ទាំងក្នុងពេលសម្បូរសប្បាយ ក៏ដូចជាពេលរងទុក្ខ

អ្នក​ស្រី​អាន វ៉ូសខាម(Ann Voskamp) ជា​អ្នក​និពន្ធ​សៀវ​ភៅ ដែល​មាន​ចំណង​ជើង​ថា អំណោយ​មួយ​ពាន់ ។ សៀវភៅ​នេះ បាន​លើក​ទឹក​ចិត្ត​អ្នក​អាន ឲ្យ​ឆែក​មើល​ខ្លួន​ឯង ជា​រៀង​រាល់​ថ្ងៃ ឲ្យ​ដឹង​ថា ព្រះ​អម្ចាស់​បាន​ធ្វើ​អ្វី​ខ្លះ​សម្រាប់​ពួក​គេ។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ធ្វើ​ការ​កត់​សំគាល់ អំពី​សេចក្តី​សប្បុរស​ជា​បរិបូរ ដែល​ព្រះ​ទ្រង់​បាន​បង្ហាញ​ដល់​គាត់ តាម​រយៈ​អំណោយ​ទាំង​ធំ ទាំង​តូច ដែល​រាប់​ចាប់​តាំង​ពី​ពពុះ​សាប៊ូ​នៅ​ក្នុង​កន្លែង​លាង​ចាន ដែល​មាន​សម្រស់​ដ៏​សាមញ្ញ រហូត​ដល់​សេចក្តី​សង្រ្គោះ​ដែលគ្មាន​អ្វី​អាច​ប្រៀប​ផ្ទឹម​បាន សម្រាប់​មនុស្ស​មាន​បាប​ដូច​នាង(ក៏​ដូច​ជា​យើង​រាល់​គ្នា)។ អ្នក​ស្រី​អាន​បាន​លើក​ឡើង​ថា ការ​ដឹង​គុណ គឺ​ជា​គន្លឹះ ដែល​នាំ​ឲ្យ​យើង​មើល​ឃើញ​ព្រះ​ជា​ម្ចាស់ សូម្បី​តែ​នៅ​ក្នុង​ពេល​ដ៏​ពិបាក​បំផុត ក្នុង​ជីវិត។

លោក​យ៉ូប​ជា​បុគ្គល​ដែល​ល្បី​បំផុត នៅ​ក្នុង​ផ្នែក​រង​ទុក្ខ ក្នុង​ពេល​ដ៏​លំបាក​បំផុត។ ជា​ការ​ពិត​ណាស់ គាត់​បាន​ជួប​ការ​បាត់​បង់​ដ៏ធ្ងន់​ធ្ងរ។ បន្ទាប់​ពី​គាត់​បាត់​បង់​ហ្វូង​សត្វ​មិន​ទាន់​បាន​ប៉ុន្មាន​ផង គាត់​ក៏​បាន​ទទួល​ដំណឹង​ថា កូន​របស់​គាត់​ទាំង​១០​នាក់ ក៏​បាន​ស្លាប់​អស់​ទៀត។ លោក​យ៉ូប​ក៏​បាន​បង្ហាញ​ចេញ​នូវ​ការ​សោក​សង្រេង ដោយ​ហែក​អាវ ហើយ​កោរ​សក់​(១:២០)។ ពាក្យ​សម្តី​ដែល​គាត់​បាន​និយាយ ក្នុង​ពេល​ដ៏​ឈឺ​ចាប់​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​យល់​ឃើញ​ថា លោក​យ៉ូប​ដឹង​អំពី​របៀប​ដឹង​គុណ​ព្រះ ព្រោះ​គាត់​បាន​ទទួល​ស្គាល់​ថា អ្វី​ៗ​ដែល​គាត់​បាន​បាត់​បង់ គឺ​សុទ្ធ​តែ​ជា​ការ​ប្រទាន​របស់​ព្រះ​ជា​ម្ចាស់(ខ.២១)។ ស្ថិត​ក្នុង​ពេល​ដ៏​ឈឺចាប់ដែល​បណ្តាល​ឲ្យ​គាត់​រក​ធ្វើ​អ្វី​មិន​កើត គាត់​នៅ​តែ​អាច​ថ្វាយ​បង្គំ​ព្រះ ព្រោះ​គាត់​នៅ​តែ​ដឹង​គុណ​ទ្រង់​ជា​និច្ច។

បើ​យើង​គ្រាន់​តែ​អនុវត្ត​នូវ​ការ​អរ​ព្រះ​គុណ​ព្រះ​ជា​ម្ចាស់ ជា​ប្រចាំ​ថ្ងៃ  នោះ​គឺ​មិន​អាច​លប់​បំបាត់​ការ​ឈឺ​ចាប់​ជា​ពន់​ពេក ដែល​យើង​ទទួល​រង ក្នុង​រដូវ​កាល​នៃ​ការ​បាត់​បង់​បាន​ឡើយ។ លោក​យ៉ូប​បាន​ចោទ​សួរ និង​មាន​ការ​ប្រកែក​គ្នា ក្នុង​ពេល​កាន់​ទុក្ខ ដូច​ដែល​មាន​ចែង​ក្នុង​កណ្ឌ​គម្ពីរ​យ៉ូប។ ប៉ុន្តែ ពេល​ដែល​គាត់​អរ​ព្រះ​គុណ​ព្រះ គឺ​គាត់​បាន​ទទួល​ស្គាល់​សេចក្តី​ល្អ ដែល​ទ្រង់​មាន​ចំពោះ​គាត់ សូម្បី​តែ​នៅ​ក្នុង​ការ​ដ៏​តូច​បំផុត។ ការ​ទទួល​ស្គាល់​នេះ អាច​ជួយ​ឲ្យ​យើង​លត់​ជង្គង់​ចុះ​ ថ្វាយ​បង្គំ​នៅ​ចំពោះ​ព្រះ​ដ៏​មាន​គ្រប់ចេស្តា ក្នុង​ពេល​ដ៏​ងងឹត​បំផុត ក្នុង​ជីវិត​យើង​នៅ​លើ​ផែនដី។—KIRSTEN HOLMBERG

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles