បន្ទាប់ពីមានការល្បងលដ៏ធ្ងន់ធ្ងរ តើមានការខុសប្លែកអ្វីខ្លះកើតមាន ក្នុងការរស់នៅដោយជំនឿ? ខ្ញុំបានគិតអំពីសំណួរមួយនេះ ពេលដែលខ្ញុំអានពត៌មានដ៏សោកសៅ ដែលនិយាយអំពីបុរសជនជាតិចាម៉ៃកាម្នាក់ ដែលបានរាលកៃកាំភ្លើង ត្រូវកូនស្រីអាយុ១៨ឆ្នាំរបស់គាត់ ពេលដែលគាត់កំពុងព្យាយាមការពារក្រុមគ្រួសារគាត់ ឲ្យរួចពីចោរដែលចូលផ្ទះគាត់។
ពត៌មានបានចុះផ្សាយថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង គាត់ក៏បានទៅព្រះវិហារ នៅថ្ងៃបន្ទាប់ ដូចសព្វមួយដង ដើម្បីស្វែងរកជំនួយពីព្រះ ទោះបីជាគាត់មានទុក្ខធ្ងន់យ៉ាងណាក៏ដោយ។ កាលពីមុន សេចក្តីជំនឿដែលគាត់មានចំពោះព្រះ បាននាំឲ្យគាត់មានដំណោះស្រាយ ដូចនេះ គាត់នៅតែជឿថា ព្រះទ្រង់នឹងនៅតែជួយគាត់ទៀត។
យ៉ាងណាមិញ ខ្ញុំក៏ធ្លាប់មានបទពិសោធន៍ដ៏សោកសៅក្នុងជីវិតផងដែរ បានជាខ្ញុំយករឿងនេះមកគិត។ ខ្ញុំបានបាត់បង់កូនស្រីម្នាក់ ដែលមានវ័យជំទង់។ ខ្ញុំបានជីកកកាយរកឯកសារចុងក្រោយដែលខ្ញុំបាននិពន្ធ និងរក្សាទុក ក្នុងកំព្យូទ័ររបស់ខ្ញុំ មុនពេលមែលីស្សា(Melissa) បាត់បង់ជីវិត ក្នុងខែមិថុនា ឆ្នាំ២០០២។ ឯកសារនោះបានរំឭកខ្ញុំឡើងវិញ អំពីទស្សនៈដែលខ្ញុំធ្លាប់មាន ចំពោះជីវិត និងចំពោះក្តីជំនឿ មុនពេលនាងលាចាកលោកទៅ។ តើការអ្វីដែលខ្ញុំបានសរសេរកាលពីមុន មានទំនាក់ទំនងដូចម្តេចខ្លះ ជាមួយនឹងការអ្វីដែលខ្ញុំបានដឹងនៅពេលបច្ចុប្បន្ន? តើការល្បងលដ៏ធ្ងន់ធ្ងរបានកែប្រែក្តីជំនឿដែលខ្ញុំមានចំពោះព្រះអង្គឬទេ? ក្នុងអត្ថបទដែលខ្ញុំបាននិពន្ធកាលពីខែឧសភាឆ្នាំនោះ ខ្ញុំបានសរសេរថា “ស្តេចដាវីឌបានចូលទៅចំពោះព្រះ ដោយគ្មានការភ័យខ្លាច ដើម្បីទូលព្រះអង្គ អំពីអ្វីដែលមានក្នុងចិត្តរបស់ខ្លួន …. ដូចនេះ យើងក៏មិនចាំបាច់ត្រូវមានការភ័យខ្លាច ឬស្ទាក់ស្ទើរ ក្នុងការទូលថ្វាយព្រះ អំពីអ្វីដែលមានក្នុងចិត្តយើងដែរ”។
មុនពេលខ្ញុំឆ្លងកាត់ពេលដ៏យ៉ាបយឺន ខ្ញុំបានចូលទៅរកព្រះ ហើយព្រះអង្គបានស្តាប់ពាក្យខ្ញុំអធិស្ឋាន។ ក្រោយមក ខ្ញុំដឹងថា ព្រះអង្គនៅតែស្តាប់ ហើយកម្សាន្តចិត្ត និងជួយចម្រើនកម្លាំងខ្ញុំឡើង។ ដូចនេះ ខ្ញុំបន្តអធិស្ឋានដោយជំនឿ។ ជំនឿរបស់យើង នៅតែមានបន្តទៀត ហើយកាន់តែរឹងមាំឡើង ព្រោះព្រះអង្គជាព្រះដែលនៅតែដដែល ទាំងកាលពីមុន ក៏ដូចនៅពេលក្រោយទៀត។-Dave Branon