រឿងនិទានរបស់លោកអូ ហេនរី(O Henry) ដែលមានចំណងជើងថា “អំណោយរបស់អ្នកប្រាជ្ញ” និយាយអំពីលោកជីម(Jim) និងអ្នកស្រីដេឡា(Della) ដែលជាប្តីប្រពន្ធវ័យក្មេងមួយគូរ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ។ នៅពេលបុណ្យណូអែលជិតមកដល់ ពួកគេចង់ទិញអំណោយឲ្យគ្នាទៅវិញទៅមក ប៉ុន្តែ ដោយសារការខ្វះខាត ពួកគេក៏បានសម្រេចចិត្តប្រើមធ្យោបាយដ៏ពិបាកមួយ។ លោកជីមមាននាឡិការដៃពណ៌មាស ដ៏មានតម្លៃមួយគ្រឿង ចំណែកឯអ្នកស្រីដេឡាវិញ មានសក់វែងអន្លាយដ៏ស្រស់ស្អាត។ ដូចនេះ លោកជីមក៏បានលក់នាឡិកាគាត់ ដើម្បីទិញក្រាស់សិតសក់ឲ្យអ្នកស្រីដេឡា ខណៈពេលដែលអ្នកស្រីដេឡាបានទៅកាត់សក់លក់ឲ្យគេ ដើម្បីទិញខ្សែនាឡិការឲ្យលោកជីម។
រឿងនៃក្តីស្រឡាញ់នេះ បានរំឭកយើងថា ការលះបង់គឺជាចំណុចស្នូល នៃសេចក្តីស្រឡាញ់ដ៏ពិត ហើយការលះបង់ជាខ្នាតរង្វាស់ដ៏ពិត នៃសេចក្តីស្រឡាញ់។ នេះជាការពិតមែន ជាពិសេស នៅក្នុងរដូវកាលនៃបុណ្យណូអែល ពីព្រោះការលះបង់ ជាអត្ថន័យដ៏សំខាន់បំផុត នៃកំណើតរបស់ព្រះគ្រីស្ទ។ ព្រះយេស៊ូវគ្រីស្ទ បានប្រសូត្រ ដើម្បីសុគត គឺសុគតដើម្បីយើងរាល់គ្នា។ ហេតុនេះហើយបានជាទេវតាបានប្រាប់យ៉ូសែបថា “នាងនឹងប្រសូតបុត្រា១ ហើយអ្នកត្រូវថ្វាយព្រះនាមថា «យេស៊ូវ» ព្រោះបុត្រនោះនឹងជួយសង្គ្រោះរាស្ត្រទ្រង់ ឲ្យរួចពីបាប”(ម៉ាថាយ ១:២១)។
រយៈពេលជាច្រើនសតវត្សរ៍ មុនពេលព្រះគ្រីស្ទប្រសូត្រ ព្រះគម្ពីរបានថ្លែងទំនាយថា ទ្រង់នឹងយាងមកជួយសង្រ្គោះយើង ឲ្យរួចពីបាបរបស់យើង បានសេចក្តីថា យើងមិនអាចយល់ច្បាស់អំពីតម្លៃនៃស្នូកសត្វដែលព្រះឱរសយេស៊ូវបានផ្ទុំនោះឡើយ ដរាបណា យើងមិនបានស្វែងយល់អំពីអត្ថន័យនៃឈើឆ្កាងទេនោះ។ អត្ថន័យនៃបុណ្យណូអែល គឺនិយាយអំពីសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទទាំងស្រុង ដែលបានបង្ហាញយ៉ាងច្បាស់ នៅក្នុងការលះបង់របស់ទ្រង់ សម្រាប់យើងរាល់គ្នា។-Bill Crowder