យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ព្រះបានធ្វើសំរេចតាមសេចក្តីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ។ កិច្ចការ ១៣:៣២-៣៣
នៅឆ្នាំ១៩៤១ ការគ្រប់គ្រងរបស់លោកអ៊ីត្លែ បានវាតទីពាសពេញទ្វីបអឺរ៉ុប។ គេក៏បានសុំឲ្យលោកចន ស្តេនប៊ែក(John Steinbeck) ជាអ្នកនិពន្ធរឿងប្រលោមលោក ចូលរួមនៅក្នុងសង្រ្គាមប្រឆាំងលោកអ៊ីត្លែ។ គេមិនបានស្នើឲ្យគាត់ទៅប្រយុទ្ធ ឬទៅសួរសុខទុក្ខកងទ័ព នៅសមរភូមិនោះទេ។ ផ្ទុយទៅវិញ គេបានស្នើឲ្យគាត់និពន្ធរឿងមួយ។ ជាលទ្ធផល គាត់ក៏បាននិពន្ធរឿងប្រលោមលោកមានចំណងជើងថា ព្រះច័ន្ទបានធ្លាក់ចុះមកហើយ ដែលរឿងនេះនិយាយអំពីទឹកដីដ៏សុខសាន្ត តែត្រូវរបបដ៏អាក្រក់មួយឈ្លានពាន។ គេក៏បានបោះពុម្ពសៀវភៅរឿងគាត់ ដោយសម្ងាត់ ហើយក៏បានចែកផ្សាយពាសពេញបណ្តាប្រទេស ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោកអ៊ីត្លែ ដើម្បីផ្ញើសារទៅកាន់អ្នកអានទាំងឡាយថា ប្រទេសសម្ព័ន្ធមិត្តកំពុងតែមករំដោះហើយ ហើយអ្នកអានទាំងឡាយអាចស្វែងរកសេរីភាពរបស់ខ្លួន ដោយយកគំរូតាមតួអង្គក្នុងរឿងប្រលោមលោកនោះ។ តាមរយៈរឿង ព្រះច័ន្ទបានធ្លាក់ចុះមកហើយ លោកស្តេនប៊ែក បាននាំមកនូវដំណឹងល្អ ឲ្យប្រជាជន ក្រោមការគ្រប់គ្រងរបស់របបណាហ្ស៊ី បានដឹងថា ការរំដោះជិតមកដល់ហើយ។
ជនជាតិយូដា នៅសតវត្សរ៍ទី១ ស្ថិតក្រោមការគ្រប់គ្រងដ៏ព្រៃផ្សៃរបស់ចក្រភពរ៉ូម៉ាំង មិនខុសពីតួអង្គក្នុងរឿងរបស់លោកស្តេនប៊ែកនោះឡើយ។ ប៉ុន្តែ កាលប៉ុន្មានសតវត្សរ៍មុន ព្រះទ្រង់បានសន្យាថា នឹងចាត់ព្រះមែស៊ី ឲ្យមករំដោះពួកគេ និងនាំមកនូវសន្តិភាពសម្រាប់ពិភពលោក(អេសាយ ១១)។ ក្តីអំណរដ៏ពោរពេញបានកើតមាន ពេលដែលព្រះមែស៊ីបានយាងមកដល់! គឺដូចដែលសាវ័កប៉ុលបានមានប្រសាសន៍ថា “យើងខ្ញុំក៏ប្រាប់ដំណឹងល្អនេះ ដល់អ្នករាល់គ្នា គឺជាសេចក្តីសន្យា ដែលបានតាំងនឹងពួកឰយុកោយើងថា ព្រះបានធ្វើសំរេចតាមសេចក្តីសន្យាទ្រង់ ដល់យើងជាពូជនៃពួកឰយុកោនោះហើយ ដោយទ្រង់បានប្រោសឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញ ”(កិច្ចការ ១៣:៣២-៣៣)។ តាមរយៈការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវ និងការប្រទានការអត់ទោសបាប ការស្អាងលោកិយឡើងវិញ ក៏បានចាប់ផ្តើម(ខ.៣៨-៣៩ រ៉ូម ៨:២១)។
ចាប់តាំងពីពេលនោះមក រឿងរបស់ព្រះយេស៊ូវក៏បានលេចឮ នៅពាសពេញផែនដី ដោយនាំសន្តិភាព និងសេរីភាព នៅកន្លែងណាដែលគេស្តាប់រឿងរបស់ទ្រង់។ ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ។ ការរំដោះយើងឲ្យរួចពីអំពើបាប និងការអាក្រក់ បានចាប់ផ្តើម។ ក្នុងព្រះអង្គ យើងមានសេរីភាព។—Sheridan Voysey
ធៀបនឹងអ្នកដឹកនាំដទៃទៀត តើព្រះយេស៊ូវបាននាំសន្តិភាពចូលក្នុងពិភពលោក ដោយរបៀបណា? តើអ្នកអាចចូលរួមជាមួយទ្រង់ ក្នុងសប្តាហ៍នេះ ដោយរបៀបណា?
ឱព្រះយេស៊ូវ ព្រះអង្គជាមិត្តសំឡាញ់ពិត។ ទូលបង្គំសុំចុះចូលចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រះអង្គ។