ខ្ញុំចូលចិត្តដើរតាមផ្លូវលំមួយខ្សែ ក្នុងឧទ្យាន នៅក្បែរផ្ទះខ្ញុំ។ មានកន្លែងមួយដែលខ្ញុំដើរទៅដល់ មានទេសភាពថ្មខ្សាច់ពណ៌ក្រហម ដែលនៅខាងក្រោយ មានកំពូលភ្នំស្រួចៗដ៏ធំសម្បើម កម្ពស់ជាង ៤៣០០ម៉ែត្រ។ ជួនកាល ពេលខ្ញុំដើរកាត់កន្លែងនោះ ដោយមានបញ្ហាជាច្រើននៅក្នុងចិត្ត ខ្ញុំក៏បានមើលទៅផ្លូវលំដ៏ធំ និងរៀបស្មើនោះ។ បើសិនជាគ្មាននរណាម្នាក់ នៅក្បែរនោះទេ ខ្ញុំនឹងឈប់ ហើយសូត្រទំនុករបស់ស្តេចដាវីឌឮៗ។
គេដាក់ចំណងជើងឲ្យទំនុកនេះថា “ចម្រៀងនៃអ្នកឡើងភ្នំ”(ទំនុកដំកើង ១២០-១៣៤) ដែលកាលពីសម័យបុរាណ ប្រជាជនអ៊ីស្រាអែលតែងតែច្រៀងទំនុកមួយនេះ ខណៈពេលដែលពួកគេដើរតាមផ្លូវ ទៅទីក្រុងយេរូសាឡិម ដើម្បីចូលរួមពិធីបុណ្យធំៗទាំងបីរបស់អ៊ីស្រាអែល ដែលគេតែងប្រារព្ធធ្វើរៀងរាល់ឆ្នាំ។ ទំនុកដំកើង ជំពូក ១២១ បានចាប់ផ្តើម ដោយពាក្យថា “ខ្ញុំនឹងងើបភ្នែកមើលទៅឯភ្នំ តែសេចក្តីជំនួយជួយដល់ខ្ញុំមកពីណា សេចក្តីជំនួយរបស់ខ្ញុំមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ ព្រះអាទិករទ្រង់មិនមែនជាអង្គបុគ្គលដែលគង់នៅឆ្ងាយពីយើងទេ តែទ្រង់ជាអ្នករួមដំណើរជាមួយយើង ដែលតែងតែគង់នៅជាមួយយើង ហើយមិនដែលងោកងុយ ក៏មិនដែលផ្ទំលក់ ទោះយើងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ(ខ.៣-៧) ទ្រង់ដឹកនាំ ហើយការពារយើង ក្នុងដំណើរជីវិត “ក្នុងពេលបច្ចុប្បន្ន និងជារៀងរាបដរាប”(ខ.៨)។
ក្នុងវិថីជីវិតដ៏វែងឆ្ងាយ ភ្នែករបស់យើង ត្រូវផ្តោតទៅលើព្រះ ដែលជាប្រភពនៃជំនួយរបស់យើង។ ពេលដែលយើងបាក់ទឹកចិត្ត យើងអាចនិយាយឮៗថា “ចូរមើលទៅឯភ្នំ ជំនួយខ្ញុំគឺមកពីព្រះអម្ចាស់!”-David McCasland