កាលពីពេលថ្មីៗនេះ ដាឡាស់(Dallas) ចៅប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានសួរខ្ញុំថា “ហេតុអ្វីបានជាព្រះយេស៊ូវសុគតនៅលើឈើឆ្កាង?” ពេលឮគាត់សួរដូចនោះ ខ្ញុំក៏បាននាំគាត់ជជែកគ្នាបន្តិចអំពីសំណួរនេះ។ ខ្ញុំក៏បានពន្យល់គាត់ពីអំពើបាប និងការដែលព្រះយេស៊ូវស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីលោះបាបយើង។ បន្ទាប់មក គាត់ក៏បានទៅរត់លេង ជាមួយបងប្អួនរបស់គាត់។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮគាត់និយាយគ្នាជាមួយខេធី(Katie) ដែលជាបងប្អូនជីដូនមួយរបស់គាត់ មានអាយុដំណាលគាត់ដែរ។ គាត់បានប្រាប់នាង អំពីមូលហេតុដែលព្រះយេស៊ូវបានសុគត។ ខេធីក៏បានតបទៅគាត់វិញថា “ព្រះយេស៊ូវមិនបានសុគតទេ”។ ដាឡាស់ក៏បានតបថា “បាទ ទ្រង់សុគតមែន លោកតាបានប្រាប់ខ្ញុំថា ទ្រង់បានសុគតលើឈើឆ្កាង”។
ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំមិនបានប្រាប់គាត់ឲ្យអស់សេចក្តីទេ។ ដូចនេះ ខ្ញុំក៏បានជជែកជាមួយគាត់ម្តងទៀត ដោយពន្យល់ប្រាប់គាត់ឡើងវិញ អំពីការសុគតរបស់ព្រះយេស៊ូវ ហើយប្រាប់គាត់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីទ្រង់បានសុគតបីថ្ងៃ។ គាត់ក៏បានដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់នៅសព្វថ្ងៃ ទ្រង់មិនបានសុគតជារហូតទេ។
ការនេះបានរំឭកខ្ញុំថា ពេលយើងផ្សាយដំណឹងល្អ យើងត្រូវផ្សាយឲ្យចប់ចុងចប់ដើម។ ពេលដែលបុរសម្នាក់មកពីនគរអេធីយ៉ូពី សួរលោកភីលីព អំពីបទគម្ពីរមួយផ្នែក ដែលគាត់មើលមិនយល់ លោកភីលីពក៏បានបកស្រាយបទគម្ពីរនោះឲ្យគាត់ស្តាប់ ហើយក៏បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់គាត់”(កិច្ចការ ៨:៣៥)។
ពេលយើងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ យើងអាចប្រាប់គេថា យើងរាល់គ្នាជាមនុស្សមានបាប យើងត្រូវការសេចក្តីសង្រ្គោះ តែព្រះរាជបុត្រានៃព្រះដែលគ្មានបាបសោះ បានយាងមកសុគត ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប ហើយទ្រង់ក៏បានមានព្រះជន្មរស់ឡើងវិញ ជាការបញ្ជាក់ថា ទ្រង់មានអំណាចឈ្នះសេចក្តីស្លាប់។ ព្រះយេស៊ូវដែលជាព្រះសង្រ្គោះនៃយើង ទ្រង់មានព្រះជន្មរស់ ហើយពេលនេះ ទ្រង់សព្វព្រះទ័យនឹងឲ្យយើងទទួលជឿទ្រង់ ហើយយាងទ្រង់ចូលគង់ក្នុងចិត្តយើង។ ពេលដែលមាននរណាម្នាក់ចង់ស្វែងយល់អំពីព្រះយេស៊ូវ សូមយើងប្រាប់គាត់ អំពីព្រះអង្គឲ្យចប់ចុងចប់ដើម។-Dave Branon