ខ្ញុំមិនដែលភ្លេចពេលដែលខ្ញុំមានឯកសិទ្ធិ នៅក្នុងការអង្គុយនៅក្បែរលោកប៊ីលី ក្រាហាំ នៅពេលញាំអាហារពេលល្ងាចជាមួយគាត់។ ខ្ញុំមានកិត្តិយសណាស់ ដែលបានញាំអាហារពេលល្ងាចជាមួយគាត់ ប៉ុន្តែ ខ្ញុំហាក់ដូចជាមានការស្ទាក់ស្ទើរ មិនដឹងថា ត្រូវនិយាយអ្វីឲ្យបានសមរម្យ។ ខ្ញុំគិតថា ខ្ញុំគួរតែចាប់ផ្តើមការសន្ទនា ដោយសួរគាត់ អំពីការអ្វីខ្លះ ដែលគាត់ស្រឡាញ់បំផុត នៅក្នុងការងារ ដែលគាត់បានធ្វើបម្រើព្រះ ជាច្រើនឆ្នាំមកនេះ។ បន្ទាប់មក ខ្ញុំក៏បានសួរគាត់ ជាលក្ខណៈសំរាយថា តើអ្វីដែលគាត់ស្រឡាញ់បំផុតនោះ គឺជាការស្គាល់ប្រធានាធិបតី ស្តេច និងក្សត្រី? ឬក៏ជាការផ្សាយដំណឹងល្អ ដល់មនុស្សរាប់លាននាក់ នៅទូទាំងពិភពលោក?
មុនពេលខ្ញុំបញ្ចប់សំណួរជាលក្ខណៈសម្រាយ លោកគ្រូគង្វាល ក្រាហាំ ក៏បានកាត់ខ្ញុំ ដោយគ្មានការស្ទាក់ស្ទើរថា “អ្វីដែលខ្ញុំស្រឡាញ់បំផុត គឺការប្រកបដែលខ្ញុំមានជាមួយព្រះយេស៊ូវ។ គឺខ្ញុំបានស្គាល់ព្រះវត្តមានទ្រង់ បានរៀនសូត្រអំពីប្រាជ្ញារបស់ទ្រង់ បានអនុញ្ញាតឲ្យទ្រង់នាំផ្លូវ និងដឹកនាំខ្ញុំ នេះជាក្តីអំណរដ៏ខ្លាំងបំផុតរបស់ខ្ញុំ”។ ភ្លាមៗនោះ ខ្ញុំទទួលការប៉ះពាល់ចិត្ត និងការបណ្តាលចិត្ត។ ខ្ញុំមានការប៉ះពាល់ចិត្ត ព្រោះខ្ញុំមិនដឹងច្បាស់ថា ខ្ញុំនឹងអាចឆ្លើយដូចគាត់ឬទេ ហើយក៏បានទទួលការបណ្តាលចិត្ត ដោយខ្ញុំចង់ឲ្យខ្លួនខ្ញុំអាចឆ្លើយដូចគាត់ដែរ។
យ៉ាងណាមិញ សាវ័កប៉ុលក៏បានគិតអំពីចំណុចនេះផងដែរ ពេលដែលគាត់បានរាប់ថា ជោគជ័យដ៏ធំបំផុតរបស់គាត់ មិនមានតម្លៃអ្វី ស្មើនឹង “ការស្គាល់ព្រះគ្រីស្ទ ជាព្រះអម្ចាស់របស់គាត់ឡើយ”(ភីលីព ៣:៨)។ តើជីវិតយើងនឹងមានការរីកចម្រើនប៉ុណ្ណា នៅពេលដែលយើងដេញតាមព្រះយេស៊ូវ និងការប្រកបជាមួយទ្រង់ ជាទីមួយ។ —JOE STOWELL