កាលពីឆ្នាំ ១៩៣៦ លោកប៊ីលី ហៀល(Billy Hill) ដែលជាអ្នកនិពន្ធបទចម្រៀង បានចេញបទចម្រៀងដ៏ល្បីល្បាញមួយបទ ក្រោមចំណងជើងថា “សិរីល្អនៃសេចក្តីស្រឡាញ់”។ មិនយូរប៉ុន្មាន ប្រជាជាតិមួយក៏បានបន្លឺសម្លេងច្រៀង អំពីក្តីអំណរ នៅក្នុងការធ្វើនូវកិច្ចការដ៏តូចមួយ ដោយសេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ៥០ឆ្នាំក្រោយមក លោកភីធ័រ សេតេរ៉ា(Peter Cetera) ដែលជាអ្នកនិពន្ធទំនុកច្រៀង ក៏បាននិពន្ធបទចម្រៀងដែលមានភាពរ៉ូមិនទិកជាងនេះទៀត ក្រោមចំណងជើងដែលស្រដៀងគ្នា។ ក្នុងបទចម្រៀងនេះ គាត់ស្រមៃ អំពីមនុស្សពីរនាក់រស់នៅជាមួយគ្នា និងរៀនសូត្រជាមួយគ្នា ដើម្បីសិរីល្អនៃសេចក្តីស្រឡាញ់។
កណ្ឌគម្ពីរវិវរណៈ ដែលជាកណ្ឌចុងក្រោយនៃព្រះគម្ពីរបរិសុទ្ធ បានពិពណ៌នា អំពីបទចម្រៀងនៃសេចក្តីស្រឡាញ់ថ្មីមួយ ដែលថ្ងៃមួយ គ្រប់គ្នានៅស្ថានសួគ៌ និងនៅលើផែនដីនឹងបន្លឺសម្លេងច្រៀង(វិវរណៈ ៥:៩,១៣)។ ទោះជាយ៉ាងណាក៏ដោយ ភ្លេងក៏ចាប់ផ្តើមលេង ដោយចង្វាក់នៃការសោកសង្រេង។ លោកយ៉ូហាន ដែលជាអ្នកអត្ថាធិប្បាយក្នុងកណ្ឌគម្ពីរនេះ ក៏បានយំ ដោយមិនឃើញមាននរណាអាចបើកក្រាំងនោះបាន(ខ.៣-៤)។ ប៉ុន្តែ អារម្មណ៍របស់គាត់ក៏បានភ្លឺស្វាង ហើយភ្លេងក៏បានលាន់ឡើងកាន់តែខ្លាំង(ខ.១២-១៣) ខណៈពេលដែលលោកយ៉ូហាន បានស្គាល់សិរីល្អ និងរឿងដ៏ពិតនៃសេចក្តីស្រឡាញ់។ មិនយូរប៉ុន្មាន គាត់ក៏បានឮជីវិតទំាងអស់សរសើរដំកើងព្រះ ដែលទ្រង់ជាស្តេចសិង្ហនៃពូជអំបូរយូដា(ខ.៥) ហើយរាស្រ្តរបស់ទ្រង់បានថ្វាយចិត្តដាច់ដល់ទ្រង់ ដោយទ្រង់បានលះបង់ព្រះជន្មទ្រង់ដោយសេចក្តីស្រឡាញ់ ដូចកូនចៀម ដើម្បីជួយសង្រ្គោះយើង(ខ.១៣)។
ក្នុងទំនុកច្រៀងដែលធ្វើឲ្យប៉ះពាល់ចិត្តបំផុត ដែលយើងធ្លាប់ច្រៀង យើងឃើញថា សូម្បីតែអំពើសប្បុរស ដ៏សាមញ្ញមួយ ក៏អាចត្រូវបានគេលើកយកមកពិពណ៌នា ក្នុងបទចម្រៀងផងដែរ។ សិរីល្អដែលយើងច្រៀងសរសើរ ក្នុងបទចម្រៀង បានឆ្លុះបញ្ចាំង អំពីព្រះទ័យរបស់ព្រះនៃយើង។ យើងច្រៀងសរសើរព្រះអង្គ ព្រោះទ្រង់បានប្រទានឲ្យយើងមានបទដើម្បីច្រៀង។—MART DEHAAN