ភាពពុកផុយក្នុងរូបកាយ

រឿង​នោះ​បាន​កើត​ឡើង ដោយ​ការ​រមាស់​ក។ ខ្ញុំ​ក៏​បាន​គិត​ថា ខ្ញុំ​ប្រហែល​មាន​បញ្ហា​សុខភាព​ហើយ។ តាម​ពិត ការ​រមាស់​ក​នោះ គឺ​ជា​រោគ​សញ្ញា​នៃ​ជំងឺ​ផ្ដាសាយ​ធំ។ វា​គ្រាន់​តែ​ជា​ការ​ចាប់​ផ្តើម​នៃ​ការ​ធ្វើ​ទុក្ខ​ផ្លូវ​ដង្ហើម។ ជំងឺ​ផ្តាសាយ​ធំ ក៏​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ក្អក​ខ្លាំង ហើយ​យូរ ហើយ​ក៏​បាន​ប្រែ​ក្លាយ​ជា​ជំងឺ​រលាក​សួត។​

ការ​ក្អក​ខ្លាំង​អស់​រយៈ​ពេល​៨​សប្តាហ៍ ពិត​ជា​ពិបាក​ណាស់ តែ​វា​បាន​បណ្តាល​ឲ្យ​ខ្ញុំ​បន្ទាប​ខ្លួន។ ខ្ញុំ​មិន​បាន​គិត​ថា ខ្លួន​ឯង​មាន​វ័យ​ចាស់​ទេ។ តែ​ខ្ញុំ​មាន​វ័យ​ចាស់​ល្មម​នឹង​អាច​ចាប់​ផ្តើម​គិត​ថា ខ្ញុំ​កំពុង​តែ​ឆ្ពោះ​ទៅ​រក​វ័យ​ចាស់​ហើយ។ ចំពោះ​បញ្ហា​សុខភាព​ដែល​វាយ​ប្រហារ​មក​លើ​យើង ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ចាស់ សមាជិក​ក្រុម​តូច នៅ​ព្រះវិហារ​ខ្ញុំ​បាន​ហៅ​វា​ជា​លក្ខណៈ​កំប្លែង​ថា ជំងឺ​ពុក​ផុយ។ ប៉ុន្តែ ដំណើរ​នៃ​ភាព​ពុក​ផុយ ដែល​កំពុង​កើត​មាន គឺ​គ្មាន​អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​នោះ​ឡើយ។

ក្នុង​បទ​គម្ពីរ​កូរិនថូស ជំពូក​៤ សាវ័ក​ប៉ុល​បាន​សរសេរ អំពី​ភាព​ពុក​រលួយ​ខាង​វិញ្ញាណ​ផង​ដែរ។ ជំពូក​នោះ​បាន​ពិពណ៌នា អំពី​ការ​បៀតបៀន ដែល​គាត់ និង​ក្រុម​របស់​គាត់​បាន​ស៊ូទ្រាំ។ ការ​បំពេញ​បេសកកម្ម​របស់​គាត់​បាន​ជួប​ការ​លំបាក​ធ្ងន់ធ្ងរ បាន​ជា​គាត់​ទទួល​ស្គាល់​ថា “មនុស្ស​ខាង​ក្រៅ​របស់​យើង​ខ្ញុំ កំពុង​តែ​ពុករលួយ​ទៅ”។ ប៉ុន្តែ ទោះ​រូបកាយ​គាត់​មាន​ការ​ចុះ​ខ្សោយ ដោយសារ​ជំងឺ ការ​បៀតបៀន និង​ស្ថានភាព​ដ៏​ពិបាក សាវ័ក​ប៉ុល​ប្រកាន់​ខ្ជាប់​នូវ​ក្តី​សង្ឃឹម​ដ៏​ស្ថិតស្ថេរ​របស់​គាត់ បាន​ជា​គាត់​ពោល​ថា “នៅ​ខាង​ក្នុង​កំពុង​តែ​កែ​ប្រែ​ជា​ថ្មី​ឡើង​រាល់​ថ្ងៃ​ជានិច្ច​”(ខ.១៦)។ គាត់​បាន​លើក​ឡើង​ថា “សេចក្តី​ទុក្ខ​លំបាក​យ៉ាង​ស្រាល​របស់​យើង​ខ្ញុំ ដែល​នៅ​តែ​មួយ​ភ្លែត​នេះ នោះ​បង្កើត​ឲ្យ​យើង​ខ្ញុំ​មាន​សិរីល្អ​យ៉ាង​ធ្ងន់​លើស​លប់ ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ”(ខ.១៧)។

ខណៈ​ពេល​ដែល​ខ្ញុំ​កំពុង​តែ​សរសេរ​អត្ថបទ​នេះ ភាព​ពុក​ផុយ​កំពុង​កើត​មាន​ក្នុង​ទ្រូង​របស់​ខ្ញុំ ដោយសារ​ជំងឺ​មិន​ទាន់​ជា។ តែ​ខ្ញុំ​ដឹង​ថា ​ជីវិត​ខ្ញុំ ក៏​ដូច​ជា​ជីវិត​អ្នក​ដែល​តោង​ព្រះ​យេស៊ូវ​ជាប់ ភាព​ពុក​ផុយ​មិន​សម្រេច​ជោគវាសនា​របស់​យើង​ឡើយ។—Adam R. Holz

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles