ឃ្លាំងដំកល់ដុំមាសរបស់សហរដ្ឋអាមេរិក ក្នុងបន្ទាយហ្វ៊ត នៅរដ្ឋខេនថាក់គី ជាអគារដែលមានការការពារយ៉ាងរឹងមាំ ដែលមានផ្ទុកដុំមាស៥ពាន់តោន ជាមួយនឹងវត្ថុមានតម្លៃផ្សេងទៀត ដែលរដ្ឋសហព័ន្ធមានតួរនាទីមើលថែរ។ បន្ទាយហ្វ៊ត ត្រូវបានការពារ ដោយទ្វារដែលមានទម្ងន់២២តោន និងមានប្រព័ន្ធការពារជាច្រើនជាន់ ដែលរាប់បញ្ចូល ស៊ីរ៉ែនប្រកាស់អាសន្ម កាំមីរ៉ាវីដេអូ ចំការមីន អ្នកយាមដែលប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ និងឧទ្ធម្ភាចក្រចម្បាំងអាផាឈីជាច្រើនគ្រឿងទៀត។ ផ្អែកទៅលើកំរិតនៃប្រព័ន្ធសន្តិសុខនេះ បន្ទាយហ្វ៊តត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមកន្លែងដែលមានសុវត្ថិភាពបំផុត នៅលើផែនដី។
ដូចនេះ បន្ទាយហ្វ៊តជាកន្លែងមានសុវត្ថិភាពណាស់ ប៉ុន្តែ មានកន្លែងមួយទៀត ដែលមានសុវត្ថិភាពលើសនេះទៅទៀត ហើយមានពេញទៅដោយ របស់ដែលមានតម្លៃជាងមាសប្រាក់ទៅទៀត។ កន្លែងនោះ ជានគរស្ថានសួគ៌ ដែលបានរក្សាទុកអំណោយនៃជីវិតអស់កល្បជានិច្ច សម្រាប់យើងរាល់គ្នា។ សាវ័កពេត្រុស បានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងឡាយ ឲ្យសរសើរដំកើងព្រះ ដ្បិតយើងមាន “សេចក្តីសង្ឃឹមដ៏រស់”។ សេចក្តីសង្ឃឹមដ៏រស់នោះ ជាការរំពឹងទុក ដោយជំនឿចិត្ត ដែលមានការលូតលាស់ និងមានភាពរឹងមាំកាន់តែខ្លាំង ពេលដែលយើងស្គាល់ព្រះយេស៊ូវកាន់តែច្បាស់(១ពេត្រុស ១:៣)។ ហើយសេចក្តីសង្ឃឹមរបស់យើង គឺផ្អែកទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ។ អំណោយនៃជីវិតអស់កល្បជានិច្ចរបស់ព្រះអង្គ នឹងមិនដែលសាបសូន្យ ដោយសារអំណាចរបស់ពួកខ្មាំងសត្រូវឡើយ។ ភាពរុងរឿងនៃអំណោយនៃជីវិតអស់កល្បជានិច្ច មិនដែលបាត់បង់ឡើយ គឺនៅតែមានភាពស្រស់ថ្លាជានិច្ច ព្រោះព្រះនៅតែបន្តរក្សាអំណោយនៃជីវិតអស់កល្បនោះ ក្នុងនគរស្ថានសួគ៌ ប្រកបដោយសុវត្ថិភាពជានិច្ច។ ទោះបីជាជីវិតយើងក្នុងផែនដីនេះ អាចជួបការអាក្រក់អ្វីក៏ដោយ ក៏ព្រះអង្គនៅតែការពារវិញ្ញាណរបស់យើងជានិច្ច។ និយាយរួម ព្រះអង្គបានរក្សាទុកនូវមរដករបស់យើង យ៉ាងមានសុវត្ថិភាពជានិច្ច។
សេចក្តីសង្រ្គោះរបស់យើង ត្រូវបានព្រះអង្គការពារ បានជាយើងមានសុវត្ថិភាព គឺដូចជានៅកន្លែងដែលមានការការពារជាច្រើនជាន់។-Marvin Williams