រហូតមកដល់ពេលដែលខ្ញុំកំពុងសរសេរអត្ថបទនេះ ក្រុមកីឡាបាល់ទាត់ ដែលខ្ញុំចូលចិត្តបានប្រកួតចាញ់ប្រាំបីលើក ជាបន្តបន្ទាប់។ រៀងរាល់ពេលដែលក្រុមមួយនេះប្រកួតចាញ់ ខ្ញុំពិបាកនឹងសង្ឃឹមថា ពួកគេអាចស្រោចស្រង់ខ្លួនឯងឡើងវិញ ក្នុងរដូវកាលនេះ។ គ្រូបង្វិកបានធ្វើការកែសម្រួលរៀងរាល់សប្តាហ៍ ប៉ុន្តែ ពួកគេនៅតែមិនបានទទួលជ័យជម្នះ។ ខ្ញុំក៏បាននិយាយលេងជាមួយមិត្តរួមការងារខ្ញុំថា ខ្ញុំមិនហ៊ានធានាទេថា ពួកគេនឹងបានទទួលលទ្ធផលផ្សេងពីនេះ។ ខ្ញុំក៏បាននិយាយប្រាប់គាត់ថា “ការសង្ឃឹមមិនមែនជាយុទ្ធសាស្រ្តទេ”។
នេះជារឿងពិត នៅក្នុងកីឡាបាល់ទាត់ ព្រោះបើគ្រាន់តែសង្ឃឹម គឺមិនអាចនាំឲ្យទទួលជ័យជម្នះបានឡើយ។ ប៉ុន្តែ ជីវិតខាងវិញ្ញាណរបស់យើង មានលក្ខណៈផ្ទុយពីនេះ។ ព្រះទ្រង់មិនគ្រាន់តែប្រើសេចក្តីសង្ឃឹមជាយុទ្ធសាស្រ្តរបស់ទ្រង់ប៉ុណ្ណោះទេ ប៉ុន្តែ ទ្រង់ថែមទាំងសព្វព្រះទ័យឲ្យយើងតោងទ្រង់ឲ្យជាប់ ដោយជំនឿ និងការទុកចិត្ត ដែលជាយុទ្ធសាស្រ្តតែមួយ ដែលនាំទៅរកជ័យជម្នះ។ លោកិយនេះ ច្រើនតែធ្វើឲ្យយើងខកចិត្ត ប៉ុន្តែ ក្តីសង្ឃឹមអាចធ្វើជាយុថ្កា ដែលជួយឲ្យយើងជាប់នៅក្នុងសេចក្តីពិតរបស់ព្រះ ក្នុងអំឡុងពេលដ៏វឹកវរ។
ហោរាមីកាបានយល់អំពីរឿងនេះ ដែលជារឿងពិត។ គាត់មានការឈឺចាប់យ៉ាងខ្លាំង ពេលដែលពួកអ៊ីស្រាអែលងាកបែរចេញពីព្រះជាម្ចាស់។ “វរហើយខ្ញុំ … មនុស្សដែលគោរពតាមព្រះ បានសូន្យបាត់ពីផែនដីទៅ គ្មានអ្នកណាដែលទៀងត្រង់ នៅក្នុងពួកមនុស្សលោកទេ”(៧:១-២)។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានផ្តោតចិត្តជាថ្មីម្តងទៀត ទៅលើសេចក្តីសង្ឃឹមដ៏ពិតរបស់គាត់។ គឺដូចដែលគាត់បានថ្លែងថា “ឯចំណែកខ្លួនខ្ញុំៗនឹងទុកចិត្តដល់ព្រះយេហូវ៉ា ខ្ញុំនឹងរង់ចាំព្រះដ៏ជួយសង្គ្រោះខ្ញុំ ព្រះនៃខ្ញុំទ្រង់នឹងស្តាប់ខ្ញុំ”(ខ.៧)។
តើធ្វើដូចម្តេច ឲ្យយើងនៅតែអាចមានក្តីសង្ឃឹម ក្នុងពេលដ៏ពិបាក? លោកមីកាបានបង្ហាញយើងថា យើងត្រូវមើលទៅព្រះ រង់ចាំទ្រង់ អធិស្ឋាន និងនឹកចាំអំពីការល្អដែលទ្រង់បានធ្វើ។ ព្រះទ្រង់ឮយើង ពេលយើងស្រែករកទ្រង់ ដោយសារកាលៈទេសៈដ៏ពិបាក ដែលធ្វើឲ្យយើងមានអារម្មណ៍ថា មិនអាចទ្រាំទ្ររួច។ ស្ថិតក្នុងពេលនោះ ការតោងឲ្យជាប់សេចក្តីសង្ឃឹម ក្នុងព្រះជាម្ចាស់ គឺជាយុទ្ធសាស្រ្តរបស់យើង ដែលជាយុទ្ធសាស្រ្តតែមួយ ដែលនឹងជួយឲ្យយើងឆ្លងកាត់ខ្យល់ព្យុះនៃជីវិត។—ADAM HOLZ