សន្តិភាពដែលគ្មានការគៀបសង្កត់

គ្មាន​នរណា​ម្នាក់​អាចរ៉ាប់​រង​វិនាស​កម្ម​នៃ​សង្រ្គាម​បាន​ឡើយ។ ប្រទេស​ជាតិ​ជា​ច្រើន​កំពុង​តែ​ជាប់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ ក្នុង​ពេល​សព្វ​ថ្ងៃ​នេះ។ តើ​សង្រ្គាម​ទាំង​នោះ ​នឹង​បញ្ចប់​នៅ​ពេល​ណា និង​ដោយ​របៀប​ណា? យើង​ចង់​បាន​សន្តិ​ភាព តែ​មិន​មែន​សន្តិ​ភាព​ដែលមាន​ពេញ​ដោយ​ភាព​អយុត្តិ​ធម៌​នោះ​ទេ។

ព្រះ​យេស៊ូវ​បាន​ប្រសូត្រ​ក្នុង​សម័យ​ដែល​មាន “សន្តិ​ភាព” តែ​សន្តិ​ភាព​នោះ​ ស្ថិត​នៅ​ក្រោម​ការ​គៀប​សង្កត់​គ្មាន​ត្រា​ប្រណី។ សនិ្ត​ភាព​ដែល​ចក្រ​ភព​រ៉ូម៉ាំង​ផ្តល់​ឲ្យ ​បាន​កើត​មាន​តែ​នៅ​ពេលដែល​មហា​អំណាច​មួយ​នេះ  បាន​វាយ​បង្រ្កាប​ការ​រើ​បម្រាស់​ទាំង​អស់​។ រយៈ​ពេល​៧​សតវត្សរ៍ មុន​ពេល​មាន​សន្តិ​ភាព​ប្រភេទ​នេះ​ក្នុងទឹក​ដី​យូដា     កង​ទ័ព​សត្រូវ​បាន​ត្រៀម​ខ្លួន​វាយ​យក​ក្រុង​យេរូសាឡិម។ ព្រះ​ទ្រង់​ក៏​បាន​មាន​បន្ទូល​តាម​រយៈ​ហោរា​អេសាយ នៅ​ពីក្រោយ​ស្រមោល​នៃ​សង្រ្គាម​ថា “បណ្តាជន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត គេ​បាន​ឃើញ​ពន្លឺ​យ៉ាង​ធំ ពួក​អ្នក​ដែល​អាស្រ័យ​នៅ​ក្នុង​ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់ គេ​មាន​ពន្លឺ​ភ្លឺ​មក​លើ​គេ​ហើយ”(អេសាយ ៩:២)។ “ដ្បិត​មាន​បុត្រ​១​កើត​ដល់​យើង ព្រះ​ទ្រង់​ប្រទាន​បុត្រា​១​មក​យើង​ហើយ ឯ​ការ​គ្រប់គ្រង​នឹង​នៅ​លើ​ស្មា​របស់​បុត្រ​នោះ … ឯ​សេចក្តី​ចំរើន​នៃ​រដ្ឋ​បាល​ទ្រង់ និង​សេចក្តី​សុខសាន្ត​របស់​ទ្រង់ នោះ​នឹង​មិន​ចេះ​ផុត​ពី​បល្ល័ង្ក​របស់​ដាវីឌ និង​នគរ​នៃ​ទ្រង់​ឡើយ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត ចាប់​តាំង​ពី​ឥឡូវ​នេះ ជា​រៀងរាប​ដរាប​ទៅ(ខ.៦-៧)។ ត្រង់ចំណុច​នេះ បទ​គម្ពីរ​ម៉ាថាយ បាន​ចែង​ថា បទ​ទំនាញ​របស់​ហោរា​អេសាយ បាន​សម្រេច ដោយ​ការ​ប្រសូត្រ​របស់​ព្រះ​គ្រីស្ទ(ម៉ាថាយ ១:២២-២៣ និងមើល អេសាយ ៧:១៤)។

ក្នុង​រដូវ​នៃ​បុណ្យ​ណូអែល យើង​ចូល​ចិត្ត​មើល​រូប​ភាព​ព្រះ​ឱរស​យេស៊ូវ ផ្ទុំ​នៅ​ក្នុង​ស្នូក។ តែ​បុត្រ​តូច​ដ៏​កំសត់ ក៏​ជា​ព្រះ​អម្ចាស់​ដ៏​មាន​គ្រប់​ចេស្តា​ផង​ដែរ ពោល​គឺ​ទ្រង់​ជា “ព្រះ​អម្ចាស់​នៃ​ពួក​ពល​បរិវ៉ា”(អេសាយ ១៣:១៣)។ ថ្ងៃ​ណា​មួយ ទ្រង់​នឹង “សោយ​រាជ្យ​លើ​បល្ល័ង្ក​ស្តេច​ដាវីឌ និង​នគរ​នៃទ្រង់ ដើម្បី​នឹង​តាំង​ឡើង ហើយ​ទប់ទល់ ដោយ​សេចក្តី​យុត្តិធម៌ និង​សេចក្តី​សុចរិត”(៩:៧)។ ការ​គ្រប់​គ្រង​របស់​ទ្រង់​មាន​សន្តិ​ភាព តែ​គ្មាន​ការ​គៀប​សង្កត់​ដូច​សន្តិ​ភាព​នៃ​ចក្រ​ភព​រ៉ូម៉ាំង​ឡើយ ព្រោះទ្រង់​ជា​ព្រះ​អម្ចាស់​នៃ​សន្តិ​ភាព។-Tim Gustafson

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles