ពេលខ្ញុំកំពុងអង្គុយនៅក្បែរគ្រែរបស់មិត្តភក្តិម្នាក់ នៅបន្ទប់សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ ខ្ញុំមានការប៉ះពាលចិត្តយ៉ាងខ្លាំង ពេលបានឮសម្លេងនៃការឈឺចាប់របស់អ្នកជម្ងឺដទៃទៀត នៅក្បែរនោះ។ ខ្ញុំក៏បានអធិស្ឋានឲ្យមិត្តភក្តិខ្ញុំ និងអ្នកជម្ងឺទាំងនោះ ហើយពេលនោះ ខ្ញុំក៏បានដឹងជាថ្មីម្តងទៀតថា ជីវិតរបស់មនុស្សនៅលើផែនដីនេះ ពិតជាខ្លីយ៉ាងណា។ បន្ទាប់មក ខ្ញុំក៏បាននឹកចាំ អំពីបទចម្រៀងជនបទដែលខ្ញុំចូលចិត្តស្តាប់ តាំងពីយូរមកហើយ ដែលច្រៀងដោយលោកជីម រីវ(Jim Reeves) ដែលនិយាយអំពី លោកិយនេះដែលមិនមែនជាផ្ទះរបស់យើងទេ ព្រោះ “យើងគ្រាន់តែជាអ្នកដំណើរ”។
លោកិយនេះមានពេញដោយភាពនឿយហត់ ការឈឺចាប់ ការស្រេកឃ្លាន បំណុល ភាពក្រីក្រ ជម្ងឺ និងសេចក្តីស្លាប់។ ដោយសារយើងត្រូវធ្វើដំណើរឆ្លងកាត់តាមលោកិយនេះ ព្រះយេស៊ូវទ្រង់ក៏បានមានបន្ទូលអញ្ជើញសម្រាប់មនុស្សគ្រប់សម័យកាលថា “អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក”(ម៉ាថាយ ១១:២៨)។ យើងត្រូវការការសម្រាកនេះ។
ក្នុងចំណោមពិធីបុណ្យសពដែលខ្ញុំបានចូលរួម ខ្ញុំច្រើនតែឃើញគេដកស្រង់បទគម្ពីរ ដែលនិយាយអំពីការថ្លែងទំនាយរបស់សាវ័កយ៉ូហាន អំពី “ផ្ទៃមេឃ និងផែនដីថ្មី”(វិវរណៈ ២១:១-៥) ព្រោះបទគម្ពីរនេះ សក្តិសមសម្រាប់ពីធីបុណ្យសពណាស់។ ប៉ុន្តែ ខ្ញុំជឿថា បទគម្ពីរនេះបានចែងសម្រាប់អ្នកនៅរស់ ច្រើនជាងសម្រាប់មនុស្សស្លាប់។ យើងត្រូវស្តាប់តាមការអញ្ជើញរបស់ព្រះយេស៊ូវ ឲ្យចូលមកសម្រាកក្នុងទ្រង់ នៅពេលដែលយើងនៅមានជីវិតនៅឡើយ។ ទាល់តែយើងបានស្តាប់បង្គាប់តាមទ្រង់ ទើបយើងមានសិទ្ធិទទួលព្រះពរតាមព្រះបន្ទូលសន្យា ក្នុងព្រះគម្ពីរវិវរណៈ។ ព្រះទ្រង់នឹងគង់នៅក្នុងកណ្តាលចំណោមយើងរាល់គ្នា(ខ.៣)។ ទ្រង់នឹងជូតទឹកភ្នែកយើងរាល់គ្នា(ខ.៤)។ “សេចក្តីស្លាប់ ឬការសោកសង្រេង ទួញយំ ឬការឈឺចាប់ នឹងមិនមានទៀតឡើយ”(ខ.៤)។
ចូរយើងទទួលការអញ្ជើញរបស់ព្រះយេស៊ូវ ហើយចូលសម្រាកក្នុងទ្រង់ចុះ!–Lawrence Darmani