មានពេលមួយ ខ្ញុំមានភាពឯកោបំផុត នៅថ្ងៃបុណ្យណូអែល នៅក្នុងខ្ទមរបស់ជីតាខ្ញុំ នៅក្បែរក្រុងសាកូហ្គូ នៅភាគខាងជើងនៃប្រទេសហ្កាណា។ កាលនោះ ខ្ញុំមានអាយុតែ១៤ឆ្នាំប៉ុណ្ណោះ ហើយឪពុកម្តាយ និងបងប្អូនបង្កើតរបស់ខ្ញុំ កំពុងតែនៅឆ្ងាយពីខ្ញុំ ចម្ងាយរាប់ពានគីឡូម៉ែត្រ។ កាលពីឆ្នាំមុន ខ្ញុំតែងតែនៅជាមួយពួកគេ និងនៅជាមួយមិត្តភក្តិរស់នៅក្នុងភូមិជាមួយគ្នា ធ្វើឲ្យការប្រារព្ធពិធីបុណ្យណូអែល តែងតែមានភាពធំដុំ និងសប្បាយមិនអាចភ្លេចបាន។ ប៉ុន្តែ បុណ្យណូអែល នៅឆ្នាំនោះមានភាពស្ងាត់ស្ងៀម និងឯកោណាស់។ ខណៈពេលដែលខ្ញុំកំពុងគេងលើកន្ទេល ដែលបានក្រាលពីលើកម្រាលឥដ្ឋ នៅពេលព្រឹកព្រលឹមថ្ងៃបុណ្យណូអែលឆ្នាំនោះ ខ្ញុំក៏បាននឹកចាំបទចម្រៀងប្រចាំតំបន់មួយបទ ដែលគេច្រៀងថា “ឆ្នាំចាស់បានចប់ហើយ បុណ្យណូអែលបានមកដល់ ព្រះរាជបុត្រានៃព្រះបានចាប់កំណើតហើយ។ សូមសេចក្តីសុខសាន្ត និងក្តីអំណរ បានកើតមាន ដល់មនុស្សគ្រប់គ្នា”។ ខ្ញុំក៏បានច្រៀងបទចម្រៀងនេះម្តងហើយម្តងទៀត ដោយការទួញយំ។
ជីដូនរបស់ខ្ញុំក៏បានចូលមក ហើយសួរខ្ញុំថា “តើចៅកំពុងច្រៀងបទអីហ្នឹង?” កាលនោះ តាយាយរបស់ខ្ញុំ មិនដឹងថា បុណ្យណូអែលជាបុណ្យអ្វីទេ ហើយក៏មិនស្គាល់ព្រះគ្រីស្ទដែរ។ ដូចនេះ ខ្ញុំក៏បានចែកចាយប្រាប់ពួកគាត់ អំពីការអ្វីដែលខ្ញុំបានដឹង អំពីបុណ្យណូអែល។ ពេលនោះ ខ្ញុំក៏បានជម្នះភាពឯកោរបស់ខ្ញុំ។
កាលស្តេចដាវីឌ នៅក្មេង ទ្រង់ធ្លាប់នៅយាមសត្វចៀមតែម្នាក់ឯក ហើយជួនកាលមានសត្វសាហាវមករំខាន។ ពេលនោះ ក្មេងគង្វាលចៀមម្នាក់នេះ ក៏បានជួបភាពឯកោផងដែរ។ ទ្រង់មានភាពឯកោ មិនមែនតែនៅពេលនោះប៉ុណ្ណោះទេ។ នៅពេលក្រោយមកទៀត ទ្រង់បានសរសេរថា “ទូលបង្គំនៅតែឯង ហើយមានសេចក្តីវេទនា”(ទំនុកដំកើង ២៥:១៦)។ ប៉ុន្តែ ស្តេចដាវីឌមិនបានបណ្តោយឲ្យខ្លួនឯងពិបាកចិត្ត ដោយសារភាពឯកោនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់បានច្រៀងថា ទ្រង់មានសេចក្តីសង្ឃឹម ក្នុងព្រះជាម្ចាស់(ខ.២១)។
ពីពេលមួយ ទៅពេលមួយ យើងរាល់គ្នាសុទ្ធតែជួបភាពឯកោ។ ទោះអ្នកមានអារម្មណ៍ថា ឯកោ ឬមានអ្នកដទៃនៅក្បែរក្តី អ្នកអាចអរសប្បាយនឹងរដូវកាលនៃបុណ្យណូអែល ជាមួយព្រះគ្រីស្ទ។—LAWRENCE DARMANI