កាលពីពេលថ្មីៗនេះ មិត្តភក្តិរបស់ខ្ញុំម្នាក់ ដែលរកស៊ីទិញលក់ផ្ទះ ដើម្បីចិញ្ចឹមជីវិត បានទទួលមរណៈភាព ដោយសារជម្ងឺមហារីក។ ពេលដែលខ្ញុំ និងស៊ូ(Sue)ភរិយារបស់ខ្ញុំ ជជែកគ្នាអំពីអ្នកស្រីផាតស៊ី(Patsy) ភរិយារបស់ខ្ញុំក៏បានរំឭកថា ជាច្រើនឆ្នាំកន្លងទៅ អ្នកស្រីផាតស៊ីបាននាំបុរសម្នាក់ ឲ្យទទួលជឿព្រះយេស៊ូវ ហើយគាត់ក៏បានក្លាយជាមិត្តភក្តិដ៏ល្អរបស់យើង។
យើងពិតជាមានការកម្សាន្តចិត្តណាស់ ពេលដែលយើងនឹកចាំថា អ្នកស្រីផាតស៊ី មិនគ្រាន់តែជួយក្រុមគ្រួសារជាច្រើន ឲ្យរកបានផ្ទះដ៏ល្អសម្រាប់រស់នៅក្នុងសហគមន៍របស់យើងប៉ុណ្ណោះទេ តែគាត់ក៏បានជួយអ្នកដទៃ ឲ្យរកបានផ្ទះដ៏អស់កល្បជានិច្ចផងដែរ។
ខណៈពេលដែលព្រះយេស៊ូវត្រៀមខ្លួន សុគតនៅលើឈើឆ្កាង ដើម្បីយើងរាល់គ្នា ទ្រង់បានយកព្រះទ័យទុកដាក់ជាពិសេស ចំពោះផ្ទះដ៏អស់កល្បរបស់យើងផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលទៅកាន់ពួកសិស្សរបស់ទ្រង់ថា “នៅក្នុងដំណាក់នៃព្រះវរបិតាខ្ញុំ មានទីលំនៅជាច្រើន ពុំនោះ ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ ខ្ញុំទៅរៀបកន្លែងឲ្យអ្នករាល់គ្នា”(យ៉ូហាន ១៤:២)។
យើងចង់មានផ្ទះដ៏ស្រស់ស្អាត ក្នុងជីវិតនេះ គឺកន្លែងដ៏ពិសេស សម្រាប់ក្រុមគ្រួសារយើងបរិភោគអាហារ គេង និងនៅជុំគ្នា យ៉ាងមានសុភមង្គល។ ប៉ុន្តែ ចូរយើងគិតស្រមៃថា យើងបានបោះជំហាន ចូលទៅក្នុងជីវិតនៅនគរស្ថានសួគ៌ ហើយក៏បានឃើញផ្ទះដ៏អស់កល្បរបស់យើង ដែលព្រះទ្រង់បានរៀបចំឲ្យយើង។ តើពេលនោះនឹងមានភាពអស្ចារ្យប៉ុណ្ណា? ចូរយើងសរសើរដំកើងព្រះជាម្ចាស់ សម្រាប់ការប្រទានយើង ឲ្យមានជីវិត “ពេញបរិបូរ”(យ៉ូហាន ១០:១០) ដែលរាប់បញ្ចូលព្រះវត្តមាន គង់នៅជាមួយយើង នៅពេលសព្វថ្ងៃ និងវត្តមានរបស់យើង នៅជាមួយទ្រង់ នៅពេលក្រោយទៀត ក្នុងកន្លែងដែលទ្រង់កំពុងរៀបចំឲ្យយើង(១៤:៣)។
ពេលយើងគិតអំពីការអ្វីដែលព្រះបានត្រៀមទុក សម្រាប់អ្នកដែលជឿព្រះយេស៊ូវ នោះទ្រង់អាចបណ្តាលចិត្តយើង ឲ្យនាំអ្នកដទៃ ឲ្យស្គាល់ព្រះយេស៊ូវ គឺដូចដែលអ្នកស្រីផាតស៊ីបានធ្វើអញ្ចឹងដែរ។ —DAVE BRANON