ធ្វើជាកូនរបស់ព្រះជារៀងរហូត
ក្នុងអំឡុងពេលនៃការថ្វាយបង្គំ ដែលខ្ញុំបានចូលរួម ជាមួយឪពុកម្តាយខ្ញុំ យើងបានកាន់ដៃគ្នា តាមទម្លាប់ជាធម្មតា ខណៈពេលដែលយើងសូត្រសេចក្តីអធិស្ឋាននៃព្រះអម្ចាស់ទាំងអស់គ្នា។ ពេលដែលខ្ញុំកំពុងតែឈរ ដោយដៃម្ខាងកាន់ដៃម្តាយរបស់ខ្ញុំ ហើយម្ខាងទៀតកាន់ដៃឪពុកខ្ញុំ ខ្ញុំក៏បាននឹកគិតថា ខ្ញុំនឹងធ្វើជាកូនស្រីរបស់ពួកគាត់ជារៀងរហូត។ ទោះបីជាខ្ញុំបានចូលដល់វ័យកណ្តាលហើយក្តី គេនៅតែអាចហៅខ្ញុំថា “កូនរបស់លោកលេអូ និងអ្នកស្រីហ្វ៊ីលីស”។ ខ្ញុំក៏បាននឹកចាំថា ខ្ញុំមិនគ្រាន់តែជាកូនស្រីរបស់ពួកគាត់ប៉ុណ្ណោះទេ តែក៏នឹងធ្វើជាកូនរបស់ព្រះជារៀងរហូតផងដែរ។ សាវ័កប៉ុលចង់ឲ្យពួកជំនុំ នៅទីក្រុងរ៉ូមដឹងថា ពួកគេមានអត្តសញ្ញាណជាកូន ដែលព្រះទ្រង់ទទួលចិញ្ចឹម ក្នុងមហាគ្រួសាររបស់ទ្រង់(រ៉ូម ៨:១៥)។ ដោយសារពួកគេបានកើតពីព្រះវិញ្ញាណ(ខ.១៤) នោះពួកគេមិនចាំបាច់ត្រូវរស់នៅជាទាសករនៃការអ្វីដែលគ្មានប្រយោជន៍ពិតប្រាកដនោះឡើយ។ ផ្ទុយទៅវិញ តាមរយៈអំណោយទាននៃព្រះវិញ្ញាណ ពួកគេបានធ្វើជា “អ្នកគ្រងមរដកនៃព្រះជាមួយនឹងព្រះគ្រីស្ទ”(ខ.១៧)។ សម្រាប់អ្នកដែលដើរតាមព្រះគ្រីស្ទ តើការស្គាល់អត្តសញ្ញាណដ៏ពិតនេះ នាំឲ្យមានការផ្លាស់ប្តូរអ្វីខ្លះ? គឺនឹងនាំឲ្យផ្លាស់ប្តូរអ្វីៗគ្រប់យ៉ាង។ អត្តសញ្ញាណដែលយើងមាន ក្នុងនាមជាកូនរបស់ព្រះ ផ្តល់ឲ្យយើងនូវមូលដ្ឋានគ្រឹះ និងផ្លាស់ប្តូរទស្សនៈដែលយើងមានចំពោះខ្លួនឯង និងចំពោះព្រះជាម្ចាស់។ ឧទាហរណ៍ ពេលយើងដឹងថា យើងជាផ្នែកមួយនៃមហាគ្រួសាររបស់ព្រះ យើងនឹងស្ម័គ្រចិត្តបោះជំហានចេញពីភាពស្រណុកស្រួលរបស់យើង ខណៈពេលដែលយើងដើរតាមទ្រង់។ យើងក៏នឹងមានសេរីភាព រួចផុតពីការស្វែងរកការសរសើរពីអ្នកដទៃ។ នៅថ្ងៃនេះ សូមយើងជញ្ជឹងគិត អំពីអត្ថន័យនៃការធ្វើជាកូនព្រះចុះ។—AMY BOUCHER PYE
Read article