សត្វឆ្កែឆ័ត្រយោង

ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ពេល​ខ្ញុំ​បាន​អាន​រឿង​ឆ្កែ​ឆ័ត្រ​យោង​ក្នុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២។ ពេល​ពួក​កង​ទ័ព​សម្ព័ន្ធ​មិត្ត​កំពុង​ត្រៀម​ខ្លួន វាយ​លុក​ចូល​រំដោះ​តំបន់​អ៊ីរ៉ុប​ខាង​លិច នៅ​ថ្ងៃ​ឌី-ដេយ(ថ្ងៃទី៦ មិថុនា ឆ្នាំ១៩៤៤) ពួក​គេ​ត្រូវ​ការ​សមត្ថ​ភាព​ហិត​ក្លិន​ដ៏​ពូកែ​របស់​សត្វ​ឆ្កែ ដើម្បី​ឆ្លង​កាន់​ចំការ​មីន ហើយ​ដើម្បី​ដាត់​តឿន​កង​ទ័ព​របស់​ខ្លួន អំពី​គ្រោះ​ថ្នាក់​ដែល​ជិត​ចូល​មក​ដល់​។ ហើយ​វិធី​តែ​មួយ ដើម្បី​បញ្ជូន​សត្វ​ឆ្កែ​ទាំង​នោះ ឲ្យ​ទៅ​កង​ទ័ព​ដែល​នៅ​ពីក្រោយ​ខ្សែ​ត្រៀមរបស់​សត្រូវ គឺ​ត្រូវ​ទម្លាក់​ពួក​វា​ពី​លើ​យន្ត​ហោះ ដោយ​ប្រើ​ឆ័ត្រ​យោង។ តែ​សត្វ​ឆ្កែ​មាន​សភាវ​គតិ ដែល​ខ្លាច​ការ​លោត​ហក់​ពី​កន្លែង​ខ្ពស់​ៗ ប៉ុន្តែ​ មនុស្ស​យើង​ក៏​ខ្លាច​ដូច​ពួក​វា​ផង​ដែរ។ ប៉ុន្តែ បន្ទាប់​ពី​មាន​ការ​បណ្តុះ​បណ្តាល​អស់​រយៈ​ពេល​ជា​ច្រើន​សប្តាហ៍​សត្វ​ឆ្កែ​ទាំង​នោះ ក៏​បាន​រៀន​ទុក​ចិត្ត​ម្ចាស់​របស់​វា នៅ​ក្នុង​ការ​លោត​ពី​លើ​យន្ត​ហោះ តាម​បញ្ជារ​របស់​ពួក​គេ។

រឿង​នេះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឆ្ងល់​ថា តើ​យើង​មាន​ទំនុក​ចិត្ត​ចំពោះព្រះ​ដ៏​ជា​ម្ចាស់ នៃ​យើង ល្មម​នឹង​អាច​ធ្វើ​ការ​ពិបាក​ៗ ដែល​តាម​ធម្មតា យើង​មិន​ចង់ ឬ​មិន​ហ៊ាន​ធ្វើ​ឬ​ទេ? តាម​ធម្មតា យើង​ប្រហែល​ជាពិបាក​នឹង​​មាន​​ចិត្ត​សប្បុរស ឬ​អត់​ទោស ឬ​មួយ​អត់​ធ្មត់ ចំពោះ​អ្នក​ដែល​ធ្វើ​អាក្រក់​មក​លើ​យើង​ទេ។ តែ​ព្រះយេស៊ូវ​បាន​បង្គាប់​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់ ល្មម​នឹង​អាច​ធ្វើ​កិច្ច​ការ ដែល​​ពិបាក តែ​ចម្រើន​ដល់​នគរ​ព្រះ។ ​យើងអាចថ្លែងឡើងថា “ទូលបង្គំ​ទុក​ចិត្ត​នឹង​ទ្រង់ សូម​ឲ្យ​ទូលបង្គំ​បាន​ស្គាល់​ផ្លូវ​ដែល​គួរ​ដើរ ពី​ព្រោះ​ទូលបង្គំ​បាន​លើក​ព្រលឹង​ទៅ​រក​ទ្រង់”(ទំនុកដំកើង ១៤៣:៨)។

សត្វ​ឆ្កែ​ឆ័ត្រ​យោង​ទាំង​នោះ ច្រើន​តែ​បាន​ទទួល​មេដាយ សម្រាប់​ភាព​ក្លាហាន​របស់​ពួក​វា។ ខ្ញុំ​ជឿ​ថា ថ្ងៃ​ណា​មួយ យើង​ក៏​នឹង​បាន​ឮ​ព្រះ​ទ្រង់​មាន​បន្ទូល​ថា “ល្អ​ហើយ អ្នក​បម្រើដ៏​ស្មោះ​ត្រង់អើយ” ព្រោះ​យើង​បាន​ទុក​ចិត្ត​ព្រះ​ជា​ម្ចាស់​នៃ​យើង ល្មម​នឹង​​ចេញ​ទៅ​បម្រើ​ទ្រង់ ​ពេល​ទ្រង់​មាន​បន្ទូល​ថា “ចូរ​ចេញ​ទៅ!”​ Joe Stowell

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles