មានពេលមួយ ខ្ញុំបានទៅចូលរួមសន្និសិទមួយ។ ស្រ្តីម្នាក់ដែលកំពុងធ្វើការក្នុងសន្និសិទនោះ បានហុចក្រដាសមួយសន្លឹកឲ្យខ្ញុំ ដែលមានសរសេរអក្សរពីលើថា “ខ្ញុំមានដំណឹងមួយ សម្រាប់អ្នក”។ ពេលនោះ ខ្ញុំមិនដឹងថា តើខ្ញុំគួរមានអារម្មណ៍ភ័យអរ ឬរំភើបរីករាយឡើយ។ ប៉ុន្តែ ខ្ញុំក៏បានដឹងថា ខ្ញុំត្រូវមានអំណរ ពេលដែលខ្ញុំបានឃើញពាក្យដែលគេបានសរសេរនៅខាងក្រោមថា “អ្នកមានក្មួយប្រុសម្នាក់ហើយ!”
សារដែលយើងទទួល អាចជាដំណឹងល្អ ដំណឹងអាក្រក់ ឬផ្ទុកទៅដោយពាក្យដែលធ្វើឲ្យជម្រុញចិត្តយើង។ នៅគ្រាសញ្ញាចាស់ ព្រះទ្រង់បានប្រើហោរារបស់ទ្រង់ ឲ្យនាំព្រះរាជសារនៃសេចក្តីសង្ឃឹម ឬការជំនុំជម្រះ។ ប៉ុន្តែ ពេលដែលយើងពិនិត្យមើលព្រះរាជសារទ្រង់ឲ្យបានជិត យើងនឹងឃើញថា សូម្បីតែនៅក្នុងព្រះរាជសារនៃការជំនុំជម្រះ ក៏ព្រះទ្រង់សព្វព្រះទ័យនឹងនាំយើង ទៅរកការប្រែចិត្ត ការប្រោសឲ្យជា និងការស្អាងឡើងវិញ។
យើងអាចឃើញព្រះរាជសារទាំងពីរប្រភេទនេះ នៅក្នុងបទគម្ពីរម៉ាឡាគី ជំពូក៣ ដែលក្នុងនោះ ព្រះអម្ចាស់បានសន្យាថា នឹងចាត់អ្នកនាំព្រះរាជសារ ឬទូតរបស់ទ្រង់ម្នាក់ ឲ្យរៀបចំផ្លូវថ្វាយទ្រង់។ ក្រោយមក លោកយ៉ូហានបាទីស្ទក៏បានប្រកាសអំពីការយាងមកនៃអ្នកនាំព្រះរាជសារដ៏ពិត គឺព្រះយេស៊ូវ(មើលម៉ាថាយ ៣:១១) ដែលទ្រង់ជា “ទូតដែលនាំសេចក្តីសញ្ញា”(ម៉ាឡាគី ៣:១) ដែលនឹងសម្រេចព្រះបន្ទូលសន្យារបស់ព្រះ។ ប៉ុន្តែ ទ្រង់ប្រៀបដូចជា “ភ្លើងរបស់ជាងសំរង ហើយដូចជាក្បុងរបស់ជាងប្រមោក”(ខ.២) ដ្បិតទ្រង់នឹងបន្សុទ្ធអ្នកដែលជឿព្រះបន្ទូលទ្រង់ ឲ្យបានបរិសុទ្ធ។ ព្រះអម្ចាស់បានបញ្ជូនព្រះរាជសារបស់ទ្រង់មក ដើម្បីលាងសម្អាតរាស្រ្តទ្រង់ ព្រោះទ្រង់យកព្រះទ័យទុកដាក់ ចំពោះសុខមាលភាពរបស់ពួកគេ ដោយសេចក្តីស្រឡាញ់។
ព្រះរាជសាររបស់ព្រះជាម្ចាស់ ជាព្រះបន្ទូលនៃសេចក្តីស្រឡាញ់ សេចក្តីសង្ឃឹម និងសេរីភាព។ ព្រះអង្គបានចាត់ព្រះរាជបុត្រាទ្រង់ ឲ្យធ្វើជាអ្នកនាំសារ ឬទូត ដែលនិយាយភាសាយើង ជួនកាល ដោយបន្ទូលនៃការកែតម្រង់ ប៉ុន្តែ ជានិច្ចជាកាល ព្រះរាជសាទ្រង់ ជាព្រះបន្ទូលនៃសេចក្តីសង្ឃឹម។ យើងអាចទុកចិត្តព្រះរាជសាទ្រង់។—AMY BOUCHER PYE