សារៈសំខាន់នៃរបៀបដែលយើងបម្រើ

កាល​ខ្ញុំ និង​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ឈ្មោះ ឆាលី(Charlie) កំពុង​រៀន​នៅ​មហា​វិទ្យាល័យ​ព្រះ​គម្ពីរ យើង​បាន​ធ្វើ​ការ នៅ​ក្នុង​ហាង​លក់​គ្រឿង​សង្ហា​រឹម​។ ជា​រឿយ​ៗ យើង​ច្រើន​តែ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​ដល់​កន្លែង ដោយ​មាន​អ្នក​ជំនាញ​តុប​តែង​ផ្នែក​ខាង​ក្នុង​ផ្ទះ​ទៅ​ជា​មួយ​ដែរ។ គាត់​ជជែកជា​មួយ​អតិថិជន​របស់​យើង ពេល​យើង​កំពុង​ជញ្ជូន​គ្រឿង​សង្ហា​រឹម​ចេញ​ពី​ឡាន ចូល​ទៅ​ក្នុង​ផ្ទះ។ ជួន​កាល យើង​ត្រូវ​សែង​គ្រឿង​សង្ហារឹម ឡើង​ជណ្តើរ​ជា​ច្រើន​ជាន់ ក្នុង​អគារ​អាផាត​មិន។ ជា​ញឹក​ញាប់ ទាំង​ខ្ញុំ និង​ឆាលី​បាន​គិត​ថា បើ​សិន​ជា​យើង​មាន​ការ​ងារ​ជា​អ្នក​តុប​តែង​នោះ​វិញ មិន​ដឹង​ជា​ប្រសើរ​យ៉ាង​ណា​ទេ។

ក្នុង​អំឡុង​ពេល ដែល​ពួក​អ៊ីស្រា​អែល​វិល​វល់​នៅ​ក្នុង​វាល​រហោស្ថាន​អស់​៤០​ឆ្នាំ នៅ​ក្នុង​ពូជ​អំបូរ​លេវី ដែល​ជា​ពូជ​អំបូរ​សង្ឃ​របស់ព្រះ មាន​មនុស្ស​បី​គ្រួសារ ដែល​បាន​ទទួល​បន្ទុក​ដឹក​ជញ្ជូន​ត្រសាល​ជំនុំ​(ឬ​រោង​ឧបោសថ)។ គ្រួសារ​ទាំង​នោះ​មាន​ដូច​ជា កេហាត់ គើសុន និងម្រ៉ារី។ ពួក​គេ​ជា​អ្នក​ដំឡើង រុះ​រើ និង​ដឹក​ជញ្ជូន​ទៅ​កន្លែង​ផ្សេង​ទៀត ដើម្បី​ដំឡើង ហើយ​ក៏​បន្ត​ធ្វើ​កិច្ច​នេះ​នៅ​លើក​ក្រោយ​ៗ​ទៀត​។ កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ មាន​ភាព​សាមញ្ញ​ទេ គឺ​ត្រូវ “ដឹកជញ្ជូន​គ្រឿង ដែល​គេ​បាន​ចាត់​ឲ្យ​ដឹក​ជញ្ជូន​នោះ”(ជនគណនា ៤:៣២)។

ខ្ញុំ​ឆ្ងល់​ថា តើ “អ្នក​ដឹក​ជញ្ជូន” ទាំង​អស់​នោះ មាន​ការ​ច្រណែន​នឹង “ពួក​សង្ឃ” ដែល​មាននាទី​ថ្វាយ​ដង្វាយ និង​គ្រឿង​ក្រអូប​ដល់​ព្រះ ដោយ​ប្រើ​គ្រឿង​បរិសុទ្ធ នៅ​ក្នុង​ទីបរិសុទ្ធ​ឬទេ(ខ.៤-៥,១៥)។ មើល​ទៅ​ការ​ងារ​ពួក​សង្ឃ ហាក់​ដូច​ជា​ងាយ​ស្រួល​ជាង ហើយ​ក៏​មាន​មុខ​មាន​មាត់​ជាង​ផង​។ តែ​កិច្ចការ​ទាំង​ពីរ គឺ​សុទ្ធ​តែ​សំខាន់ ដែល​ព្រះ​អម្ចាស់​បាន​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​ថ្វាយ​ទ្រង់។

ជា​ញឹក​ញាប់ យើង​មិន​បាន​ជ្រើស​រើស​កិច្ចការ​ដែល​យើង​ត្រូវ​ធ្វើ​ឡើយ។ តែ​យើង​ម្នាក់​ៗ សុទ្ធ​តែ​អាច​សម្រេច​ចិត្ត​ធ្វើ​កិច្ច​ការ​ណា​មួយ​ថ្វាយ​ព្រះ ដោយ​ចិត្ត​ដែល​ស្រឡាញ់ និង​ដោយ​អំណរ។ របៀប​ដែល​យើង​ធ្វើ​កិច្ច​ការ​ដែល​ទ្រង់​ប្រទាន គឺ​ជា​រង្វាស់​នៃ​ការ​បម្រើ​ដែល​យើង​មាន​ចំពោះ​ទ្រង់។-David McCasland

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles