អំណោយដ៏ផុយស្រួយ

ពេល​ខ្ញុំ​វេច​ខ្ចប់​អំណោយ​ដែល​មាន​ភាព​ផុយ​ស្រួយ ខ្ញុំ​ត្រូវ​ប្រាកដ​ថា នៅ​សម្បក​កញ្ចប់​នោះ មាន​សញ្ញា​សំគាល់​ដើម្បី​ឲ្យ​គេ​ដឹង​ថា ខាង​ក្នុង​កញ្ចប់​មាន​របស់​ផុយ​ស្រួយ។​ ខ្ញុំ​ក៏​បាន​សរសេរ​អក្សរ​ធំ​ៗ​ពី​លើ​ថា “របស់​ផុយ​ស្រួយ” ព្រោះ​ខ្ញុំ​មិន​ចង់​ឲ្យ​នរណា​ម្នាក់​ធ្វើ​ឲ្យ​ខូច​អំណោយ​ដ៏​មាន​តម្លៃ នៅ​ខាង​ក្នុង​កញ្ចប់​ឡើយ។

យ៉ាង​ណា​មិញ អំណោយ​ដ៏​ល្អ​ផុត​ដែល​ព្រះ​បាន​ប្រទាន​ដល់​យើង គឺ​ជា​ទារក​តូច ដែល​ទ្រង់​ក៏ជា​អំណោយ​ដ៏​ផុយ​ស្រួយ​ផង​ដែរ។​ ជួន​កាល​យើង​ស្រមៃ​ឃើញ​ថា ថ្ងៃ​បុណ្យ​ណូអែល ជា​ថ្ងៃ​ដែល​មាន​ទិដ្ឋ​ភាព​ដ៏​ស្រស់​ស្អាត ដូច​នៅ​លើ​រូប​គំនូរ ប៉ុន្តែ ស្រ្តី​ដែល​ធ្លាប់​ឆ្លង​ទន្លេ ប្រាកដ​ជា​អាច​ប្រាប់​យើង​ថា អ្វី​ៗ​មិន​សុទ្ធ​តែ​ស្រស់​ស្អាត ដូច​ការ​គិត​របស់​យើង​ឡើយ។​ នាង​ម៉ារា​ប្រាកដ​ជា​អស់​កម្លាំង។ កាល​នោះ នាង​ទើប​តែ​បាន​ឆ្លង​ទន្លេ​កូន​ដំបូង នៅ​កន្លែង​ដែល​ខ្វះ​អនាម័យ​បំផុត​ផង។ នាង “​រុំ​ទ្រង់នឹង​សំពត់​ផ្តេក​ក្នុង​ស្នូក ពី​ព្រោះ​ក្នុង​ផ្ទះ​សំណាក់​គ្មាន​កន្លែង​ណា​នៅ​ទេ”(លូកា ២:៧)។ ទារក​ដែល​ទើប​តែ​កើត​ត្រូវ​ការ​ការ​មើល​ថែរ​ជាប់​ជា​និច្ច។ គេ​យំ​ច្រើន ត្រូវ​បៅដោះ គេង ហើយ​ពឹង​ផ្អែក​ទៅ​លើ​អ្នក​មើល​ថែរ​ជា​និច្ច។ គេ​មិន​អាចធ្វើ​ការ​សម្រេច​ចិត្ត​អ្វី​មួយ​ឡើយ។ នៅ​សម័យ​នាង​ម៉ារា អត្រា​នៃ​ការស្លាប់​របស់​ទារក​មាន​កំរិត​ខ្ពស់ ហើយ​ម្តាយ​ជា​ច្រើន​បាន​ស្លាប់ ពេល​ឆ្លងទន្លេ។

ហេតុ​អ្វី​បាន​ជា​ព្រះ​ទ្រង់​សម្រេច​ព្រះ​ទ័យ ចាត់​ព្រះ​រាជ​បុត្រា​ទ្រង់ មក​ក្នុង​លោកិយ ដោយ​ឲ្យ​ទ្រង់​ប្រសូត្រ​តាម​របៀប​ដ៏​ផុយ​ស្រួយ​ដូច​នេះ? ពី​ព្រោះ​ទ្រង់​ត្រូវ​តែ​មាន​លក្ខណៈ​ដូច​ជា​យើង​រាល់​គ្នា ដើម្បី​ជួយ​សង្រ្គោះ​យើង។ អំណោយ​ដ៏​អស្ចារ្យ​បំផុត​របស់​ព្រះ គឺ​បាន​ប្រទាន​មក​ក្នុង​រូប​កាយ​ទារក​តូច ដ៏​ផុយ​ស្រួយ តែ​ព្រះ​ទ្រង់​ហ៊ាន​ប្រឈម​នឹង​គ្រោះ​ថ្នាក់​នេះ ដោយ​សារ​ទ្រង់​ស្រឡាញ់​យើង។​ ចូរ​យើង​មាន​ការ​ដឹង​គុណ​ទ្រង់ សម្រាប់​អំណោយ​ដ៏​អស្ចារ្យ​នេះ!-Keila Ochoa

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles