ពេលក្រុមគ្រួសាររបស់ខ្ញុំកំពុងរស់នៅ ក្នុងរដ្ឋឈីកាហ្គោ កាលពីប៉ុន្មានឆ្នាំមុន យើងបានទទួលនូវអត្ថប្រយោជន៍ជាច្រើន ក្នុងការរស់នៅទីនោះ។ ភោជ្ជនីយដ្ឋាននៅទីនោះ ហាក់ដូចជាព្យាយាមប្រកួតប្រជែងគ្នា ដោយភោជ្ជនីដ្ឋាននីមួយៗខិតខំដាក់លក់ នូវមុខម្ហូបល្អជាងគេ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងដាក់អាហារឲ្យភ្ញៀវឲ្យបានច្រើន លើសភោជ្ជនីយដ្ឋានដទៃទៀតផងដែរ។ មានពេលមួយខ្ញុំបានចូលញាំអាហារជាមួយភរិយារបស់ខ្ញុំ ក្នុងភោជ្ជនីយដ្ឋានអ៊ីតាលីមួយកន្លែង។ យើងបានឲ្យគេដាក់ម្ហូបប៉ាស្តាដែលយើងចូលចិត្ត តែកន្លះចានប៉ុណ្ណោះ តែគេបានដាក់ ប៉ាស្តាថែមឲ្យយើងទៀត គឺល្មមនឹងឲ្យយើងយកទៅផ្ទះ សម្រាប់ញាំពេលល្ងាចទៀត។ ការផ្តល់ឲ្យដ៏សប្បុរសនេះ បានធ្វើឲ្យយើងមានអារម្មណ៍ថា យើងហាក់ដូចជាកំពុងតែនៅផ្ទះរបស់ជីដូនរបស់យើង ដែលបានចាក់បង្ហូរសេចក្តីស្រឡាញ់ ចំពោះយើង ដោយធ្វើម្ហូបឲ្យយើងញាំ ជាបរិបូរ។
យ៉ាងណាមិញ ខ្ញុំក៏មានអារម្មណ៍ថា បានទទួលការចាក់បង្ហូរសេចក្តីស្រឡាញ់ផងដែរ ពេលដែលខ្ញុំបានអានបទគម្ពីរដែលចែងថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ បានប្រទានព្រះគុណព្រះអង្គមកជាបរិបូរ(អេភេសូរ ១:៧-៨) ហើយព្រះអង្គ “អាចនឹងធ្វើហួសសន្ធឹក លើសជាងអស់ទាំងសេចក្តីដែលយើងសូម ឬគិតក្តី”(៣:២០)។ ខ្ញុំអរព្រះគុណព្រះអង្គណាស់ ដែលមិនបានធ្វើជាព្រះដែលកំណាញ់ ដែលប្រទានពរតែមួយចំណែកតូច ដោយការស្ទាក់ស្ទើរទេ។ ផ្ទុយទៅវិញ ព្រះអង្គជាព្រះ ដែលបានចាក់បង្ហូរការអត់ទោសដល់កូនដែលវង្វេងចេញពីព្រះអង្គ(លូកា ១៥) ហើយព្រះអង្គយកសេចក្តីសប្បុរស និងសេចក្តីមេត្តាករុណា បំពាក់ជាមកុដឲ្យយើង(ទំនុកដំកើង ១០៣:៤)។
មានពេលខ្លះ យើងគិតថា ព្រះអង្គមិនបានបំពេញសេចក្តីត្រូវការរបស់យើង ឲ្យបានដូចចិត្តយើងទេ។ ប៉ុន្តែ បើព្រះអង្គគ្រាន់តែបានអត់ទោសបាបឲ្យយើង ហើយធានាថា យើងនឹងបានទៅនៅនគរស្ថានសួគ៌ នោះព្រះអង្គបានបង្ហាញនូវព្រះទ័យសប្បុរស ជាបរិបូរណាស់ទៅហើយ។ ដូចនេះ សូមយើងអរសប្បាយ នៅក្នុងព្រះដ៏សប្បុរសនៃយើងចុះ។-Joe Stowell