លោករ៉ចជើរ អេបឺត(Roger Ebert) ជាអ្នកកាសែតដែលពូកែរិះគន់ខ្សែភាពយន្តល្បីៗ។ គាត់ក៏បានទទួលពានរង្វាន់ភូលីតហ្សឺរ សម្រាប់ការរិះគន់ខ្សែភាពយន្ត។ ពេលគាត់ទទួលមរណៈភាព មានអ្នកកាសែតម្នាក់ ដែលជាមិត្តរួមអាជីពបានសរសេរ អំពីគាត់ថា “លោកអេបឺតជាមនុស្សមានឈ្មោះល្បី មានកិត្តិយស ហើយមានគេចូលចិត្តច្រើន គាត់ក៏ពូកែធ្វើបទសម្ភាសន៍ ជាមួយនឹងតួកុនល្បីៗផង តែទន្ទឹមនឹងនោះ គាត់មិនដែលភ្លេចសារៈសំខាន់នៃកិច្ចការរបស់គាត់ ក្នុងការពិនិត្យមើលខ្សែភាពយន្ត។ បានជាគាត់ពិនិត្យមើលខ្សែភាពយន្តទាំងនោះ ដោយភាពក្លៀវក្លា និងភាពឆ្លាតវ័យយ៉ាងខ្លាំង”។
ការនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីសាវ័កប៉ុល។ គាត់មិនដែលភ្លេចសារៈសំខាន់នៃកិច្ចការ ដែលព្រះទ្រង់បានហៅឲ្យគាត់ធ្វើឡើយ។ គាត់តែងតែផ្តោតទៅលើព្រះគ្រីស្ទ ថែមទាំងមានចិត្តក្លៀវក្លាជានិច្ច នៅក្នុងទំនាក់ទំនងជាមួយព្រះគ្រីស្ទ។ ទោះជាគាត់ត្រូវជជែកជាមួយពួកទស្សនវិទូ នៅក្រុងអាថែន ឬជួបគ្រោះថ្នាក់សំពៅលិច នៅសមុទ្រ ឬជាប់ច្រវ៉ាក់នៅក្នុងគុកក្តី គាត់នៅតែផ្តោតទៅលើការបានស្គាល់ទ្រង់ និងព្រះចេស្តានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនិងសេចក្តីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ហើយផ្តោតទៅលើការបង្រៀនអំពីទ្រង់(ភីលីព ៣:១០)។
ពេលសាវ័កប៉ុលកំពុងនៅក្នុងគុក គាត់បានសរសេរសំបុត្រថា “បងប្អូនអើយ ខ្ញុំមិនរាប់ថាខ្លួនខ្ញុំចាប់បានហើយនោះទេ តែមានសេចក្តីនេះ១ គឺថា ខ្ញុំភ្លេចសេចក្តីទាំងប៉ុន្មានដែលកន្លងទៅហើយ ក៏ខំមមុលឈោងទៅឯសេចក្តីខាងមុខទៀត ទាំងរត់ដំរង់ទៅឯទី ដើម្បីឲ្យបានរង្វាន់នៃការងារដ៏ខ្ពស់របស់ព្រះ ក្នុងព្រះគ្រីស្ទយេស៊ូវ”(៣:១៣-១៤)។ ទោះជាគាត់ស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សាវ័កប៉ុលនៅតែខំមមុលទៅមុខ តាមការត្រាស់ហៅរបស់ព្រះ ក្នុងនាមជាសាវ័ករបស់ព្រះគ្រីស្ទ។
ចូរយើងនៅតែចងចាំជានិច្ច អំពីសារៈសំខាន់ នៃការរស់នៅជាមនុស្ស ដែលព្រះទ្រង់សព្វព្រះទ័យ ធ្វើការអ្វីដែលទ្រង់ត្រាស់ហៅឲ្យយើងធ្វើ ក្នុងនាមជាអ្នកដើរតាមទ្រង់។-David McCasland