កន្លែងដែលមានសុវត្ថិភាព

ខ្ញុំ និង​បង​ប្រុស​របស់​ខ្ញុំ បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ក្នុង​តំបន់​ជើង​ភ្នំ ដែល​មាន​មាន​ព្រៃ​ដុះ​ច្រើន ក្នុង​រដ្ឋ​វើជីនា​ខាង​លិច ដែល​បាន​ផ្តល់​ឲ្យ​នូវ​ទេសភាព​ដ៏​សម្បូរ​បែប សម្រាប់​ឲ្យ​យើង​ធ្វើ​អ្វី តាម​ការ​ស្រមើ​ស្រមៃ​របស់​យើង។ កាល​នៅ​ក្មេង យើង​បាន​ធ្វើ​តាម​សាច់​រឿង ដែល​យើង​ឃើញ​មាន​ក្នុង​រឿង​ដែល​យើង​បាន​អាន និង​ក្នុង​ខ្សែ​ភាព​យន្ត​ដែល​យើង​បាន​ទស្សនា ដោយ​តោង​វល្លិ​ធំ​ៗ យោល​ខ្លួន​ចុះ​ឡើង ដូច​តួ​អង្គ​តាហ្សង់ ឬ​សង់​ផ្ទះ​នៅ​លើ​ដើម​ឈើ ដូច​ក្រុម​គ្រួសារ​រ៉ូប៊ីនសិន ដែល​ជា​ជន​ជាតិ​ស្វីស​ជា​ដើម។ ការ​សាង​សង់​បន្ទាយ​ទ័ព ក៏​ជា​អ្វី​ដែល​យើង​ចូល​ចិត្ត​លេង​ជាង​គេ​ផង​ដែរ ដោយ​យើង​បាន​កុហក់​ខ្លួន​ឯង​ថា យើង​មាន​សុវត្ថិ​ភាព រួច​ពីការ​វាយ​ប្រហារ​ផ្សេង​ៗ។ ជា​ច្រើន​ឆ្នាំ​ក្រោយ​មក កូន​ៗ​របស់​ខ្ញុំ​ក៏​បាន​នាំ​គ្នា​លេង​សង់​បន្ទាយ​ទ័ព ដោយ​ប្រើ​ភួយ កម្រាល​ពួក និងខ្នើយ​កើយ ដើម្បី​សាង​សង់ “កន្លែង​ដ៏​មាន​សុវត្ថិ​ភាព” ផ្ទាល់​ខ្លួន ប្រឆាំង​នឹង​សត្រូវ​ក្នុង​ការ​ស្រមៃ​របស់​ពួក​គេ។ យើង​ហាក់​ដូច​ជាមាន​សុភាវ​គិត ដែល​ចង់​បាន​កន្លែង​លាក់​ខ្លួន ដែល​យើង​អាច​មាន​អារម្មណ៍​ថា មាន​សុវត្ថិ​ភាព និង​សុខ​សាន្ត។

ពេល​ដែល​ស្តេច​ដាវីឌ ដែល​ជា​អ្នក​ចម្រៀង និង​កវី​កំណាព្យ​នៃ​ជន​ជាតិ​អ៊ីស្រាអែល ស្វែង​រក​កន្លែង​ដែល​មាន​សុវត្ថិ​ភាព ទ្រង់​បាន​ស្វែង​រក​កន្លែង​ជ្រក​កោន​នោះ នៅ​ក្នុង​ព្រះ​ជា​ម្ចាស់ គឺ​មិន​បាន​ទៅ​រក​នៅ​កន្លែង​ផ្សេង​ឡើយ។ គឺ​ដូច​ដែល​មាន​ចែង​នៅ​ក្នុង​បទ​គម្ពីរ ​ទំនុក​ដំកើង ៤៦:១-២ ថា “ព្រះ​ទ្រង់​ជា​ទីពឹង​ជ្រក ក៏​ជា​កំឡាំង​នៃ​យើង​ខ្ញុំ ជា​ជំនួយ​ដែល​នៅ​ជាប់​ជា​មួយ​ក្នុង​គ្រា​អាសន្ន ហេតុ​នោះ យើង​ខ្ញុំ​នឹង​មិន​ខ្លាច​ឡើយ”។ ពេល​ដែល​អ្នក​ពិចារណា អំពី​សេចក្តី​ដែល​បាន​ចែង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់ អំពី​ដំណើរ​ជីវិត​របស់​ស្តេច​ដាវីឌ និង​ការ​គំរាម​កំហែង ដែល​ទ្រង់​បាន​ជួប ស្ទើរ​តែ​ជា​ប្រចាំ បទ​គម្ពីរ​ទំនុក​ដំកើង​នេះ បាន​បង្ហាញ​ថា ទ្រង់​មាន​ការ​ទុក​ចិត្ត ចំពោះ​ព្រះ​ជា​ម្ចាស់ ក្នុង​កំរិត​ដ៏​អស្ចារ្យ។ ទោះ​ទ្រង់​បាន​ជួប​ការ​គំរាម​កំហែង​យ៉ាង​ណា​ក៏​ដោយ ក៏​ទ្រង់​នៅ​តែ​ជឿ​ជាក់​ថា មាន​តែ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ ដែល​អាច​ប្រទាន​នូវ​សុវត្ថិ​ភាព​ដ៏​ពិត។

យើង​ក៏​អាច​មាន​ទំនុក​ចិត្ត ចំពោះ​ព្រះ​ជា​ម្ចាស់ ដូច​ស្តេច​ដាវីឌ​ផង​ដែរ។ ព្រះ​ដែល​បាន​សន្យា​ថា នឹង​មិន​ដែល​ចាក​ចេញ​ពី​យើង ឬបោះ​បង់​យើង​ចោល(ហេព្រើរ ១៣:៥) ​គឺ​ជា​ព្រះ​ដែល​យើង​អាច​ទុក​ចិត្ត​ថា ទ្រង់​នឹង​ថែរក្សា​ជីវិត​យើង ជា​រៀង​រាល់​ថ្ងៃ។​ ទោះ​យើង​កំពុង​រស់​នៅ​ក្នុង​ពិភព​លោក​ដ៏​គ្រោះ​ថ្នាក់​ក៏​ដោយ ក៏​ព្រះ​នៃ​យើង​ប្រទាន​យើង​ នូវ​សន្តិ​ភាព និង​ការ​ធានា សម្រាប់​ពេល​បច្ចុប្បន ក៏​ដូច​ជា​ពេល​អនាគត។ ព្រះ​អង្គ​ជា​កន្លែង​ជ្រក​កោន ដ៏​មាន​សុវត្ថិ​ភាព​សម្រាប់​យើង។ —BILL CROWDER

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles