ដើរតាមការដឹកនាំ

មាន​ពេល​មួយ យន្ត​ហោះ​ចម្បាំង​បី​គ្រឿង​បាន​ហោះ​ពី​លើ​ដំបូល​ផ្ទះ​របស់​ខ្ញុំ ដោយ​បញ្ចេញ​សម្លេង​លាន់​រំពង។ យន្ត​ហោះ​ទាំងនោះ​បាន​ហោះ​ទន្ទឹម​គ្នា​ធ្វើ​ជា​ក្បួន ដែល​មើល​ទៅ ដូច​យន្ត​ហោះ​តែ​មួយ។ ខ្ញុំ​ក៏​បាន​និយាយ​ប្រាប់​ស្វាមី​របស់​ខ្ញុំ​ថា “អស្ចារ្យ​ណាស់” គាត់​ក៏​តប​ថា “មែន​ហើយ​គួរ​ឲ្យ​ស្ងប់​ស្ងែង​ណាស់”។ យើង​រស់​នៅ​ក្បែរ​បន្ទាយ​ទ័ព​អាកាស​ ដូច​នេះ ទិដ្ឋ​ភាព​បែប​នេះ គឺ​មិន​មាន​អ្វី​ចម្លែក​ទេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​យន្ត​ហោះ​ចម្បាំង​ទាំង​នោះ​ហោះ​រំលង​ផ្ទះ​ខ្ញុំ​ម្តង​ៗ ខ្ញុំ​តែង​តែ​សួរ​ខ្លួន​ឯង​ថា តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ពួកគេ​អាច​ហោះ​ហើរ​ជិត​គ្នា​យ៉ាង​នេះ ដោយ​មិន​បាត់​បង់​ម្ចាស់​ការ ឬ​ការ​គ្រប់​គ្រង​យន្ត​ហោះ?  ក្រោយ​មក ខ្ញុំ​ក៏​បាន​ដឹង​ច្បាស់​ថា មូល​ហេតុ​ដែល​ពួក​គេ​អាច​ធ្វើ​ដូច​នេះ​បាន គឺ​ដោយ​សារ​ការ​បន្ទាប​ខ្លួន។ អ្នក​បើក​បរ​យន្ត​ហោះ​ទាំង​ពីរ ដែល​ហោះ​សងខាង មាន​ការ​ជឿ​ទុក​ចិត្ត​ថា អ្នក​បើក​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នាំ​មុខ​គេ កំពុង​តែ​ធ្វើ​ដំណើរ​ទៅ​មុខ​ ដោយ​ល្បឿន​ និង​គន្លង​ដ៏​ត្រឹមត្រូវ បាន​ជា​ពួក​គេ​លះ​បង់​បំណង​ចិត្ត​របស់​ខ្លួន​ឯង ដោយ​ព្រម​ទៅ​តាម​ទិស​ដៅ​ផ្សេង ឬ​ចោទ​សួរ អំពី​ទិស​ដៅ​របស់​អ្នក​ដឹក​នាំ​ខ្លួន​ឡើយ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​បាន​ហោះ​ហើរ ក្នុង​ក្បួន ហើយ​ហោះ​តាម​យន្ត​ហោះ​ដែល​នៅ​កណ្តាល និង​នៅ​ខាង​មុខ​យ៉ាង​ប្រកិត។ តើ​ការ​ធ្វើ​ដូច​នេះ បាន​លទ្ធ​ផល​អ្វី? ជា​ការ​ពិត​ណាស់ ​ពួកគេ​បង្កើត​បាន​ក្រុម​ដ៏​ខ្លាំង​ពូកែ​មួយ។

អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ក៏​មាន​លក្ខណៈ​មិន​ខុស​ពី​អ្នក​បើក​យន្ត​ហោះ​ជា​ក្រុម​នោះ​ឡើយ។ ព្រះ​អង្គ​បាន​មាន​បន្ទូល​ថា “បើ​អ្នក​ណា​ចង់​មក​តាម​ខ្ញុំ ត្រូវ​ឲ្យ​អ្នក​នោះ​លះ​កាត់​ចិត្ត​ខ្លួន​ឯង ទាំង​ផ្ទុក​ឈើ​ឆ្កាង​ខ្លួន​រាល់​តែ​ថ្ងៃ ហើយ​មក​តាម​ខ្ញុំ​ចុះ”(លូកា ៩:២៣)។

ការ​ដើរ​តាម​ទ្រង់ គឺ​ត្រូវ​ឆ្លង​កាត់​ផ្លូវ​នៃ​ការ​បដិសេធន៍​ខ្លួន​ឯង និង​មាន​ទុក្ខ​លំបាក ដែល​អាច​ធ្វើ​ឲ្យ​យើង​ពិបាក​ដើរ​តាម​ទ្រង់។ ប៉ុន្តែ ដើម្បី​ធ្វើ​ជា​សិស្ស​របស់​ទ្រង់ ដែល​មាន​ប្រសិទ្ធិ​ភាព ទ្រង់​ក៏​បាន​ឲ្យ​យើង​លះ​ចោល​ចិត្ត​អាត្មា​និយម ហើយ​ត្រូវ​រើស​យក​បន្ទុក​ខាងវិញ្ញាណ​ជា​រៀង​រាល់​ថ្ងៃ ដោយ​គិត​ប្រយោជន៍​អ្នក​ដទៃ​ជា​មុន ខណៈ​ពេល​ដែល​កំពុង​ដើរ​តាម​ទ្រង់​យ៉ាង​ប្រកិត។

ការ​ដើរ​តាម​ព្រះ​ជា​ម្ចាស់ ដោយ​ភាព​ស្និទ្ធ​ស្នាល គឺ​ត្រូវ​មាន​ការ​បន្ទាប​ខ្លួន ដែល​ងាយ​ឲ្យ​គេ​មើល​ឃើញ។​ ចូរ​យើង​ដើរ​តាម​ការដឹក​នាំ​របស់​ទ្រង់ យ៉ាង​ប្រកិត ដែល​ធ្វើ​ឲ្យ​គេ​មើល​មក ឃើញ​ថា​យើង​ហាក់​ដូច​ជា​រួម​តែ​មួយ​នឹង​ព្រះ​គ្រីស្ទ។ ពេល​នោះ គេ​នឹង​មើល​ឃើញ​ទ្រង់ តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​យើង។ ហើយ​គេ​នឹង​លាន់​មាត់​ថា “ពិត​ជា​អស្ចារ្យ​ណាស់”។ —PATRICIA RAYBON

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles