មានពេលមួយ ខ្ញុំបានឈរនៅក្នុងផ្លូវដើរ នៅចន្លោះធ្នើដាក់ទំនិញ ក្នុងហាងទំនិញ។ ខ្ញុំមានការពិបាក នៅក្នុងការស្វែងរកកាតប៉ូស្តាល់ដ៏ល្អឥតខ្ចោះ សម្រាប់ទិវាលោកឪពុក។ ទោះបីជាខ្ញុំ និងឪពុកខ្ញុំបានផ្សះផ្សាគ្នា បន្ទាប់ពីយើងមានទំនាក់ទំនងដ៏ពិបាកជាច្រើនឆ្នាំហើយក៏ដោយ ក៏ខ្ញុំនៅតែមិនមានអារម្មណ៍ថា មានភាពស្និទ្ធស្នាលជាមួយប៉ារបស់ខ្ញុំទេ។
នៅថ្ងៃនោះ ស្រ្តីម្នាក់ដែលឈរនៅក្បែរខ្ញុំបានបញ្ចេញសម្លេងរអ៊ូ ខណៈពេលដែលនាងកំពុងតែដាក់កាតប៉ូស្តាល់ដែលនាងបានអានហើយ ចូលទៅក្នុងកន្លែងដាក់តាំងវិញ។ នាងក៏បានរអ៊ូថា “ហេតុអ្វីបានជាគេ មិនផលិតកាតប៉ូស្តាល់ សម្រាប់អ្នកដែលមិនមានទំនាក់ទំនងល្អ ជាមួយឪពុករបស់ខ្លួន ប៉ុន្តែ កំពុងតែព្យាយាមធ្វើនូវកិច្ចការដ៏ត្រឹមត្រូវ សម្រាប់គាត់?”
នាងក៏បានប្រញាប់ចេញទៅក្រៅបាត់។ ខ្ញុំរកឆ្លើយប្រាប់នាងមិនទាន់ ដូចនេះ ខ្ញុំក៏បានអធិស្ឋានឲ្យនាង។ ខ្ញុំក៏បានអរព្រះគុណព្រះជាម្ចាស់ ដ្បិតមានតែទ្រង់ទេ ដែលអាចធ្វើជាឪពុកដែលល្អឥតខ្ចោះ ហើយខ្ញុំក៏បានទូលសូមទ្រង់ពង្រឹងទំនាក់ទំនង ដែលខ្ញុំមានជាមួយឪពុកខ្ញុំ។
ខ្ញុំក៏ស្រេកឃ្លានចង់បានទំនាក់ទំនងកាន់តែស្និទ្ធស្នាលជាមួយព្រះវរបិតារបស់ខ្ញុំ ដែលគង់នៅស្ថានសួគ៌ផងដែរ។ ខ្ញុំចង់មានទំនុកចិត្ត ចំពោះព្រះវត្តមាន អំណាចចេស្តា និងការការពាររបស់ទ្រង់ ដូចស្តេចដាវីឌដែរ(ទំនុកដំកើង ២៧:១-៦)។
ពេលស្តេចដាវីឌស្រែករកជំនួយ ទ្រង់រំពឹងថា ព្រះទ្រង់នឹងឆ្លើយតប(ខ.៧-៩)។ ទោះឪពុកម្តាយនៅផែនដីអាចបដិសេធន៍ បោះបង់ចោល ឬមិនអើពើរចំពោះកូនខ្លួនក៏ដោយ ក៏ស្តេចដាវីឌនៅតែប្រកាសថា ព្រះទ្រង់នឹងទទួលយកយើង ដោយគ្មានលក្ខខ័ណ្ឌ(ខ.១០)។ ទ្រង់បានរស់នៅ ដោយមានការជឿជាក់លើ សេចក្តីល្អរបស់ព្រះ(ខ.១១-១៣)។ ជួនកាល ស្តេចដាវីឌមានការពិបាក នៅក្នុងការអនុវត្ត គឺមិនខុសពីយើងឡើង ប៉ុន្តែ ព្រះវិញ្ញាណបរិសុទ្ធជួយឲ្យទ្រង់អត់ទ្រាំ ដោយជំនឿ និងការពឹងផ្អែកលើព្រះអម្ចាស់(ខ.១៤)។
យើងក៏អាចជួបទំនាក់ទំនងដ៏ពិបាកផងដែរ គឺមិនខុសពីស្រ្តីនៅក្នុងហាងទំនិញ ដែលមានការពិបាកនៅក្នុងទំនាក់ទំនងជាមួយឪពុកគាត់។ ប៉ុន្តែ ទោះមនុស្សមានចំណុចខ្វះខាត ធ្វើឲ្យយើងខកចិត្ត ឬធ្វើឲ្យយើងឈឺចាប់ក៏ដោយ ក៏ព្រះដែលជាឪពុកដ៏ល្អឥតខ្ចោះ នៅតែស្រឡាញ់ និងការពារយើងទាំងស្រុង។—XOCHITL DIXON