មានពេលមួយ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានទៅបរបាញ់សត្វ ជាមួយមិត្តភ័ក្ររបស់គាត់ នៅក្បែរតំបន់ប៊លម៉ូរ៉ល ដែលជាកម្មសិទ្ធិរបស់ក្សត្រីនៃចក្រភពអង់គ្លេស។ ពេលពួកគេកំពុងដើរ គាត់ស្រាប់តែគ្រិចជើងយ៉ាងធ្ងន់ធ្ងរ បានជាគាត់មិនអាចបន្តដំណើរទៅមុខទៀត ដូចនេះ គាត់ក៏បានប្រាប់មិត្តភ័ក្រគាត់ឲ្យទៅមុន ហើយគាត់នឹងអង្គុយចាំនៅតាមជញ្ជើមផ្លូវ។
ពេលគាត់កំពុងអង្គុយ មានឡានមួយគ្រឿងបានបើកតាមផ្លូវនោះ ក៏បានបន្ថយល្បឿន ឈប់នៅជិតគាត់។ ស្ត្រីដែលជាអ្នកបើកបររថយន្តនោះ ក៏បានបើកកញ្ចក់ទ្វារឡាន ហើយក៏បានសួរនាំគាត់ ក្រែងលោមានអ្វីដែលអាចជួយបាន។ គាត់បានពន្យល់ប្រាប់នាងថា គាត់កំពុងរង់ចាំមិត្តភ័ក្រគាត់ត្រឡប់មករកគាត់វិញ។ នាងក៏ប្រាប់គាត់ ឲ្យឡើងឡាន ដើម្បីឲ្យនាងជូនគាត់ទៅកន្លែងស្នាក់នៅរបស់គាត់។ គាត់ក៏បានដើរខ្ញើចជើង ទៅរកឡាន ហើយក៏បើកទ្វារឡាន។ គាត់ក៏បានដឹងថា តាមពិតស្រ្តីនោះជាក្សត្រីអេលីហ្សាបេត(Elizabeth)សោះ!
បើសិនជាក្សត្រីនៃចក្រភពអង់គ្លេស មកជួយយើងដោយផ្ទាល់ដូចនេះ យើងក៏ប្រហែលជាមានការភ្ញាក់ផ្អើលផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ យើងមានជំនួយដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៅទៀត។ ព្រះដែលបានបង្កើតចក្រវាល បានយាងចុះមកក្នុងលោកិយនេះ ព្រះអង្គបានទតឃើញទុក្ខលំបាករបស់យើង ហើយបានលះបង់ព្រះជន្មព្រះអង្គ ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប។ គឺដូចដែលអ្នកនិពន្ធទំនុកដំកើងបានបញ្ជាក់យ៉ាងច្បាស់ថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ទំនុកដំកើង ៤៦:១)។ ព្រះសង្រ្គោះនៃយើងជួយយើង ដោយប្រទានព្រះគុណ សម្រាប់ឲ្យយើងទ្រាំអត់ ប្រទានព្រះបន្ទូលដើម្បីទ្រទ្រង់យើង ប្រទានមិត្តភ័ក្រដើម្បីលើកទឹកចិត្ត និងអធិស្ឋានឲ្យយើង ហើយប្រទាននូវទំនុកចិត្តថា ព្រះអង្គផ្សំការទាំងអស់ សម្រាប់ជាប្រយោជន៍ខាងវិញ្ញាណរបស់យើង។
ពេលដែលអ្នកមានអារម្មណ៍ថា កំពុងជាប់គាំងដំណើរ នៅតាមវិថីជីវិត នោះចូរក្រឡេកទៅរកព្រះដ៏ជាជំនួយរបស់អ្នកចុះ។-Joe Stowell