ជារៀងរាល់ឆ្នាំ សួនច្បាររុក្ខសាស្រ្តប្រចាំតំបន់ដែលខ្ញុំរស់នៅ តែងតែធ្វើជាម្ចាស់កម្មវិធីបុណ្យណូអែល ជាអន្តរជាតិ។ ការតាំងពិពណ៌ដែលខ្ញុំចូលចិត្តជាងគេ គឺការតាំងបង្ហាញអំពីកំណើតព្រះយេស៊ូវ តាមប្រពៃណីជនជាតិបារាំង។ ក្នុងការតាំងពិពណ៌នោះ គេមិនបានដាក់រូបអ្នកគង្វាល និងអ្នកប្រាជ្ញដែលកាន់ដង្វាយ មាស កំញាន និងជ័រល្វីងទេស នៅជុំវិញស្នូកសត្វ តាមទំនៀមទម្លាប់នៃការតាំងបង្ហាញនោះទេ ផ្ទុយទៅវិញ គេបានដាក់រូបអ្នកភូមិជនជាតិបារាំង នាំយកដង្វាយមកថ្វាយព្រះឱរសយេស៊ូវវិញ។ ដង្វាយនោះមាន នំប៉័ង ស្រាទំពាំងបាយជូរ ប្រូម៉ា ផ្កា និងវត្ថុដទៃទៀត ដែលព្រះបានប្រទានឲ្យពួកគេមានលទ្ធភាពផលិត។
ការនេះបានរំឭកខ្ញុំ អំពីក្រឹត្យវិន័យគ្រាសញ្ញាចាស់ ដែលបង្គាប់ឲ្យនាំផលផ្លែដំបូង ចូលទៅក្នុងដំណាក់ព្រះអម្ចាស់(និក្ខមនំ ២៣:១៦-១៩)។ ការតាំងបង្ហាញមួយនេះ ជាការបកស្រាយឲ្យយើងដឹងថា អ្វីៗដែលយើងមានគឺសុទ្ធតែមកពីព្រះ ដូចនេះ យើងត្រូវថ្វាយដល់ព្រះ នូវរបស់អ្វីដែលទ្រង់បានប្រទានមកយើង។
ពេលសាវ័កប៉ុលបានបង្រៀនពួកជំនុំនៅក្រុងរ៉ូម ឲ្យថ្វាយខ្លួនជាដង្វាយដ៏រស់ដល់ព្រះ គឺគាត់កំពុងប្រាប់ពួកគេ ឲ្យថ្វាយដល់ព្រះ នូវអ្វីដែលទ្រង់បានប្រទានពួកគេ រួមទាំងរូបកាយរបស់ពួកគេ(រ៉ូម ១២:១)។ ការនេះគឺរាប់បញ្ចូលអំណោយ ដែលទ្រង់ប្រទានពួកគេ ក៏ដូចជាសមត្ថភាពដែលពួកគេមាន ក្នុងការចិញ្ចឹមជីវិត។ យើងដឹងថា ព្រះបានប្រទានពួកគេ ឲ្យមានសមត្ថភាពពិសេស។ អ្នកខ្លះមានអំណោយទានផ្នែកតន្រ្តី ដូចស្តេចដាវីឌ(១សាំយ៉ូអែល ១៦:១៨)។ អ្នកខ្លះមានជំនាញផ្នែកចម្លាក់ ដូចលោកបេតសាលាល និងអូហូលីអាប់(និក្ខមនំ ៣៥:៣០-៣៥)។ អ្នកខ្លះមានអំណោយទានផ្នែកសរសេរ បង្រៀន ធ្វើស្រែចំការ។ល។
កាលណាយើងថ្វាយទៅព្រះ នូវការអ្វីដែលទ្រង់បានប្រទានដល់យើង តាំងពីដើម នោះគឺយើងត្រូវថ្វាយទ្រង់នូវអំណោយដ៏ល្អឥតខ្ចោះ គឺខ្លួនរបស់យើង។-Julie Ackerman Link