ពេលដែលព្រះជាម្ចាស់មានបន្ទូលថា ទេ

ពេល​ដែល​ខ្ញុំ​បាន​ចូល​ធ្វើ​ទាហាន នៅ​អាយុ​១៨​ឆ្នាំ ដូច​យុវជន​សឹង្ហ​បូរី​ទំាង​អស់ ខ្ញុំ​ក៏​បាន​អធិស្ឋាន ដោយ​ចិត្ត​ស្រេក​ឃ្លាន​ចង់​បាន​មុខ​នាទី​ដែល​ស្រួល​ៗ ដូច​ជា អ្នក​ធ្វើ​ការ​ក្នុង​ការិយា​ល័យ ឬ​អ្នក​បើក​បរ​ជា​ដើម។​  ដោយសារ​ខ្ញុំ​មិន​មាន​កាយ​សម្បទា​រឹង​មាំ​ ខ្ញុំសង្ឃឹម​ថា គេ​នឹង​មិន​ឲ្យ​ខ្ញុំ​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ការ​ប្រយុទ្ធ ដែល​ពិបាក​ៗ​ឡើយ។ ប៉ុន្តែ នៅ​ពេល​ល្ងាច​ថ្ងៃ​មួយ ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​អាន​ព្រះ​គម្ពីរ មាន​ខគម្ពីរ​មួយ​បាន​លេច​ឡើង ចេញ​ពី​ទំព័រ​ព្រះ​គម្ពីរ គឺ​ខ​គម្ពីរ​ដែល​ចែង​ថា “គុណ​របស់​អញ​ល្មម​ដល់​ឯង​ហើយ … ”(២កូរិនថូស ១២:៩)។

មុន​នោះ ខ្ញុំ​បាន​ធ្លាក់​ទឹក​ចិត្ត ប៉ុន្តែ ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​មាន​អារម្មណ៍​បែប​នេះ​ទៀត​ឡើយ។ ព្រះ​ទ្រង់​បាន​ឆ្លើយ​តប​ការ​អធិស្ឋានរបស់​ខ្ញុំ​ហើយ។ បើ​សិន​ជា​គេ​ចាត់​តាំង​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ពិបាក នោះ​ទ្រង់​នឹង​ថែរក្សា ហើយ​ផ្គត់​ផ្គង់​ខ្ញុំ​មិន​ខាន។

ដូច​នេះ ទី​បំផុត គេ​ក៏​បាន​ចាត់​តាំង​ឲ្យ​ខ្ញុំ​ហ្វឹក​ហាត់​ក្នុង​កង​រថពាស​ដែក ដោយ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដែល​ខ្ញុំ​មិន​តែង​តែ​ចូល​ចិត្ត​ធ្វើ។​ សព្វ​ថ្ងៃនេះ ពេល​ខ្ញុំ​ក្រឡេក​មក​មើល​អនុស្សាវរីយ៍​កាល​នៅ​ហ្វឹក​ហាត់​ទាហាន ​ខ្ញុំ​ក៏​បាន​អរ​ព្រះ​គុណ​ព្រះ​អង្គ ដែល​ទ្រង់​មិន​បាន​ប្រទាន​នូវអ្វី​ដែល​ខ្ញុំ​ចង់​បាន ក្នុង​អំឡុង​ពេល​នោះ។ ការ​ហ្វឹក​ហាត់​ទាហាន និង​បទ​ពិសោធន៍​ទាំង​នោះ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ភាព​រឹង​មាំ​ផ្នែក​ផ្លូវកាយ ផ្លូវ​ចិត្ត ហើយ​បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត ដើម្បី​ចូល​ទៅ​ក្នុង​ភាព​ពេញ​វ័យ។

ក្នុង​បទ​គម្ពីរ​អេសាយ ២៥:១-៥ បន្ទាប់​ពី​ហោរា​អេសាយ​បាន​ថ្លែង​ទំនាយ អំពី​ការ​ដាក់​ទោស​មក​លើ​ជន​ជាតិ​អ៊ីស្រាអែល និង​ការរំដោះ​ឲ្យ​រួច​ពី​ខ្មាំង​សត្រូវ​របស់​ពួក​គេ នៅ​ពេល​បន្ទាប់​មក​ទៀត គាត់​ក៏​បាន​សរសើរ​ដំកើង​ព្រះ​ជា​ម្ចាស់ សម្រាប់​ផែន​ការ​ដែល​ទ្រង់មាន​សម្រាប់​ពួក​គេ។ លោក​អេសាយ​ក៏​បាន​កត់​សំគាត់​ផង​ដែរ​ថា ព្រះ​ជា​ម្ចាស់ “បាន​រៀប​ផែន​ការ​តាំង​ពី​យូរ​មក​ហើយ” ដើម្បី​ឲ្យ“ការ​ដ៏​អស្ចារ្យ​ទាំង​នោះ” បាន​កើត​ឡើង(ខ.១) ​ប៉ុន្តែ ទន្ទឹម​នឹង​នោះ ការ​ដ៏​អស្ចារ្យ​ទាំង​នោះ​ក៏​បាន​រាប់​បញ្ចូល​ពេល​ដ៏​លំបាក​ផង​ដែរ។

យើង​ប្រហែល​ជា​មាន​អារម្មណ៍​ពិបាក ពេល​ដែល​ព្រះ​ទ្រង់​មាន​បន្ទូល​ថា ទេ ហើយ​យើង​ក៏​មាន​អារម្មណ៍​កាន់​តែ​ពិបាក ពេលដែល​ទ្រង់​មាន​បន្ទូលថា ទេ ចំពោះ​ការ​អធិស្ឋាន​របស់​យើង ដែល​ទូល​សូម​ការ​ល្អ​ៗ ដូច​ជា ការ​សូម​ឲ្យ​នរណា​ម្នាក់​បាន​រួច​ពី​គ្រោះវិបត្តិ​ជា​ដើម។ គឺ​នៅ​ពេល​នោះ​ហើយ ដែល​យើង​ចាំ​បាច់​ត្រូវ​ទទួល​ស្គាល់​ថា ព្រះ​ទ្រង់​មាន​ផែន​ការ​ដ៏​ល្អ​សម្រាប់​រឿង​នេះ ​ដែលនោះ​ជា​សេចក្តី​ពិត។ យើង​ប្រហែល​ជា​មិន​អាច​យល់​ថា ហេតុ​អ្វី​ទ្រង់​មិន​ឆ្លើយ​ថា​ទេ​ឡើយ ប៉ុន្តែ យើង​នៅ​តែ​អាច​ទុក​ចិត្ត​ ចំពោះសេចក្តី​ស្រឡាញ់ សេចក្តី​ល្អ និង​សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់។—LESLIE KOH

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles