ការសម្រេចចិត្តច្បាស់លាស់

ពុករបស់ខ្ញុំជាអ្នកធ្លាប់ឲ្យតម្លៃ ចំពោះព្រះរបស់បុព្វបុរសគាត់។ ពេលគាត់មានអាយុ៩០ ជិតដល់ពេលបញ្ចប់នៃជីវិតគាត់ គាត់បានប្រឹងមានប្រសាសន៍ដ៏គួរឲ្យកត់សំគាល់ថា “ពេលខ្ញុំស្លាប់ សូមឲ្យពួកជំនុំជាអ្នកចាត់ចែងពិធីបុណ្យសពខ្ញុំ គឺមិនត្រូវប្រគល់កិច្ចការនេះ ឲ្យអ្នកផ្សេងទៀតធ្វើឡើយ។ កុំរកគ្រូទាយ កុំសែនអីឲ្យខ្ញុំ កុំធ្វើបុណ្យបែបសាសនា។ ជីវិតខ្ញុំនៅក្នុងព្រះហស្តព្រះយេស៊ូវគ្រីស្ទហើយ ដូចនេះ ការស្លាប់របស់ខ្ញុំក៏ស្ថិតក្នុងព្រះហស្តទ្រង់ផងដែរ”។

ឪពុកខ្ញុំបានសម្រេចចិត្តជ្រើសរើសផ្លូវរបស់ព្រះគ្រីស្ទ ក្នុងវ័យចាស់ ដោយយាងព្រះយេស៊ូវឲ្យចូលគង់ក្នុងជីវិតគាត់ ជាព្រះអម្ចាស់ និងជាព្រះសង្រ្គោះ។ ចាស់ៗជំនាន់គាត់បានចំអកឲ្យគាត់ថា “មនុស្សចាស់ដូចឯង មិនគួរទៅព្រះវិហារទេ!” តែឪពុកខ្ញុំបានសម្រេចចិត្តយ៉ាងច្បាស់ថា នឹងដើរតាម និងថ្វាយបង្គំព្រះដ៏ពិត ដូចពួកបណ្តាជន នៅគ្រាសញ្ញាចាស់ នៅពេលដែលយ៉ូស្វេបានលើកទឹកចិត្តពួកគេថា “ចូររើសយកព្រះណា ដែលអ្នករាល់គ្នាចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ តែឯខ្ញុំ និងគ្រួសារខ្ញុំ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះអម្ចាស់តែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។ ពួកគេក៏បានឆ្លើយតប ដោយការប្តេជ្ញាចិត្តថា នឹងថ្វាយបង្គំព្រះអម្ចាស់តែមួយប៉ុណ្ណោះ។ ទោះបីជាលោកយ៉ូស្វេបានដាស់តឿនពួកគាត់ ឲ្យដឹងអំពីការលៈបង់ ក្នុងការដើរតាមទ្រង់ក៏ដោយ(ខ.១៩-២០) ក៏ពួកគេនៅតែប្តេជ្ញាចិត្តថា នឹងដើរតាមព្រះអម្ចាស់ ដោយនឹកចាំ អំពីពេលដែលទ្រង់បានរំដោះពួកគេឲ្យរួចពីនគរអេស៊ីព្ទ ទ្រង់បានផ្គត់ផ្គង់ ហើយការពារពួកគេ(ខ.១៦-១៧,២១)។

ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តដ៏ច្បាស់លាស់នេះ តម្រូវឲ្យមានការប្រព្រឹត្តតាម ដ៏ច្បាស់លាស់ផងដែរ គឺដូចដែលលោកយ៉ូស្វេបានរំឭកគេ ដោយនិយាយសង្កត់ធ្ងន់ថា “ដូច្នេះចូរឯងរាល់គ្នាលះចោលអស់ទាំងព្រះដទៃ ដែលមាននៅក្នុងពួកឯងចេញទៅ ហើយផ្ចង់ចិត្តដំរង់ទៅឯព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែលវិញ”(ខ.២៣)។

តើអ្នកបានសម្រេចចិត្តរស់នៅ ថ្វាយព្រះហើយឬនៅ? –Lawrence Darmani

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles