ខ្ញុំចូលចិត្តការតែងនិពន្ធរបស់លោកជី ឃេ ឆេសធ័រធិន(G. K. Chesterton) ដែលជាអ្នកនិពន្ធជនជាតិអង់គ្លេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ការសរសេរបែបកំប្លែង និងទស្សនៈរបស់គាត់ ច្រើនតែធ្វើឲ្យខ្ញុំសើច ហើយបន្ទាប់មក ខ្ញុំក៏បានឈប់បង្អង់សិន ដើម្បីធ្វើការពិចារណា ឲ្យបានដឹតដល់ ចំពោះអ្វីដែលគាត់បានសរសេរ។ ឧទាហរណ៍ គាត់សរសេរថា “អ្នកអធិស្ឋានអរព្រះគុណព្រះ មុនពេលញាំអាហារ។ ជាការល្អណាស់។ ប៉ុន្តែ ខ្ញុំអរព្រះគុណព្រះអង្គ មុនពេលការសម្តែងល្ខោន និងចម្រៀង ខ្ញុំអរព្រះគុណព្រះអង្គមុនពេលការប្រគុំតន្រ្តី និងការសម្តែងល្ខោនសម្រាប់កុមារ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលខ្ញុំបើកសៀវភៅ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលគូររូប ផាត់ពណ៌ពីលើរូប ហែលទឹក ការប្រកួតគុណដាវ ការប្រកួតប្រដាល់ ការដើរ ការលេង ការរាំ ហើយខ្ញុំអរព្រះគុណព្រះអង្គ មុនពេលខ្ញុំជ្រលក់ស្លាបប៉ាកា ចូលទៅក្នុងទឹកខ្មៅ”។
វាជាការល្អ ដែលយើងអរព្រះគុណព្រះអម្ចាស់ មុនពេលញាំអាហារ ប៉ុន្តែ យើងមិនគួរមានការអរព្រះគុណ តែប៉ុណ្ណេះឡើយ។ សាវ័កប៉ុលបានមើលឃើញសកម្មភាព និងការប្រឹងប្រែងនីមួយៗ ជាអ្វីដែលយើងគួរតែអរព្រះគុណព្រះអង្គ ហើយត្រូវធ្វើ ដើម្បីថ្វាយសិរីល្អដល់ទ្រង់។ គឺដូចដែលគាត់បានបង្រៀនយើងថា “ក្នុងគ្រប់ទាំងអស់ ទោះបើការអ្វីដែលអ្នករាល់គ្នានឹងធ្វើ ដោយពាក្យសំដី ឬកិរិយាក៏ដោយ ចូរធ្វើទាំងអស់ ដោយព្រះនាមនៃព្រះអម្ចាស់យេស៊ូវ ទាំងអរព្រះគុណដល់ព្រះដ៏ជាព្រះវរបិតា ដោយសារទ្រង់ផង”(កូល៉ុស ៣:១៧)។ ការកម្សាន្ត ការងារ និងការអប់រំ គឺសុទ្ធតែជាសកម្មភាព ដែលយើងអាចថ្វាយការគោរពដល់ព្រះអម្ចាស់ ហើយបង្ហាញចេញនូវការអរព្រះគុណដល់ទ្រង់។
សាវ័កប៉ុលក៏បានលើកទឹកចិត្តពួកជំនុំនៅក្រុងកូល៉ុសផងដែរថា “ចូរឲ្យសេចក្តីមេត្រីរបស់ព្រះគ្រីស្ទត្រួតត្រានៅក្នុងចិត្ត ដែលទ្រង់បានហៅអ្នករាល់គ្នាមកក្នុងសេចក្តីនោះឯង ឲ្យមានរូបកាយតែ១ ហើយត្រូវដឹងគុណផង”(ខ.១៥)។
កន្លែងណាក៏ជាកន្លែងដ៏ល្អបំផុត ហើយពេលណាក៏ជាពេលល្អបំផុត សម្រាប់ “ពោលពាក្យអរព្រះគុណព្រះ” ហើយដែលសំខាន់គឺយើងត្រូវមានចិត្តចង់ថ្វាយការអរព្រះគុណដល់ព្រះអម្ចាស់ ហើយថ្វាយការគោរពដល់ទ្រង់។—DAVID C. MCCASLAND