ទ្រង់​នឹង​មាន​សេចក្តី​រីករាយ​អរ​សប្បាយ​ចំពោះ​ឯង ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង។ សេផានា ៣:១៧

មាន​សួន​ច្បារ​មួយ នៅ​ក្បែរ​មាត់​ទន្លេ មាន​សភាព​ស្ងប់​ស្ងាត់​នៅ​ពេល​រសៀល​ថ្ងៃ​សៅរ៍។ អ្នក​រត់​ហាត់​ប្រាណ​បាន​ឆ្លង​កាត់​ទីនោះ អ្នក​ស្ទូច​ត្រី​បោះ​ផ្លែ​សន្ទូច​ចុះ​ឡើង សត្វ​រំពេ​កំពុង​ដណ្តើម​ត្រី​គ្នា​ស៊ី ខណៈ​ពេល​ដែល​មនុស្ស​ដែល​អង្គុយ​លេង​នៅ​ក្នុង​សួន​ច្បារ​កំពុង​ហែក​កញ្ចប់​នំ​ដំឡូង​បន្ទះ​បរិភោគ។ ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​ក៏​បាន​អង្គុយ​មើល​ប្តី​ប្រពន្ធ​មួយ​គូរ។ ពួក​គេ​មាន​សម្បុរ​ខ្មៅ ប្រហែល​មាន​អាយុ​ជិត​៥០​ឆ្នាំ​ហើយ​។ ខាង​ស្រី​អង្គុយ​មើល​ភ្នែក​របស់​ខាង​ប្រុស ខណៈ​ពេល​ដែល​គាត់​ច្រៀង​ឲ្យ​នាង​ស្តាប់ នូវ​បទ​ចម្រៀង​ស្នេហា ជា​ភាសា​របស់​គាត់ ដែល​ខ្យល់​បាន​បក់​នាំ​សំនៀង​របស់​គាត់​ឲ្យ​យើង​ទាំង​ពីរ​បាន​ឮ​ផង​ដែរ។

សកម្មភាព​ដ៏​រីករាយ​នេះ បាន​នាំ​ឲ្យ​ខ្ញុំ​គិត​ដល់​កណ្ឌ​គម្ពីរ​សេផានា។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ហេតុ​អ្វី? នៅ​សម័យ​ហោរា​សេផានា រាស្រ្ត​របស់​ព្រះ​បាន​ប្រែ​ជា​ពុករលួយ ដោយ​ការ​ថ្វាយ​បង្គំ​ព្រះ​ក្លែងក្លាយ(១:៤-៥) ហើយ​ពួក​ហោរា និង​ពួក​សង្ឃ​របស់​សាសន៍​អ៊ីស្រាអែល មាន​ភាព​ក្រអឺត​ក្រទម និង​បង្អាប់​ដល់​ទី​បរិសុទ្ធ(៣:៤)។ ក្នុង​កណ្ឌ​គម្ពីរ​នេះ លោក​សេផានា​ភាគ​ច្រើន ប្រកាស​អំពី​ការ​ជំនុំ​ជម្រះ​របស់​ព្រះ ដែល​មិន​គ្រាន់​តែ​ធ្លាក់​មក​លើ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​មក​លើ​ប្រជាជាតិ​ទាំង​អស់​នៅ​លើ​ផែនដី​ផង​ដែរ(ខ.៨)។

តែ​លោក​សេផានា​ក៏​បាន​ទទួល​ការ​បើក​សម្តែង​ឲ្យ​ឃើញថា ​រាស្រ្ត​របស់​ព្រះ ដែល​ស្រឡាញ់​ព្រះ​អស់​ពី​ចិត្ត នឹង​លេច​ឡើង នៅ​ក្នុង​សម័យ​ដ៏​ខ្មៅ​ងងឹត​នោះ(ខ.៩-១៣)។ ចំពោះ​អ្នក​ទាំង​នោះ ព្រះ​ទ្រង់​ប្រៀប​ដូច​ជា​កូន​កំឡោះ ដែល​មាន​ព្រះ​ទ័យ​អរសប្បាយ ចំពោះ​កូន​ក្រមុំ​ជា​ទីស្រឡាញ់​របស់​ព្រះ​អង្គ។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ទ្រង់​នឹង​សំរាក​ក្នុង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ក៏​នឹង​អរ​សប្បាយ​នឹង​ឯង ដោយ​សំឡេង​ច្រៀង”(ខ.១៧)។

ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ ព្រះ​វរបិតា អ្នក​ខ្លាំង​ពូកែ និង​ជា​ចៅក្រម។ ព្រះ​គម្ពីរ​បាន​បង្ហាញ​ថា ព្រះ​ទ្រង់​មាន​ងារ​ជា​ច្រើន។ ប៉ុន្តែ ក្នុង​ចំណោម​យើង តើ​មាន​នរណា​ខ្លះ​ដែល​បាន​មើល​ឃើញ​ព្រះ​អង្គ ជា​អ្នក​ចម្រៀង ដែល​អរសប្បាយ​នឹង​យើង ដោយ​ច្រៀង​បទ​ចម្រៀង​នៃ​ក្តី​ស្រឡាញ់?—Sheridan Voysey

តាម​ធម្មតា តើ​អ្នក​មាន​ការ​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ព្រះ តើ​មើល​ឃើញ​ព្រះ​អង្គ​ជា​ព្រះ​អាទិករ ព្រះ​វរបិតា អ្នក​ខ្លាំង​ពូកែ ឬ​អ្វី​ផ្សេង​ទៀត? តើ​ជីវិត​របស់​អ្នក​អាច​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ណា នៅ​ពេល​ដែល​អ្នក​ដឹង​ថា ព្រះ​អង្គ​ស្រឡាញ់​អ្នក?

ឱ​ព្រះ​អម្ចាស់ ទូល​បង្គំ​សូម​អរ​ព្រះ​គុណ​សម្រាប់​ការ​ស្រឡាញ់​ទូល​បង្គំ ហើយ​អរ​សប្បាយ​ចំពោះ​ទូល​បង្គំ ដោយ​សម្លេង​ចម្រៀង។​

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ចោទិយកថា ១៧-១៩ និង ម៉ាកុស ១៣:១-២០