ពេលនីមួយៗ សុទ្ធតែសំខាន់

មិត្ត​ភក្តិ និង​ក្រុម​គ្រួសារ​របស់​អ្នក​ស្រីអាដា(Ada) បាន​ស្លាប់​មុន​គាត់ អស់​ហើយ ហើយ​គាត់​ក៏​បាន​រស់​ក្នុង​ផ្ទះ​ថែរ​ទាំជន​ចាស់​ជរា ជា​កន្លែង​ដែល​ខ្ញុំ​បាន​ជួប​គាត់។ គាត់​ប្រាប់​ខ្ញុំ​ថា “ការ​មាន​ជីវិត​ជា​មនុស្ស​ចាស់ គឺ​ពិបាក​បំផុត នៅ​ពេលដែល​ខ្ញុំ​ត្រូវ​មើល​ឃើញ​គេ​រាល់​គ្នា​លាចាក​លោក ទៅ​ចោល​ខ្ញុំ​អស់ ម្តង​មួយ​ៗ”។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​សួរ​គាត់​ថា តើ​មាន​អ្វីខ្លះ ដែល​គាត់​ចាប់​អារម្មណ៍ ហើយ​តើ​គាត់​ចូល​ចិត្ត​ចំណាយ​ពេល​ធ្វើ​អ្វី? គាត់​ក៏​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ ដោយ​ប្រើ​បទ​គម្ពីរ ដែល​សាវ័ក​ប៉ុល​បាន​និពន្ធ (ភីលីព ១:២១) ដែល​បាន​ចែង​ថា “ដ្បិត​ឯ​ខ្ញុំ ដែល​ខ្ញុំ​រស់​នៅ នោះ​គឺ​សំរាប់​ព្រះ​គ្រីស្ទ​ទេ ហើយ​ដែល​ស្លាប់​ទៅ នោះ​ជា​កំរៃ​វិញ”។ បន្ទាប់​មក គាត់​ក៏​មាន​ប្រសាសន៍​ថា “ពេល​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ ខ្ញុំ​មាន​កិច្ចការ​ដែល​ត្រូវ​ធ្វើ។ នៅ​ថ្ងៃ​ដែល​ល្អ ខ្ញុំ​ជជែក​ជា​មួយ​អ្នក​រស់​នៅ​ទីនេះ អំពី​ព្រះ​យេស៊ូវ ហើយ​នៅ​ថ្ងៃ​ដែល​ពិបាក ខ្ញុំ​នៅ​តែ​អាច​អធិស្ឋាន”។

គួរ​ឲ្យ​កត់​សំគាល់​ថា សាវ័ក​ប៉ុល​បាន​និពន្ធ​កណ្ឌ​គម្ពីរ​ភីលីព នៅ​ក្នុង​គុក។ ហើយ​គាត់​ក៏​បាន​ទទួល​ស្គាល់​ការពិត​មួយ ដែល​គ្រីស្ទ​បរិស័ទ​ជា​ច្រើន​យល់ ខណៈ​ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​នឹង​ជីវិត​ដែល​មាន​កំណត់។ គឺ​ការ​ពិត ដែល​ថា ទោះ​បី​ជា​យើង​កាន់​តែ​ជិត​ដល់​ពេល​ទៅ​នៅ​នគរស្ថាន​សួគ៌​ក៏​ដោយ ក៏​ពេល​វេលា ដែល​យើង​នៅ​សល់​នៅ​លើផែន​ដី គឺ​នៅ​តែ​សំខាន់​ចំពោះ​ព្រះ​អម្ចាស់។ អ្នក​ស្រី​អាដា​បាន​ទទួល​ស្គាល់​ថា គ្រប់​ដង្ហើម​ដែល​គាត់​ដក គឺ​ជា​ឱកាស សម្រាប់​បម្រើ និង​ថ្វាយ​សិរីល្អ​ដល់​ព្រះ គឺ​មិន​ខុស​ពី​សាវ័ក​ប៉ុល​ឡើយ។ ហេតុ​នេះ​ហើយ បាន​ជា​អ្នក​ស្រី​អាដា​បានចំណាយ​ពេល​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ស្រឡាញ់​អ្នក​ដទៃ ហើយ​នាំ​គេ​ឲ្យ​ស្គាល់​ព្រះ​សង្រ្គោះ។

សូម្បី​តែ​នៅ​ក្នុង​ពេល​ដែល​ខ្មៅ​ងងឹត​បំផុត ក្នុង​ជីវិត​យើង ក្នុង​នាម​ជា​គ្រីស្ទ​បរិស័ទ យើង​នៅ​តែ​អាច​ជឿជាក់​លើ​សេចក្តី​សន្យា​ថា យើង​នឹង​បាន​ទទួល​ក្តី​អំណរ​ដ៏​ស្ថិត​ស្ថេរ ក្នុង​ព្រះ​វត្ត​មាន​ព្រះ​ជា​ម្ចាស់។​ ហើយ​ខណៈ​ពេល​ដែល​យើង​កំពុង​រស់​នៅ យើង​អាច​អរ​សប្បាយ​នឹង​ទំនាក់​ទំនង​ជា​មួយ​ទ្រង់។ ពេល​វេលា​ទាំង​អស់ ក្នុង​ជីវិត​យើង គឺ​សុទ្ធ​តែ​សំខាន់​ចំពោះ​ទ្រង់។ —RANDY KILGORE

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles