មានពេលមួយ ខ្ញុំបានទៅអង្គុយនៅទីធ្លានៃព្រះវិហារវីស៊ីថេសិន ក្នុងក្រុងអេន ខារេម ប្រទេសអ៊ីស្រាអែល។ ពេលនោះ ខ្ញុំមានចិត្តស្ងើចសរសើរ ចំពោះសម្រស់នៃផ្ទាំងគំនូរ៦៧ផ្ទាំង ដែលកើតពីការផ្គុំកញ្ចក់ពណ៌តូចៗចូលគ្នាបង្កើតជារូបភាព ហើយនៅក្នុងផ្ទំាងគំនូរទាំងនោះ មានបទគម្ពីរ លូកា ១:៤៦-៥៥ ដែលគេបានសរសេរ ជាច្រើនភាសា។ តាមទំនៀមទំលាប់ គេបានហៅបទគម្ពីរនេះថា មែកនីហ្វ៊ីខាត ជាពាក្យក្នុងភាសាឡាតាំង ដែលមានន័យថា “លើកដំកើង”។ បទគម្ពីរនេះបានចែងអំពីការឆ្លើយតប របស់នាងម៉ារា ចំពោះការប្រកាសថា នាងនឹងក្លាយជាមាតានៃព្រះមែស៊ី។
គេបានចារពីលើរូបគំនូរនីមួយៗ ដោយពាក្យពេចន៍របស់នាងម៉ារា ដែលបានថ្លែងថា “ព្រលឹងខ្ញុំលើកដំកើងព្រះអម្ចាស់ វិញ្ញាណខ្ញុំក៏រីករាយនឹងព្រះដ៏ជាព្រះអង្គសង្គ្រោះនៃខ្ញុំ … ពីព្រោះព្រះដ៏មានព្រះចេស្តា ទ្រង់បានប្រោសសេចក្តីយ៉ាងល្អវិសេសដល់ខ្ញុំ”(ខ.៤៦-៤៩)។ ក្នុងផ្ទាំងគំនូរនីមួយៗ ក៏មានបទចម្រៀងទំនុកដំកើង ដែលបានដកស្រង់ពីព្រះគម្ពីរ ជាបទចម្រៀងសរសើរដំកើង ដែលក្នុងនោះ នាងម៉ារាបានរៀបរាប់ អំពីសេចក្តីស្មោះត្រង់ ដែលព្រះជាម្ចាស់ មានចំពោះនាង និងចំពោះប្រជាជាតិអ៊ីស្រាអែល។
ក្នុងនាមជាអ្នកទទួលព្រះគុណរបស់ព្រះ ដោយការដឹងគុណ នាងម៉ារាបានអរសប្បាយ ចំពោះសេចក្តីសង្រ្គោះ ដែលនាងបានទទួល(ខ.៤៧)។ នាងបានទទួលស្គាល់ថា ព្រះជាម្ចាស់មានសេចក្តីមេត្តាករុណា ចំពោះសាសន៍អ៊ីស្រាអែល អស់ជាច្រើនជំនាន់(ខ.៥០)។ នាងក៏បានរំឭក អំពីការដែលព្រះជាម្ចាស់បានថែរក្សារាស្រ្តអ៊ីស្រាអែល បានជានាងសរសើរដំកើងព្រះអង្គ ព្រោះទ្រង់ធ្វើនូវការដ៏អស្ចារ្យសម្រាប់រាស្រ្តទ្រង់(ខ.៥១)។ នាងក៏បានអរព្រះគុណព្រះអង្គ ដោយទទួលស្គាល់ថា ព្រះហស្តទ្រង់បានផ្គត់ផ្គត់ការរស់នៅរបស់នាង ជារៀងរាល់ថ្ងៃ(ខ.៥៣)។
ត្រង់ចំណុចនេះ នាងម៉ារាបានបង្ហាញឲ្យយើងដឹងថា ការរំឭកអំពីការដ៏អស្ចារ្យដែលព្រះទ្រង់បានធ្វើសម្រាប់យើង គឺជាវិធីបង្ហាញចេញនូវការសរសើរដំកើង ហើយក៏អាចនាំឲ្យយើងមានចិត្តអរសប្បាយផងដែរ។ ក្នុងរដូវកាលនៃបុណ្យណូអែលឆ្នាំនេះ ចូរយើងពិចារណា អំពីសេចក្តីល្អរបស់ព្រះអម្ចាស់ ខណៈពេលដែលយើងរំឭកអំពីការអ្វី ដែលទ្រង់បានធ្វើសម្រាប់យើង ក្នុងឆ្នាំនេះ។ កាលណាយើងធ្វើដូចនេះ យើងអាចសរសើរដំកើងព្រះអង្គ ដោយពាក្យពេចន៍ដ៏ពិរោះ។ —LISA SAMRA