ព្រះហស្តរបស់ព្រះ ដែលយើងមើលមិនឃើញ

មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ត្រូវ​បាន​ប្តី​ប្រពន្ធ​ដែល​ជា​បេសកជន​មក​ពី​សហរដ្ឋ​អាមេរិក យក​ទៅ​ចិញ្ចឹម ហើយ​គាត់​ក៏​បាន​ចម្រើន​វ័យ​ធំ​ឡើង នៅ​ប្រទេស​ហ្កាណា។ បន្ទាប់​ពី​ក្រុម​គ្រួសារ​គាត់​បាន​វិល​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ គាត់​ក៏​បាន​ចាប់​ផ្តើម​ចូល​រៀន​នៅ​មហា​វិទ្យាល័យ ប៉ុន្តែ គាត់​ក៏​បាន​បោះ​បង់​ការ​សិក្សា។ ក្រោយ​មក គាត់​ក៏​បាន​ចូល​ធ្វើ​ទាហាន ដែល​បាន​នាំ​ឲ្យ​គាត់​មាន​លទ្ធ​ភាព​បង់​ថ្លៃ​មហាវិទ្យា​ល័យ ហើយ​ធ្វើ​ដំណើរ​ទូទាំង​ពិភព​លោក។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​គាត់ ក្នុង​ពេល​ដ៏​ពិបាក ដោយ​រៀប​ចំ​ខ្លួន​គាត់ សម្រាប់​តួនាទី​ដ៏​ពិសេស​មួយ។ សព្វ​ថ្ងៃ​នេះ គាត់​បាន​និពន្ធ និង​កែ​សម្រួល​សៀវភៅ​គ្រីស្ទ​បរិស័ទ ដែល​កំពុង​តែ​បម្រើ​ប្រិយ​មិត្ត​អ្នក​អាន​អន្តរ​ជាតិ។

ភរិយា​របស់​គាត់ ក៏​មាន​ទីបន្ទាល់​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផង​ដែរ។ គាត់​បាន​ប្រឡង​ធ្លាក់​ថ្នាក់​គីមី​វិទ្យា ក្នុង​អំឡុង​ឆ្នាំ​ទី​មួយ នៅ​មហា​វិទ្យាល័យ ដោយ​សារ​គាត់​ត្រូវ​លេប​ថ្នាំ​ដែល​ធ្វើ​ទុក្ខ​ខ្លាំង ដើម្បី​ព្យាបាល​ជម្ងឺ​ស្កន់។ បន្ទាប់​ពី​គាត់​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន គាត់​ក៏​បាន​ផ្លាស់​ប្តូរ ពី​ការ​សិក្សា​វិទ្យា​សាស្ត្រ ទៅ​ជា​ការ​សិក្សា​ភាសា​គ​របស់​អាមេរិក ដែល​ងាយ​ស្រួល​រៀន​ជាង​គីមី​វិទ្យា។ ពេល​ដែល​គាត់​រំឭក​អំពី​រឿង​នេះ គាត់​ក៏​បាន​មាន​ប្រសាសន៍​ថា “ព្រះ​ជា​ម្ចាស់​បាន​ផ្លាស់​ប្តូរ​ទិស​ដៅ​នៃ​ជីវិត​របស់​ខ្ញុំ ដើម្បី​បំពេញ​បំណង​ព្រះ​ទ័យ​ដែល​ប្រសើរ​ជាង​មុខ”។ សព្វ​ថ្ងៃ​នេះ គាត់​បាន​នាំ​មនុស្ស​គ​ថ្លង់​ជា​ច្រើន ឲ្យ​ទទួល​ព្រះ​បន្ទូល​ដែល​នាំ​ឲ្យ​ជីវិត​ផ្លាស់​ប្រែ តាម​រយៈ​ភាសា​គ។

តើ​នៅ​ពេល​ខ្លះ អ្នក​ធ្លាប់​ឆ្ងល់​ថា ព្រះ​កំពុង​តែ​ដឹក​នាំ​អ្នក​ទៅ​កន្លែង​ណា​ទេ?  បទ​គម្ពីរ​ទំនុក​ដំកើង ១៣៩:១៦ បាន​ទទួល​ស្គាល់ព្រះហស្ត​ដ៏​មាន​ចេស្តា ដែល​ធ្វើ​ការ​ក្នុង​ជីវិត​យើង យ៉ាង​ដូច​នេះ​ថា “ព្រះ​នេត្រ​ទ្រង់​បាន​ឃើញ​ធាតុ​នៃ​ទូលបង្គំ ក្នុង​កាល​ដែល​មិន​ទាន់​មាន​រូប​រាង​នៅ​ឡើយ ទាំង​អស់​បាន​កត់​ទុក​ក្នុង​បញ្ជី​របស់​ទ្រង់ គឺ​អស់​ទាំង​ថ្ងៃ​អាយុ ដែល​បាន​តម្រូវ​ឲ្យ​ទូលបង្គំ​រស់​នៅ ក្នុង​កាល​ដែល​មិន​ទាន់​មាន​ថ្ងៃ​ណា​មួយ​នោះ​នៅ​ឡើយ”។ យើង​មិន​ដឹង​ថា ព្រះ​ទ្រង់​នឹង​ប្រើ​កាលៈ​ទេសៈ​នៃ​ជីវិត​យើង​ យ៉ាង​ដូច​ម្តេច​ខ្លះ​ទេ ប៉ុន្តែ យើង​អាច​សម្រាក ដោយ​ដឹង​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​យើង គ្មាន​កន្លែង​ចន្លោះ ហើយ​ក៏​កំពុង​តែ​ដឹក​នាំ​យើង គ្រប់​ជំហាន​។ យើង​មិន​អាច​មើល​ឃើញ​ព្រះហស្ត​របស់​ទ្រង់ ដែល​មាន​អំណាច​គ្រប់​គ្រង តែ​ទ្រង់​មិន​ដែល​អវត្ត​មាន ពេល​យើង​មាន​បញ្ហា​ឡើយ។—POH FANG CHIA

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles