ដើម្បីអ្នកដទៃ

ក្នុង​អំឡុង​ពេល​នៃ​ការ​រាត​ត្បាត​នៃ​ជំងឺ​កូវីត​១៩ ជន​ជាតិ​សិង្ហបុរី​ជា​ច្រើន​នាក់​នៅ​តែ​ក្នុង​ផ្ទះ ដើម្បី​ជៀស​វាង​ការ​ឆ្លង​ជំងឺ​នេះ។ ប៉ុន្តែ ខ្ញុំ​នៅ​តែ​បន្ត​ទៅ​ហែល​ទឹក​ដោយ​ចិត្ត​រីក​រាយ ដោយ​ជឿ​ថា វា​មាន​សុវត្ថិ​ភាព។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ភរិយា​របស់​ខ្ញុំ​ខ្លាច​ខ្ញុំ​ឆ្លង​ជំងឺ នៅ​អាង​ហែល​ទឹក​សាធារណៈ ហើយ​ចម្លង​ជំងឺ​នោះ​ទៅ​ម្តាយ​របស់​នាង ដែល​មាន​វ័យ​ចាស់​ជរា ដែល​ងាយ​នឹង​រង​គ្រោះ ដោយសារ​ជំងឺ​នេះ ដូច​មនុស្ស​ចាស់​ដទៃ​ទៀត។ នាង​ក៏​បាន​សុំ​ឲ្យ​ខ្ញុំ​ឈប់​ទៅ​ហែល​ទឹក​មួយ​រយៈ ដើម្បី​នាង។

ពី​ដំបូង ខ្ញុំ​ចង់​ប្រកែក​ជា​មួយ​នាង​ថា ការ​ទៅ​ហែល​ទឹក​មាន​ការ​ប្រឈម​នឹង​ការ​ឆ្លង​តិច។ បន្ទាប់​មក ខ្ញុំ​ក៏​បាន​ដឹង​ថា រឿង​នេះ​មិន​សំខាន់​ជាង​ការ​ព្រួយ​បារម្ភ​របស់​នាង​ឡើយ។ ហេតុ​អ្វី​ខ្ញុំ​នៅ​តែ​ចចេស​ទៅ​ហែល​ទឹក ដែល​ស្ទើរ​តែ​មិន​ចាំ​បាច់​ទាល់​តែ​សោះ ខណៈ​ពេល​ដែល​ការ​ទៅ​ហែល​ទឹក​នេះ បាន​ធ្វើ​ឲ្យ​នាង​មាន​ការ​ព្រួយ​បារម្ភ?

ក្នុង​បទ​គម្ពីរ​រ៉ូម ជំពូក១៤ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​បញ្ហា​ដែល​អ្នក​ជឿ​ព្រះ​គ្រីស្ទ​គួរ​តែ​បរិភោគ​អាហារ​មួយ​ចំនួន ឬ​ធ្វើ​ពិធី​អ្វី​ខ្លះ។ គាត់​មាន​ការ​ព្រួយ​បារម្ភ​ថា អ្នក​ខ្លះ​បាន​បង្ខំ​អ្នក​ដទៃ ឲ្យ​ធ្វើ​តាម​ទស្សនៈ​របស់​ខ្លួន។​

សាវ័ក​ប៉ុល​បាន​រំឭក​ពួក​ជំនុំ នៅ​ទីក្រុង​រ៉ូម និង​យើង​រាល់​គ្នា​ថា អ្នក​ជឿ​ព្រះ​យេស៊ូវ អាច​មាន​ទស្សនៈ​ខុស​ៗ​គ្នា អំពី​រឿង​ផ្សេង​ៗ។ យើង​ក៏​មាន​ប្រវត្តិ​ផ្សេង​គ្នា ដែល​នាំ​ឲ្យ​យើង​មាន​អាកប្ប​កិរិយា និង​ការ​អនុវត្តន៍​ខុស​គ្នា។ គាត់​ក៏​បាន​សរសេរ​ថា “កុំ​បី​ឲ្យ​យើង​រាល់​គ្នា​និន្ទា​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ឡើយ ស៊ូ​ឲ្យ​យើង​គិត​សំរេច​ក្នុង​ចិត្ត​ដូច្នេះ​វិញ​ថា យើង​មិន​ធ្វើ​ក្បួន​ឲ្យ​បង​ប្អូន​ជំពប់​ដួល ឬ​រវាត​ចិត្ត​ចេញ​ឡើយ”(ខ.១៣)។

ព្រះ​គុណ​ព្រះ​ផ្តល់​ឲ្យ​យើង នូវ​សេរីភាព​ដ៏​អស្ចារ្យ ដែល​​ជួយ​យើង ឲ្យ​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ ដល់​អ្នក​ជឿ​ដទៃ​ទៀត​ជា​ដើម។ យើង​អាច​ប្រើ​សេរីភាព​នោះ ដើម្បី​ចាត់​ទុក​តម្រូវ​ការ​របស់​អ្នក​ដទៃ ​សំខាន់​ជាង​បំណង​ចិត្ត​របស់​យើង ហើយ​អនុវត្ត​នូវ​ការ​អ្វី ដែល​មិន​ប្រាស​ចាក​សេចក្តី​ពិត​សំខាន់​ៗ ដែល​មាន​ក្នុង​ដំណឹង​ល្អ​(ខ.២០)។—Leslie Koh

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles