ដើមកំណើតនៃបុណ្យណូអែល

មាន​ពេល​មួយ​ទេវតា​កាព្រីយ៉ែល យាង​ចុះ​មក​ជួប​នាង​ម៉ារា ហើយ​បន្ទាប់​មក​ក៏​បាន​ជួប​ពួក​អ្នកគង្វាល ដោយ​នាំ​មក​នូវ​ដំណឹង​ល្អ សម្រាប់​ពិភព​លោក(លូកា ១:២៦-២៧ ២:១០)។​ តើ​នេះ​ជា​ដំណឹង​ល្អ សម្រាប់​នាង​ម៉ារា​មែន​ឬ? កាល​នោះ នាង​ម៉ារា​ប្រហែល​ជា​គិត​ថា តើ​ឲ្យ​ខ្ញុំ​បកស្រាយ អំពី​ការ​មាន​ផ្ទៃ​ពោះ​របស់​ខ្ញុំ ដល់​ក្រុម​គ្រួសារ​ខ្ញុំ យ៉ាង​ដូច​ម្តេច​ទៅ? តើ​លោក​យ៉ូសែប​ដែលជា​គូ​រដណ្តឹង​របស់​ខ្ញុំ នឹង​ផ្តាច់​ពាក្យ​ឬ​ទេ? តើ​អ្នក​ភូមិ​គេ​នឹង​និយាយ​ដើម​ខ្ញុំ ដូច​ម្តេច​ខ្លះ? បើ​ខ្ញុំ​មិន​ស្លាប់​ដោយ​ការ​ប្រសូត្រ​បុត្រ​ទេ តើ​ខ្ញុំ​អាច​ចិញ្ចឹម​កូន​តែ​ម្នាក់​ឯង​យ៉ាង​ម៉េច​នឹង​កើត?

ពេល​លោក​យ៉ូសែប​បាន​ដឹង​ថា នាង​ម៉ារា​មាន​ផ្ទៃ​ពោះ គាត់​មាន​ការ​ពិបាក​ចិត្ត​យ៉ាង​ខ្លាំង។ គាត់​បាន​រក​ឃើញ​ជម្រើស​បី។ តើ​គាត់​ត្រូវ​រៀប​ការ​ជា​មួយ​នាង​តែ​ម្តង ឬ​ផ្តាច់​ពាក្យ​ដោយ​បើក​ចំហរ ហើយ​ឲ្យ​គេ​ប្រមាថ​មើល​ងាយ​នាង​ជា​សាធារណៈ ឬ​មួយ​ផ្តាច់​ពាក្យ​ដោយ​សម្ងាត់។ គាត់​បាន​រើស​យក​ជម្រើស​ទី​បី តែ​ព្រះ​ទ្រង់​ក៏​បាន​ឲ្យ​គាត់​ដឹង​ការ​ពិត។ ទ្រង់​បាន​ប្រាប់​លោក​យ៉ូសែប​ក្នុង​សុបិន្ត​ថា “យ៉ូសែប ពូជ​ហ្លួង​ដាវីឌ​អើយ កុំ​ឲ្យ​ខ្លាច​នឹង​យក​នាង​ម៉ារា ជា​ប្រពន្ធ​អ្នក​ឡើយ ដ្បិត​បុត្រ​ដែល​មក​ចាប់​ទំ​ផ្ទៃ​នាង នោះ​កើត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ទេ”(ម៉ាថាយ ១:២០)។

សម្រាប់​នាង​ម៉ារា និង​លោក​យ៉ូសែប បុណ្យ​ណូអែល​បាន​ចាប់​ផ្តើម នៅ​ពេល​ដែល​ពួក​គេ​ចុះ​ចូល​ចំពោះ​ព្រះ ទោះ​ពួក​គេ​បាន​ជួប​រឿង ដែល​ធ្វើ​ឲ្យ​មាន​ការ​ពិបាក​ក្នុង​ផ្លូវ​អារម្មណ៍​ក៏​ដោយ។ ពួក​គេ​បាន​ថ្វាយ​ជីវិត​ដាច់​ដល់​ព្រះ គឺ​បាន​ធ្វើ​តាម​ព្រះ​បន្ទូល​សន្យា ដែល​មាន​ក្នុង ១យ៉ូហាន ២:៥ “តែ​អ្នក​ណា​ដែល​កាន់​តាម​ព្រះបន្ទូល​ទ្រង់​វិញ នោះ​បា្រកដ​ជា​សេចក្តី​ស្រឡាញ់​នៃ​ព្រះ​បាន​ពេញ​ខ្នាត នៅ​ក្នុង​អ្នក​នោះ​ហើយ”។

សូម​ព្រះ​ទ្រង់​បំពេញ​ចិត្ត​យើង ដោយ​ក្តី​ស្រឡាញ់​របស់​ទ្រង់ ក្នុង​រដូវ​កាល​នៃ​បុណ្យ​ណូអែល និង​ជា​រៀង​រាល់​ថ្ងៃ ខណៈ​ពេល​ដែល​យើង​ដើរ​ជា​មួយ​ទ្រង់។-Albert Lee

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles