រស់នៅដើម្បីបម្រើ

បន្ទាប់​ពី​ឈែលស៊ី(Chelsea) ដែល​ជា​ក្មេង​អាយុ​១០​ឆ្នាំ បាន​ទទួល​សម្ភារៈ​សម្រាប់​គូរ​គំនូរ នាង​ក៏​បាន​រក​ឃើញ​ថា ព្រះ​ទ្រង់​បាន​ប្រើ​សិល្បៈ ដើម្បី​ជួយ​ឲ្យ​នាង​មាន​អារម្មណ៍​ល្អ​ជាង​មុន ពេល​ណា​នាង​ពិបាក​ចិត្ត។ ពេល​ដែល​នាង​រក​ឃើញ​ថា មាន​ក្មេង​ខ្លះ មិន​មាន​សម្ភារៈ​សម្រាប់​គូរ​គំនូរ​ នាង​ចង់​ជួយ​ពួក​គេ។ ដូច​នេះ ដល់​ពេល​ថ្ងៃ​កំណើត​របស់​នាង​មក​ដល់ នាង​បាន​សុំ​មិត្ត​ភក្តិ​នាង មិន​ឲ្យ ទិញ​កាដូ​ឲ្យ​នាង​ឡើយ។ ផ្ទុយ​ទៅ​វិញ នាង​ក៏​បាន​អញ្ជើញ​ពួក​គេ​ឲ្យ​បរិច្ចាគ​សម្ភារៈ​សម្រាប់​គូរ​គំនូរ និង​ដាក់​អំណោយ​ចូល​ក្នុង​ប្រអប់ សម្រាប់​ក្មេង​ក្រីក្រ។​

ក្រោយ​មក ដោយ​មាន​ជំនួយ​ពី​គ្រួសារ​របស់​នាង នាង​ក៏​បាន​បង្កើត​ការងារ​មនុស្ស​ធម៌ ឆេលស៊ី។ នាង​ក៏​បាន​ចាប់​ផ្តើម ស្នើ​មនុស្ស​កាន់​តែ​ច្រើន ឲ្យ​ជួយ​ស្វែង​រក​អំណោយ​ដាក់​ចូល​ក្នុង​ប្រអប់​របស់​នាង ដើម្បី​ឲ្យ​នាង​អាច​ជួយ​ក្មេង​កាន់​តែ​ច្រើន។ នាង​ថែម​ទាំង​បាន​បង្រៀន​គន្លឹះ​គូរ​គំនូរ ដល់​ក្រុម​ដែល​បាន​ទទួល​ប្រអប់​អំណោយ​របស់​នាង។ បន្ទាប់​ពី​កាសែត​មួយ ប្រចាំ​តំបន់ បាន​សម្ភាស​ឈែលស៊ី មនុស្ស​នៅ​ទូទាំង​ប្រទេស​​ក៏​បាន​ចាប់​ផ្តើម​បរិច្ចាគ​សម្ភារៈ​សម្រាប់​គូរ​គំនូរ។ ខណៈ​ពេល​ដែល​ការងារ​មនុស្ស​ធម៌ ឆេលស៊ី​បន្ត​ផ្ញើ​សម្ភារៈ​សម្រាប់​គូរ​គំនូរ ទៅ​ក្រៅ​ប្រទេស ក្មេង​ស្រី​ម្នាក់​នេះ​កំពុង​តែ​បង្ហាញ​ឲ្យ​គេ​ដឹង អំពី​របៀប​ដែល​ព្រះ​ទ្រង់​ប្រើ​យើង ពេលណា​យើង​ស្ម័គ្រ​ចិត្ត​រស់​នៅ ដើម្បី​បម្រើ​អ្នក​ដទៃ។

ក្តី​អាណិត និង​ការ​ស្ម័គ្រ​ចិត្ត​របស់​ឈែលស៊ី ក្នុង​ការ​ចែក​រំលែក បាន​ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ។ សាវ័ក​ពេត្រុស​បាន​លើក​ទឹក​ចិត្ត​អ្នក​ជឿ​ទាំង​អស់ ឲ្យ​ធ្វើ​ជា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់ ខណៈ​ពេល​ដែល​ពួក​គេ “ស្រឡាញ់​គ្នា​អស់​ពី​ចិត្ត” ដោយ​ចែក​រំលែក​ធនធាន និង​ប្រើ​អំណោយ​ទាន ដែល​ព្រះ​បាន​ប្រទាន​ពួក​គេ(១ពេត្រុស ៤:៨-១១)។

សកម្មភាព​នៃ​ក្តី​ស្រឡាញ់​ដ៏​តូច​របស់​យើង អាច​បណ្តាល​ចិត្ត​អ្នក​ដទៃ ឲ្យ​ចូល​រួម​ជា​មួយ​យើង នៅ​ក្នុង​ការ​ចែក​រំលែក។ ព្រះ​ទ្រង់​អាច​នាំ​អ្នក​គាំ​ទ្រ​យើង ឲ្យ​បម្រើ​ជា​មួយ​យើង។ ខណៈ​ពេល​ដែល​យើង​ពឹង​ផ្អែក​លើ​ព្រះ យើង​អាច​រស់​នៅ ដើម្បី​បម្រើ និង​ថ្វាយ​សិរីល្អ ដែល​ព្រះ​អង្គ​សក្តិសម​នឹង​ទទួល។​—Xochitl Dixon

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles