែលព្រះឱរសយេស៊ូវ កំពុងផ្ទំនៅ ខណៈពេលដែលអ្នកគង្វាលដទៃទៀតកំពុងឈរនៅឆ្ងាយពីពួកគេបន្តិច។ ក្នុងចំណោមអ្នកគង្វាលទាំងពីរនាក់នេះ មានម្នាក់កំពុងយួរចង្កៀង នៅក្បែរព្រះឱរស ប៉ុន្តែ ក្នុងផ្ទាំងគំនូរនេះ ពន្លឺដែលភ្លឺបំផុត មិនបានចេញមកពីចង្កៀងរបស់គាត់ឡើយ តែបានចេញពីព្រះឱរសយេស៊ូវ ហើយក៏បានចែងចាំងមកលើអ្នកដែលមកជួបជុំគ្នានៅក្បែរព្រះអង្គ។

លោកហោរាអេសាយធ្លាប់បានមានប្រសាសន៍អំពីពន្លឺ និងភាពងងឹត នៅក្នុងការថ្លែងទំនាយ អំពីការយាងមកនៃព្រះសង្រ្គោះ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងរយៈពេល៧សតវត្សរ៍ក្រោយមកទៀត។ គឺដូចដែលមានសេចក្តីចែងមកថា “ឯបណ្តាជនដែលដើរក្នុងសេចក្តីងងឹត គេបានឃើញពន្លឺយ៉ាងធំ ពួកអ្នកដែលអាស្រ័យនៅក្នុងស្រុកនៃម្លប់សេចក្តីស្លាប់ គេមានពន្លឺភ្លឺមកលើគេហើយ … ដ្បិតមានបុត្រ១កើតដល់យើង ព្រះទ្រង់ប្រទានបុត្រា១មកយើងហើយ” (អេសាយ ៩:២,៦)។ មនុស្សម្នាក់ៗដែលបានមើលផ្ទាំងគំនូររបស់លោករេមប្រិន ប្រហែលជាមើលឃើញសាច់រឿងខុសៗគ្នា ប៉ុន្តែ ក្នុងផ្ទាំងគំនូរនោះ ប្រហែលជាមានរូបភាពអ្វីមួយ ក្នុងក្រោលសត្វនោះ ដែលដំណាងឲ្យយើងម្នាក់ៗ។ តើយើងជារូបអ្នកគង្វាលដែលកំពុងលុតជង្គង់ថ្វាយបង្គំព្រះ ឬជារូបអ្នកគង្វាលដែលឈរមើល ដោយចិត្តអែរអង់ ឬមួយជារូបមនុស្សដែលឈរក្នុងកន្លែងងងឹត ដើម្បីលាក់ខ្លួនពីពន្លឺ ដែលអាចចាក់ទម្លុះចូលភាពងងឹតរបស់យើងនោះ?

ពិធីបុណ្យណូអែលកំពុងអញ្ជើញយើង ឲ្យដើរចេញពីកន្លែងងងឹត ហើយដើរតាមពន្លឺនៃព្រះគ្រីស្ទ ដែលចែងចាំងក្នុងចិត្តយើង។—David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles