ឡេសា(Leisa) ចង់​ស្វែង​រក​វិធី​តុប​តែង ឲ្យ​មាន​ភាព​ស្រស់​ថ្លា​ឡើង ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​មាន​ការ​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​ហាឡូវីន។ ការ​តុប​តែង​ជា​ច្រើន នៅ​រដូវ​ស្លឹក​ឈើ​ជ្រុះ ដែល​នាង​បាន​ឃើញ ហាក់​ដូច​ជា​អបអរ​សេចក្តី​ស្លាប់ ជួន​កាល តាម​របៀប​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល និង​តក់​ស្លត់។

ឡេសា​ក៏​បាន​ប្តេជ្ញា​ចិត្ត​ប្រឆាំង​នឹង​ភាព​ងងឹត​នោះ ដោយ​មធ្យោបាយ​តូច​ៗ ដោយ​ចាប់​ផ្តើម​សរសេរ អំពី​រឿង​ដែល​នាង​ចង់​អរ​ព្រះ​គុណ​ព្រះ ដោយ​ប្រើ​ហ្វឺត​សរសេរ​ជាប់ នៅ​លើ​ផ្លែ​ល្ពៅ​មួយ។ ពន្លឺ​ថ្ងៃ​គឺ​ជា​ចំណុច​ទី​មួយ ដែល​នាង​ចង់​អរ​ព្រះ​គុណ​ព្រះ បន្ទាប់​មក នាង​ក៏​បាន​សរសេរ​ឈ្មោះ​ភ្ញៀវ​ដែល​មក​លេង​ផ្ទះ​នាង។ ត្រង់​ចំណុច​ខ្លះ​មាន​លក្ខណៈ​គួរ​ឲ្យ​អស់​សំណើច។ ចំណុច​ខ្លះ​ទៀត មាន​លក្ខណៈ​ជាក់​ស្តែង ដែល​មាន​ដូច​ជា ការ​អរ​ព្រះ​គុណ​សម្រាប់​ផ្ទះ​ដ៏​កក់​ក្តៅ ឡាន​ដែល​ដំណើរ​ការ។ ចំណុច​ខ្លះ​មាន​ភាព​ក្រៀម​ក្រំ ដោយ​នាង​បាន​សរសេរ​ឈ្មោះ​អ្នក​ដែល​បាន​លាចាក​លោក​ហើយ។ ដូចនេះ ពាក្យ​អរ​ព្រះ​គុណ​ដែល​នាង​បាន​សរសេរ ក៏​បាន​ហ៊ុម​ព័ទ្ធ​ផ្លែ​ល្ពៅ​នោះ គឺ​ជា​ការ​តុប​តែង​ដ៏​មាន​ន័យ សម្រាប់​រដូវ​ស្លឹក​ឈើ​ជ្រុះ​ឆ្នាំ​នោះ។

បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក​១០៤ បាន​ផ្តល់​ឲ្យ​នូវ​គំរូ​នៃ​ការ​សរសេរ​ដំកើង​ព្រះ សម្រាប់​ការ​អ្វី​ដែល​យើង​ងាយ​នឹង​មើល​រំលង។ គឺ​ដូច​ដែល​អ្នក​និពន្ធ​បាន​បន្លឺ​សម្លេង​ច្រៀង​ថា “ទ្រង់​ធ្វើ​ឲ្យ​មាន​ក្បាល​ទឹក​ផុះ​ឡើង​នៅ​ក្នុង​ច្រក​ភ្នំ ទឹក​នោះ​ហូរ​នៅ​កណ្តាល​ភ្នំ”(ខ.១០)។ ​”ទ្រង់​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សំរាប់​សត្វ ហើយ​បន្លែ​សំរាប់​មនុស្ស”(ខ.១៤)។ ហើយ​ព្រះ​អង្គ​ថែម​ទាំង​បាន​ធ្វើ​ឲ្យ​ពេល​យប់ មាន​ភាព​ល្អ និង​សក្តិសម​ផង​ដែរ។ “ទ្រង់​ធ្វើ​ឲ្យ​ងងឹត នោះ​គឺ​ជា​យប់​ហើយ ជា​ពេល​ដែល​គ្រប់​ទាំង​សត្វ​នៅ​ព្រៃ​រមែង​ចេញ​មក”(ខ.២០)។ ប៉ុន្តែ បន្ទាប់​មក ថ្ងៃ​ក៏​បាន​រះ​ឡើង មនុស្ស​ក៏​ចេញ​ទៅ​ធ្វើ​ការ រហូត​ដល់​ពេល​ល្ងាច​(ខ.២២-២៣)។ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង ក៏​បាន​សន្និដ្ឋាន​ថា “កាល​ទូលបង្គំ​មាន​នៅៗ​ឡើយ នោះ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ​នៃ​ទូលបង្គំ”(ខ.៣៣)។

ក្នុង​ពិភព​លោក ដែល​មិន​ដឹង​អំពី​របៀប​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ សូម្បី​តែ​ការ​ថ្វាយ​ការ​សរសើរ​ដំកើង​តែ​បន្តិច​បន្តួច ដល់​ព្រះ​អាទិករ ក៏​អាច​បង្ហាញ​ចេញ​នូវ​ក្តី​សង្ឃឹម​ដ៏​ចែង​ចាំង​ផង​ដែរ។—Tim Gustafson