មុនពេលប្រតិទិនឈានចូលដល់ខែធ្នូ ការអបអរបុណ្យណូអែលក៏បានចាប់ផ្តើម នៅក្នុងក្រុងខាងជើង ដែលជាក្រុងរបស់ខ្ញុំ។ ខ្ញុំបានឃើញការិយ៉ាល័យសុខាភិបាលមួយកន្លែង មានការតុបតែងដើមណូអែល ដោយយកភ្លើងពណ៌មកចងលម្អ ឲ្យមានពណ៌ចម្រុះ សម្រាប់បញ្ចេញពន្លឺដ៏គួរឲ្យគយគន់នៅពេលយប់។ ហើយខ្ញុំក៏បានឃើញក្រុមហ៊ុនមួយ មានការតុបតែងអគាររបស់ខ្លួន ឲ្យមានរូបរាងដូចកញ្ចប់កាដូបុណ្យណូអែលដ៏ធំសម្បើមមួយ ដែលគេបានវេចខ្ចប់យ៉ាងឆើតឆាយ។ នៅតំបន់នោះ គេឃើញភស្តុតាងនៃការប្រារព្ធពិធីបុណ្យណូអែលស្ទើរគ្រប់ទីកន្លែង ឬយ៉ាងហោចណាស់ ពេលនោះ ជារដូវកាលនៃការផ្សាយពាណិជ្ជកម្ម សម្រាប់ពិធីបុណ្យណូអែល។
អ្នកខ្លះចូលចិត្តការដាក់បង្ហាញដ៏ឆើតឆាយទាំងនោះ។ អ្នកខ្លះទៀតក៏បានគិតថា ការតុងតែងទាំងនោះ គឺត្រូវបានធ្វើឡើង ដើម្បីប្រយោជន៍ផ្ទាល់ខ្លួនទេ។ ប៉ុន្តែ ដែលសំខាន់នោះ គឺយើងមិនត្រូវចោទសួរ អំពីរបៀបនៃការប្រារព្ធពិធីបុណ្យណូអែលនោះឡើយ។ ផ្ទុយទៅវិញ យើងម្នាក់ៗចាំបាច់ត្រូវពិចារណាថា តើការប្រារព្ធបុណ្យណូអែល មានន័យយ៉ាងណាចំពោះយើង។
រយៈពេលជាង៣០ឆ្នាំ បន្ទាប់ពីព្រះយេស៊ូវបានប្រសូត្រ ទ្រង់បានចោទសួរសិស្សទ្រង់ថា “តើមនុស្សទាំងឡាយ គេថាកូនមនុស្សជាអ្នកណា?”(ម៉ាថាយ ១៦:១៣)។ ពួកគេក៏បានឆ្លើយថា អ្នកខ្លះថា ទ្រង់ជាលោកយ៉ូហានបាទីស្ទ ខ្លះថា ទ្រង់ជាលោកអេលីយ៉ា ឬប្រហែលជាហោរាម្នាក់ទៀត។ បន្ទាប់មក ព្រះយេស៊ូវក៏បានសួរពួកគេផ្ទាល់ខ្លួនម្នាក់ៗថា តើពួកគេគិតថា ទ្រង់ជានរណា?(ខ.១៥)។ លោកពេត្រុស ក៏បានឆ្លើយថា “ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់”(ខ.១៦)។
នៅឆ្នាំនេះ មនុស្សជាច្រើននឹងប្រារព្ធពិធីបុណ្យណូអែល ដោយមិនបានគិតថា បុត្រតូចដែលបានប្រសូត្រនៅថ្ងៃណូអែលដំបូងនោះ ជានរណាឡើយ។ ពេលដែលយើងមានឱកាស យើងអាចជួយពួកគេឲ្យពិចារណា អំពីសំណួរដ៏សំខាន់ ដែលសួរថា តើពិធីបុណ្យណូអែលគ្រាន់តែជារឿង ដែលស្តីអំពីទារកតូច ដែលបានប្រសូត្រក្នុងក្រោលសត្វ? ឬជារឿងដែលនិយាយ អំពីព្រះអាទិករនៃយើង ដែលបានយាងចុះមករកយើង ដែលជាស្នាព្រះហស្តទ្រង់ ហើយក៏បានប្រសូត្រជាមនុស្ស ដើម្បីគង់នៅក្នុងចំណោមយើង? —TIM GUSTAFSON