ពេលខ្ញុំទៅទស្សនាតំបន់ខុតស៍វូលដ៍ ដែលមានទេសភាពដ៏ស្រស់ស្អាត នៅប្រទេសអង់គ្លេស ខ្ញុំបានទិញពែងទឹកព័រសឺឡែនមួយចំនួន សម្រាប់ធ្វើជាវត្ថុអនុស្សាវរីយ។ ខ្ញុំបានប្រើពែងទឹកទាំងនោះយ៉ាងប្រុងប្រយ័ត្ន តែទីបំផុត ខ្ញុំបានធ្វើឲ្យពែងទឹកមួយធ្លាក់បែក ក្នុងកន្លែងលាងចាន។ ថ្មីៗនេះ ខ្ញុំបាននឹកគិតអំពីពែងទឹកមួយនោះ ពេលដែលខ្ញុំបានស្វែងយល់អំពីសិល្បៈនៃការជួសជុលពែងរបស់ជនជាតិជប៉ុន។ តាមធម្មតា ពេលយើងមានរបស់អ្វីមួយបែកបាក់ យើងមានចិត្តសប្បាយនឹងជួសជុលវា ល្មមនឹងអាចប្រើវាទៀត។ ប៉ុន្តែ កាលពីរាប់រយឆ្នាំមុខ មានសិល្បៈករជប៉ុនម្នាក់បានតាំងចិត្តថា គាត់នឹងជួសជុលព័រសឺឡែន ដែលបែកបាក់ ឲ្យក្លាយជាវត្ថុដ៏ស្រស់ស្អាត។ ដូច្នេះហើយ គាត់ក៏បានចាប់ផ្តើមប្រើកាវដែលមានជាតិមាស បិទបំណែកនីមួយៗឲ្យចូលគ្នាវិញ។ ការជួសជុលព័រសឺឡែនតាមវិធីសាស្រ្តនេះ បានធ្វើឲ្យព័រសឺឡែននោះមានសសៃពណ៌មាសដ៏គួរឲ្យគយគន់។
ក្នុងដើមដំបូងនៃប្រវត្តិសាស្រ្តមនុស្សជាតិ អំពើបាបបានចូលមកក្នុងលោកិយ(លោកុប្បត្តិ ៣)។ អ្នកប្រាជ្ញផ្នែកទេវវិជ្ជា បានហៅហេតុការណ៍នោះថា “ការធ្លាក់ចូលក្នុងអំពើបាប”។ ការធ្លាក់ចូលនេះបានបណ្តាលឲ្យមានការបែកបាក់ ដោយជៀសមិនរួច។ ជីវិតរបស់មនុស្សមានការឈឺចាប់ ដោយសារយើងចេះតែបន្តមានការឈឺចាប់ និងធ្វើឲ្យអ្នកដទៃមានការឈឺចាប់ ដោយបំណែកដ៏មុតស្រួចរឆេករឆូចរបស់យើង។ ប៉ុន្តែ ព្រះមិនសព្វព្រះទ័យឲ្យយើង នៅបន្តរស់ក្នុងភាពបែកបាក់នោះទៀតទេ ហើយការជួសជុលរបស់ព្រះអង្គ ធ្វើឲ្យភាពបែកបាក់របស់យើង ក្លាយជាភាពស្រស់ស្អាតវិញ។
សិល្បៈករអាចជួសជុលពែងព័រសឺឡែនដែលបែក ឲ្យប្រែក្លាយជាវត្ថុដ៏ស្រស់ស្អាត ប៉ុន្តែ ព្រះជួសជុលយើង ឲ្យមានជីវិតថ្មីឡើង ដោយប្រើព្រះលោហិតរបស់ព្រះរាជបុត្រាព្រះអង្គ ដែលមានតម្លៃលើសមាសឬប្រាក់។ ស្នាមបែករបស់យើងមិនត្រូវបានលម្អរដោយសសៃធ្វើពីមាសទេ តែបំណែកនេះត្រូវបានភ្ជាប់ចូលគ្នាវិញ ដោយព្រះលោហិត ដែលបានហូរចេញពីសសៃលោហិតរបស់ព្រះគ្រីស្ទ។ “ដ្បិតបើយើងបានជាប់ជាមួយនឹងទ្រង់ ក្នុងការដែលជាគំរូពីសេចក្តីសុគតរបស់ទ្រង់ នោះក៏នឹងបានជាប់ក្នុងសេចក្តីរស់ឡើងវិញរបស់ទ្រង់ដែរ”(រ៉ូម ៦:៥)។ គ្មានអ្វីដែលស្រស់ស្អាតជាងនេះឡើយ។-Julie Ackerman Link